ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​នឹង​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សេវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​ដែល​ជា​ផ្នែក​មួយ​នៃ​ការលើក​កម្ពស់​សេវា​ដឹក​អ្នកដំណើរ​សាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្ត្រី បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​បាន​ ៣ ​ថ្ងៃ​។

ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សេវាកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​នេះ គឺ​ចេញ​ពី​តំបន់​ឫស្សីកែវ​ឆ្ពោះ​ទៅ​កាន់​ក្រុង​តាខ្មៅ​។

កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​ ៤ ដែល​កាណូត​នីមួយៗ​អាច​ផ្ទុក​មនុស្ស​បាន​ ៦០ ​នាក់​នេះ​បាន​បើក​ដំណើរការ​សាកល្បង​ចាប់​តាំងពី​ថ្ងៃទី​ ៦ ខែ​មេសា ដោយ​មិន​គិត​ថ្លៃ​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ ភ្នំពេញ-ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​ក្រសួង​ធ្វើការ​សហការ​ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ បង្កើត​នូវ​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​នេះ​ឡើង​។

សេវាកម្ម​ដឹក​អ្នក​ដំណើរ​ដែល​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​នេះ​ចេញ​ដំណើរ​ពី​ចំណត​ខណ្ឌ​ឫស្សីកែវ​ទៅ​ក្រុង​តាខ្មៅ និង​ពី​ក្រុង​តាខ្មៅ​ឆ្ពោះ​មក​ខណ្ឌ​ឫស្សីកែវ​វិញ​។

លោក​បន្ត​ថា​សេវាកម្ម​នេះ​នឹង​ត្រូវ​តភ្ជាប់​ទៅ​ដល់​ព្រែកព្នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ ខណៈ​ពេល​នេះ​អាជ្ញាធរ​កំពុង​ស្វែងរក​ទីតាំង​ដើម្បី​សាងសង់​ផែ​។

លោក​ថ្លែង​ថា​៖ «​កាណូត​របស់​យើង​បាន​ធ្វើ​ដំណើរ​រៀងរាល់​ថ្ងៃ​ដោយ​ចំណាយពេល​ប្រហែល​ ៤០ ​នាទី​ពី​ឫស្សីកែវ​ទៅ​ក្រុង​តាខ្មៅ​។ ការធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​នឹង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​បាន​មួយ​កម្រិត​»​។

បើ​ទោះ​យ៉ាង​នេះ​ក្តី​ចាប់​តាំងពី​ដាក់​ឲ្យ​ដំណើរការ​មក​ហាក់​មិន​សូវ​មាន​អ្នក​ដំណើរ​ច្រើន​ទេ ដោយ​មាន​អ្នក​ដំណើរ​ជា​មធ្យម​ត្រឹម​ជាង​ ១០​ ​នាក់​ប៉ុណ្ណោះ​ក្នុង​ការ​ជិះ​ ១ ​លើក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​បុគ្គលិក​ម្នាក់​ដែល​បម្រើការ​នៅ​ចំណត​ផ្សារ​ចាស់​។

បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កំពុង​ជំរុញ​ការប្រើប្រាស់​សេវា​ដឹក​អ្នក​ដំណើរ​សាធារណៈ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​មាន​សេវា​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ និង​រថភ្លើង​ពី​ស្ថានីយ​រាជាយស្ម័យយាន​ភ្នំពេញ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាដើម​។

អ្នកស្រី ចាន់ ចរិយា វ័យ​ ៤០ ​ឆ្នាំ​ដែល​កំពុង​អង្គុយ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ចំណត​ក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ម្សិលមិញ​បាន​ប្រាប់ថា អ្នកស្រី​តែង​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ទៅ​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ​។

អ្នកស្រី​បន្ត​ថា​៖ «​បើ​ទោះបី​ជា​ការធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ត្រូវ​ចំណាយពេល​យូរ តែ​មាន​សុវត្ថិភាព និង​មិន​ចំណាយ​ប្រាក់​ច្រើន​នោះ​ទេ​»​។

បន្ទាប់ពី​បើក​ឲ្យ​ដំណើរការ​ជាផ្លូវការ​កាលពី​ចុង​ឆ្នាំ​ ២០១៥ បច្ចុប្បន្ន​រថយន្តក្រុង​របស់​រដ្ឋាករស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​មាន​ខ្សែ​រត់​ចំនួន​ ៨ ក្នុង​ការ​ភ្ជាប់​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ចេញ​ទៅ​ផ្លូវជាតិ​ទាំង​ ៦ ​ចាប់ពី​ម៉ោង​ ៥:៣០ ​នាទី​រហូត​ដល់​ម៉ោង​ ២០:៣០ ​នាទី​ជា​រៀងរាល់​ថ្ងៃ​ជាមួយ​នឹង​រថយន្ត​ ១៥៥ ​គ្រឿង ដោយ​មាន​មនុស្ស​ជិះ​ជាង​ ២ ​ម៉ឺន​នាក់​ក្នុង​ ១ ​ថ្ងៃ​៕