ភ្នំពេញៈ ប្រទេសកាតាមានបំណងបើកធានាគារនៅកម្ពុជាក្នុងគោលបំណងលើកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ និងដើម្បីទាក់ទាញពាណិជ្ជកម្មនិងការវិនិយោគពីបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាឲ្យកាន់តែច្រើន។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាលោក Jabor Ali Hussain Al-Dosseri ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជាដែលមានការិយាល័យនៅក្រុងបាងកកបានប្រាប់អំពីបំណងទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងបេសកកម្មរយៈពេលបីថ្ងៃនៅកម្ពុជាអំពីផែនការលើកកម្ពស់ទំនាក់ទំនងការទូតនិងសេដ្ឋកិច្ច។លោកថ្លែងថា៖ «ការបើកសាខាធនាគារថ្មីរបស់កាតាក្នុងប្រទេសកម្ពុជានឹងធ្វើឲ្យប្រសើរឡើងនូវវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះកាន់តែខ្លាំងនិងមានការប្រកួតប្រជែងថែមទៀត»។
លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យដឹងថា ទោះបីមានធនាគារច្រើនកំពុងតែប្រតិបត្តិការនៅកម្ពុជាក៏ដោយក៏លោកនៅតែស្វាគមន៍ការបើកសាខាធនាគារថ្មីរបស់កាតាដែរ។
លោក Jabor Ali Hussain Al-Dosseri បានជំរុញប្រទេសទាំងពីរឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារវិនិយោគិនដើម្បីឲ្យពួកគេមានជំនឿទុកចិត្ត។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថារហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានធនាគារមកពីមជ្ឈិមបូព៌ាទេហើយលោកស្រីត្រូវការពិនិត្យជាមួយនាយកដ្ឋានផ្ដល់អាជ្ញាប័ណ្ណថាតើមានការចាប់អារម្មណ៍ណាមកពីមជ្ឈិមបូព៌ាដែរឬទេ? លោកស្រីបន្តថាជាទូទៅច្រកចូលថ្មីនឹងពឹងទៅលើថាតើគេផ្ដល់តម្លៃដល់វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែរឬទេ?
លោកស្រីបន្តថា៖ «គោលនយោបាយធនាគារកណ្ដាល គឺដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាហិរញ្ញវត្ថុដល់អតិថិជនប៉ុន្តែជាមួយគ្នានេះយើងគិតពីការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដូច្នេះបើមានការចូលថ្មីអាចបម្រើវិស័យសេដ្ឋកិច្ចបានល្អនិងផ្ដល់ការប្រកួតប្រជែងដោយយុត្តិធម៌នោះយើងនឹងទទួលយក»។លោកស្រីបន្តទៀតថាបើការនាំចូលនេះមានហានិភ័យដល់ប្រព័ន្ធធនាគារពួកគេមិនត្រូវបានលើកទឹកចិត្តឲ្យចូលមកទេ។
លោក Grant Knucky អគ្គនាយកធនាគារ ANZ Royal និយាយថាលោកមិនបានដឹងអំពីកំណើនវិនិយោគពីមជ្ឈិមបូព៌ា ក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជាទេ មានតែក្នុងវិស័យកសិកម្មប៉ុណ្ណោះ។ លោកថ្លែងថា៖ «ខ្ញុំមិនបានធ្វើការសង្កេតលើការវិនិយោគពិសេសណាមួយមកពីមជ្ឈិមបូព៌ាមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាតាមការសង្កេតខ្ញុំអាចនិយាយថាវិស័យកសិកម្មមានរយៈពេលមធ្យមដែលអាចផ្ដល់ការទាក់ទាញជាងវិស័យធនាគារ»។
នៅក្នុងរយៈពេលបេសកកម្មនេះ លោក Jabor Ali Hussain Al-Dosseri បានជួបជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងមន្រ្តីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
ទិន្នន័យពីCDC មិនមានតួលេខវិនិយោគមកពីមជ្ឈិមបូព៌ាទេ។ទិន្នន័យពីក្រសួងទេសចរណ៍បានបង្ហាញថាភ្ញៀវទេសចរ១ ០៨២ នាក់មកពីមជ្ឈិមបូព៌ាមកទស្សនាកម្ពុជានៅ២០១២ បើធៀបនឹងឆ្នាំ២០១១មាន ៨៩១នាក់៕PB