ទីក្រុងដូហាៈ ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways នៃ​ប្រទេស​កាតា​ បាន​ឲ្យ​ដឹងថា ខ្លួន​នឹងមិន​ទិញ​យន្តហោះ​ថ្មី​នៅ​ឆ្នាំ​ ២០២០ និង ២០២១ នោះទេ ដោយ​ពន្យារ​ការបញ្ជាទិញ​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing របស់​អាមេរិក និង Airbus របស់​អឺរ៉ុប​។

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរ្ស៍​ដែល​ហោះហើរ​ទៅកាន់​គោលដៅ​ជាង​ ១៧០ ដែលមាន​យន្តហោះ​សរុប​ ២៣៤ គិត​ត្រឹម​ខែមីនា​បាន​ទទួល​រង​ដោយសារ​ការបិទ​អាកាសយានដ្ឋាន​ និង​ការហាមឃាត់​ការធ្វើ​ដំណើរ​ដែល​ត្រូវបាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូវីដ​ ១៩​។

សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​បាន​ឲ្យ​ដឹង​កាលពី​ខែមេសា​ថា ចរាចរណ៍​ផ្លូវអាកាស​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​នឹង​ធ្លាក់ចុះ​ជាង​​ពាក់កណ្តាល​ក្នុងឆ្នាំនេះ​។

លោក Akbar al-Baker នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ Qatar បាន​ប្រាប់ថា​៖ «​យើង​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ទាំង​ ២ ​គឺ Boeing និង Airbus រួចហើយ​ថា យើង​នឹងមិន​ទទួល​យក​យន្តហោះ​ណាមួយ​ក្នុង​ឆ្នាំ​នេះ​ ឬ​ឆ្នាំក្រោយ​នោះទេ​»​។

លោក​បន្តថា​៖ «​រាល់​យន្តហោះ​ផ្សេងទៀត​ដែល​យើង​បាន​បញ្ជា​ទិញ ដែល​ត្រូវបាន​រំពឹង​ជញ្ជូន​មក​ឲ្យ​យើង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ ឬ​ ៣ ​ឆ្នាំ​ខាងមុខ​នោះ ពេលនេះ​នឹង​ត្រូវ​ពន្យារ​រហូត​ដល់​រយៈពេល​យូរ​ជិត​ ៨ ​ទៅ​ ១០ ​ឆ្នាំ​»​។

លោក​និយាយ​ថា ប្រសិនបើ​ចរាចរណ៍​កើនឡើង​ដល់​កម្រិត​ខ្ពស់ជាង​ការរំពឹង​ទុក​យន្តហោះ​ដែល​ត្រូវបាន​ពន្យារ​អាច​ត្រូវបាន​ទទួល​យក​មកវិញ​ឆាប់​។

ក្រុមហ៊ុន​នេះ​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខ្លួន​កំពុងតែ​បម្រើការ​ហោះហើរ​ដល់​គោលដៅ​សំខាន់ៗ​ប្រហែល​ ៤០ ​ប៉ុណ្ណោះ​។

ក្រុមហ៊ុន​អាកាសចរណ៍ Qatar កំពុង​ប្រឹង​ជម្នះ​រួច​ជាស្រេច​ទៅហើយ​ចំពោះ​អស្ថិរភាព​ហិរញ្ញវត្ថុ​ដែល​បានបង្ហាញ​ពី​ការខាតបង់​ ៦៣៩ ​លាន​ដុល្លារ​រយៈពេល​ ១ ​ឆ្នាំ​ដល់​ខែ​មីនា ឆ្នាំ​ ២០១៩៕ RR