ក្រុងដូហាៈ ប្រព័ន្ធ​ព័ត៌មាន​រដ្ឋ​កាតា​បាន​រាយការណ៍​ថា ប្រទេស​កាតា​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ផ្ដល់​ការអនុញ្ញាត​ស្នាក់នៅ​ដល់​ក្រុម​វិនិយោគិន​បរទេស​ជា​លើកដំបូង​ដែល​នេះ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ចុងក្រោយ​បំផុត​ជា​បន្តបន្ទាប់​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Qatar News Agency របស់​ប្រទេស​នេះ​បាន​រាយការណ៍​ថា ជនបរទេស​ដែល​វិនិយោគ «​មូលធន​» ក្នុង​កម្រិត​មិន​ជាក់លាក់​មួយ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កាតា​នឹង​មាន​សិទ្ធិ​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុង​ប្រទេស​នេះ​រយៈពេល ៥ ​ឆ្នាំ​ដែល​អាច​បន្ត​ជាថ្មី​បាន​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សកម្ម​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​កាតា​ក៏​នឹង​មាន​សិទ្ធិ​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​នេះ​ផងដែរ​ស្ថិតក្រោម​ច្បាប់​ថ្មី​នេះ​។

កាលពី​មុន​ក្រុម​វិនិយោគិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ទទួល​បាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​របស់​កាតា ឬ​បុគ្គល​ជនជាតិ​កាតា​ដើម្បី​ទទួល​ការអនុញ្ញាត​ស្នាក់នៅ​។

វិធានការ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​មាន​វិបត្តិ​នយោបាយ​នៅក្នុង​ឈូង​សមុទ្រ​ពែក្ស ដោយ​ប្រទេស​កាតា​ស្ថិតក្រោម​ការធ្វើ​ពហិការ​សេដ្ឋកិច្ច និង​ការទូត​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ក្នុង​រយៈពេល ២ ​ឆ្នាំ​កន្លង​មក​នេះ​។

កាតា​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទី ​៣ ក្នុង​ឈូង​សមុទ្រ​ពែក្ស ក៏​បាន​ស្វែងរក​ប្រាក់​ចំណូល​ថ្មីៗ​ផងដែរ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ឱនភាព​ថវិកា​ដោយសារ​តែ​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៤ មក​។

កាលពី​ខែ​មករា ឆ្នាំ​ ២០១៨ ប្រទេស​កាតា​ដែល​សម្បូរ​ឧស្ម័ន​បាន​ប្រកាស​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការវិនិយោគ​កាន់កាប់ ១០០ ភាគរយ​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​នៅក្នុង​វិស័យ​ភាគច្រើន​នៃ​សេដ្ឋកិច្ច​ក្នុង​គោលបំណង​បង្កើន​ប្រាក់​ចំណូល​ពី​វិស័យ​មិនមែន​ថាមពល​។

កាលពី​មុន​ក្រុម​វិនិយោគិន​បរទេស​អាច​គ្រប់គ្រង​កម្មសិទ្ធិ​ត្រឹមតែ ៤៩ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​លើ​ផ្សារហ៊ុន​របស់​ប្រទេស​កាតា​។

ការកែទម្រង់​កាលពី​ថ្ងៃ​ចន្ទ​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​ប្រទេស​កាតា​ដែល​ជា​ប្រទេស​នាំចេញ​ឧស្ម័ន​ធម្មជាតិ​ឈានមុខ​គេ​របស់​ពិភពលោក ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ថ្មី​ចាប់​តាំងពី​វិបត្តិ​ឈូង​សមុទ្រ​ពែក្ស​បាន​កើតមាន​ឡើងមក​។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប្រទេស​អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និង​អេហ្ស៊ីប បាន​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​កាតា​កាលពី​ឆ្នាំ​ ២០១៧ ដោយ​ចោទប្រកាន់​ប្រទេស​នេះ​ពី​បទ​ជាប់ទាក់ទង​នឹង​ក្រុម​ជ្រុលនិយម និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ដ៏ជូរចត់​ក្នុង​តំបន់​របស់​ទីក្រុង​រីយ៉ាដ​។

ប៉ុន្តែ​ទីក្រុង​ដូហា​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​៕ LA