
ការចុះ MoU រវាងអ្នកស្រី Nik Yazmin Nik Azman ជាមួយលោក Raymond Sia Say Guan។ ហ៊ឹន ពិសី
ភ្នំពេញៈ ធនាគារកាណាឌីយ៉ា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) ដើម្បីផ្តល់ឲ្យអតិថិជនរបស់ធនាគារនេះនូវសេវាទេសចរណ៍សុខាភិបាលដ៏គួរឱ្យទាក់ទាញនៅក្នុងប្រទេសម៉ាឡេស៊ី។
អ្នកស្រី Nik Yazmin Nik Azman នាយិកាផ្នែកប្រតិបត្តិការនៃ MHTC បានឲ្យដឹងថា តាមរយៈការចុះ MoU នេះ ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី នឹងផ្តល់នូវសេវាថែទាំសុខភាពដ៏ពិសេសដល់ប្រជាជនខ្មែរ ពិសេសអតិថិជនរបស់កាណាឌីយ៉ាដែលធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។
អ្នកស្រីបន្តថា បច្ចុប្បន្នក្រៅពីមានតំបន់ទេសចរណ៍ដ៏សម្បូរបែបដែលទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើនលាននាក់រៀងរាល់ឆ្នាំ សេវាសុខភាពនៅម៉ាឡេស៊ីក៏បាននិងកំពុងមានភាពល្បីល្បាញផងដែរ។
អ្នកស្រីថ្លែងថា៖ «យើងមានបំណងអញ្ជើញអ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពទាំងអស់ឲ្យមកទទួលយកនូវបទពិសោធសេវាកម្មថែទាំសុខភាពចាប់តាំងពីដើមដល់ចប់ប្រកបដោយផាសុកភាពនៅប្រទេសម៉ាឡេស៊ី»។
ទោះបីជាយ៉ាងណា អ្នកស្រីមិនបានលើកឡើងលម្អិតអំពីរបៀបនៃការផ្តល់សេវាសុខភាពដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះឡើយ។
ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី ជាទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើការថែរក្សាការពារស្ថានភាពទេសចរណ៍សុខាភិបាលរបស់ប្រទេស។ ដោយបង្កើតឡើងនៅឆ្នាំ ២០០៩ MHTC មានភារកិច្ចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលរបស់តួអង្គ និងអ្នកផ្គត់ផ្គង់សេវាកម្មនៅក្នុងវិស័យសុខាភិបាលតាមរយៈការជួយសម្របសម្រួល និងលើកកម្ពស់វិស័យទេសចរណ៍សុខាភិបាលម៉ាឡេស៊ីឱ្យមានការរីកចម្រើនស្ថិតនៅក្រោមស្លាកសញ្ញា «វិស័យសុខាភិបាលម៉ាឡេស៊ី» ក្នុងគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅផ្ដល់សេវាកម្មថែទាំសុខភាពលំដាប់ពិភពលោកឈានមុខគេ។
លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ាបានលើកឡើងថា ក្រៅពីមានភារកិច្ចជួយការពារ និងថែរក្សាទ្រព្យសម្បត្តិអតិថិជន ធនាគារកាណាឌីយ៉ាតែងតែគិតគូរអំពីសុខភាពរបស់អតិថិជនជានិច្ច។
លោកថ្លែងថា៖ «ធនាគារកាណាឌីយ៉ា ពិតជារីករាយក្នុងការធ្វើជាដៃគូជាមួយនឹងវិស័យសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវកញ្ចប់សេវាកម្មទេសចរណ៍សុខាភិបាលប្រកបដោយគុណភាពខ្ពស់»។
លោកបានបន្តថា ក្នុងនាមជាធនាគារឈានមុខមួយនៅកម្ពុជា ធនាគារកាណាឌីយ៉ាបានចូលរួមចំណែកជំរុញការលើកកម្ពស់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព ហើយជឿថាប្រទេសម៉ាឡេស៊ីមានការផ្ដល់ជូននូវសេវាកម្មថែទាំសុខភាពដ៏សម្បូរបែបតាមរយៈជំនាញផ្នែកវេជ្ជសាស្ត្រដ៏ល្បីលំដាប់អន្តរជាតិ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប គួបផ្សំជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាដែលអញ្ជើញចូលរួមនៅក្នុងពិធីចុះ MoU នេះបានថ្លែងថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ី គឺជាកន្លែងដែលមានសេវាសុខភាពឈានមុខគេលើពិភពលោក។ លោកថ្លែងថា៖ «Mou នេះនឹងជួយបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងប្រទេសម៉ាឡេស៊ី»។
លោកបន្តថា បច្ចុប្បន្នមានអ្នកវិនិយោគម៉ាឡេស៊ីជាច្រើនកំពុងបណ្តាក់ទុននៅកម្ពុជា ខណៈចំនួនភ្ញៀវទេសចររវាងប្រទេសទាំង ២ មានចំនួនកើនឡើងជាបន្តបន្ទាប់។
ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងនាមជាប្រទេសដែលមានភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើនជាងគេ ដោយក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ មានចំនួន ១៣៨ ៣៧១ នាក់ កើនឡើងចំនួន ២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានចំនួន ១៣៥ ៣០១ នាក់។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍៕ LA