ក្រុងអង់ការ៉ាៈ មន្ដ្រី​របស់​ប្រទេស​តួកគី​ឲ្យ​ដឹង​ថា​ប្រទេស​កាតា​បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​ថា​នឹង​វិនិយោគ​ទឹកប្រាក់ ១៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​តួកគី ដែល​រង​ផលប៉ះពាល់​យ៉ាង​អាក្រក់​ដោយសារ​វិបត្តិ​រូបិយប័ណ្ណ​ក្នុង​គ្រា​ដែល​មាន​ការជាប់គាំង​ផ្នែក​ការទូត​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​អាមេរិក​។

លោក Ibrahim Kalin អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី​បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា​៖ «​ប្រទេស​កាតា​បាន​សន្យា​វិនិយោគ​ផ្ទាល់​ទឹកប្រាក់ ១៥ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​តួកគី​»​។

លោក​ថ្លែង​ថា​៖ «​ទំនាក់ទំនង​តួកគី និង​កាតា​បាន​ពឹង​ផ្អែក​លើ​មូលដ្ឋាន​ដ៏រឹងមាំ​នៃ​មិត្តភាព និង​សាមគ្គីភាព​ពិតប្រាកដ​»​។

សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក Tamim bin Hamad Al-Thani មេដឹកនាំ​របស់​ប្រទេស​កាតា​បាន​ពិភាក្សា​ក្នុង​ពេល​បរិភោគ​អាហារ​ថ្ងៃត្រង់​ជាមួយ​នឹង​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​តួកកី Anadolu បាន​រាយការណ៍​ថា​លោក Erdogan បាន​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ និង​ប្រជាជន​របស់​កាតា​សម្រាប់​ «​ការគាំទ្រ​តួកគី​»​។

លោក​បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​ជាមួយ​ប្រទេស​កាតា​ដែល​លោក​បាន​ហៅថា​ជា «​ប្រទេស​មិត្តភាព និង​ជា​បងប្អូន​» នឹង​ត្រូវ​បាន​ជំរុញ​នៅក្នុង​វិស័យ​ជាច្រើន​។

លោក Berat Albayrak រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​តួកគី​ដែល​ជា​កូនប្រសា​របស់​លោក Erdogan និង​លោក Ali Sharif Al-Emadi សមភាគី​របស់​លោក​មាន​វត្តមាន​នៅក្នុង​ការចរចា​នេះ​នៅក្នុង​ទីក្រុង​អង់ការ៉ា​។

ប្រទេស​តួកគី​បាន​រង​នូវ​ការភ្ញាក់ផ្អើល​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ថ្មីៗ​នេះ​ដោយ​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​តម្លៃ​រូបិយប័ណ្ណ​លីរ៉ា​របស់​ខ្លួន បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​បង្កើន​ ២ ​ដង​នៃ​ពន្ធ​នាំចូល​លើ​អាលុយមីញ៉ូម និង​ដែកថែប​សម្រាប់​ទីក្រុង​អង់ការ៉ា​។

វិធានការ​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​កើត​មាន​ជម្លោះ​ដែល​កំពុង​កើតឡើង ដោយសារ​ប្រទេស​តួកគី​កំពុង​ចាប់​ខ្លួន​គ្រូ​គង្វាល​សាសនា​អាមេរិក​កាលពី​ ២ ​ឆ្នាំ​មុន​។

ជា​ការ​ឆ្លើយតប​លោក Erdogan បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ទិញ​ទំនិញ​អេឡិចត្រូនិក​របស់​អាមេរិក ខណៈ​ដែល​ទីក្រុង​អង់ការ៉ា​បាន​បង្កើន​ពន្ធ​នាំចូល​ខ្ពស់​លើ​ទំនិញ​អាមេរិក​មួយ​ចំនួន​។

ភាព​ចលាចល​បាន​បង្កើន​ការបារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច​នៅពេល​ឆាប់ៗ​នៅក្នុង​ប្រទេស​តួកគី និង​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រកាសអាសន្ន​ថា ក្រុម​វិនិយោគិន​បរទេស​នៅក្នុង​ប្រទេស​នេះ​រួម​ទាំង​ប្រទេស​កាតា​អាច​ត្រូវ​រងផលប៉ះពាល់ ដោយសារ​លទ្ធផល​នេះ​។

ប្រទេស​តួកគី និង​កាតា​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​បំផុត​របស់​អាមេរិក​បាន​ក្លាយ​ជា​ដៃគូ​សេដ្ឋកិច្ច និង​ដៃគូ​នយោបាយ​ជិតស្និទ្ធ​ក្នុង​ពេល​ថ្មីៗ​នេះ​។

តួលេខ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ខែ​មុន​ថា​ទីក្រុង​ដូហា​មាន​ការ​វិនិយោគ​ក្នុង​តម្លៃ ២០ ​ពាន់​លាន​ដុល្លារ​នៅ​តួកគី​ហើយ​ទីក្រុង​អង់ការ៉ា​ពេល​នេះ​បាន​ក្លាយ​ជា​ប្រទេស​នាំចេញ​មួយ​ក្នុង​ចំណោម​អ្នក​នាំចេញ​ឈាន​មុខ​គេ​ទៅ​កាតា​៕ LA