ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍ កាតាអ៊ែរវ៉េ (Qatar Airways) នឹង​ដំណើរការ​ផ្លូវ​ហោះហើរ​ត្រង់​ថ្មី​មួយ​រវាង​ទីក្រុង​ដូហា ប្រទេស​កាតា និង​ខេត្តសៀមរាប ដើម្បី​ចាប់យក​សក្ដានុពល​ទេសចរណ៍​នៅ​ទីនោះ​ដែល​មន្ដ្រី​បាន​ឲ្យ​ដឹងថា ផ្លូវ​ហោះហើរ​ត្រង់នេះ​នឹង​រួមចំណែក​បង្កើន​ការមកដល់​ទេសចរ​បរទេស​ដែល​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី​ក្រុមហ៊ុន VINCI Airports ដែល​ទទួលបាន​សម្បទាន​អភិវឌ្ឍ​ព្រលាន​យន្តហោះ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ព្រលានយន្តហោះ Lyon-Saint Exupéry airport (​ប្រទេស​បារាំង​) និង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នឹង​ស្វាគមន៍​ផ្លូវ​ហោះហើរ​ត្រង់​ថ្មី​ទៅ​ទីក្រុង​ដូហា​របស់​ប្រទេស​កាតា​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា សេចក្ដីប្រកាស​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways នៅក្នុង​ពិព័រណ៍​អាកាសចរណ៍​នៅ​ប្រទេស​កូវ៉ែត​។ ផ្លូវ​ហោះហើរ​ទាំង​ ២ ​នេះ​នឹងត្រូវ​បម្រើ​ជើងហោះហើរ​មួយ​ប្រចាំ​សប្ដាហ៍​ ៥ ​ដង​ជាមួយ​នឹង​ទីក្រុង​លីយ៉ុង និង​ទីក្រុង​ដូហា​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា និង​សៀមរាប និង​ទីក្រុង​ដូហា​នៅ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន​បន្តថា​៖ «​ផ្លូវ​ហោះហើរ​ថ្មី​សៀមរាប​ដូហា​នឹង​បន្ត​បង្កើន​សម្ទុះ​ភ្ញៀវទេសចរ​មក​ប្រាសាទអង្គរវត្ត ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​»​។

លោក Alain Brun អគ្គនាយក​ក្រុមហ៊ុន Cambodia Airports ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ព្រលានយន្តហោះ​អន្តរជាតិ​ ៣ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ផ្លូវ​ហោះហើរ​ថ្មី​នេះ​នឹង​រួមចំណែក​ដល់​ឧស្សាហកម្ម​ទេសចរណ៍​នៅ​សៀមរាប និង​ផ្ដល់​ទិសដៅ​កាន់តែ​ច្រើន​នៃ​ជម្រើស​សម្រាប់​អ្នកដំណើរ​។

លោក​ថ្លែងថា​៖ «​សេវា​ថ្មី​នេះ​នឹង​រួមចំណែក​ក្នុងការ​បង្កើន​ជាថ្មី​ទិសដៅ​សៀមរាប​ដោយ​ការបង្កើន​ការតភ្ជាប់​បន្ថែមទៀត និង​ការផ្ដល់​ដល់​អ្នកដំណើរ​នូវ​ជម្រើស​ការធ្វើដំណើរ​កាន់តែច្រើន​»​។

លោក តុប សុភ័ក្ត អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ទន្ទឹម​នឹង​នេះ​ការមកដល់​ភ្ញៀវទេសចរ​បរទេស​មក​កាន់​សៀមរាប​បាន​ធ្លាក់ចុះ​ ១៥ ​ភាគរយ​ កាលពី​ឆ្នាំមុន ផ្លូវ​ហោះហើរ​ថ្មី​ដែល​តភ្ជាប់​ទៅ​ទីក្រុង​ដូហា​នឹង​ជាការ​រួមចំណែក​ផ្សេងទៀត​សម្រាប់​ការទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​ទិសដៅ​ថ្មី​នេះ​ច្បាស់​ណាស់​នឹង​ជួយ​ទាក់ទាញ​មិន​គ្រាន់តែ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការវិនិយោគ​ផងដែរ​។ វា​ក៏​ជួយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​អ្នកដំណើរ​ផងដែរ​»​។

កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ប្រហែល​ ៦,៧ ​លាន​នាក់​បាន​កើនឡើង​ ៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើយោង​តាម​ទិន្នន័យបឋម​បាន​ពី​លោក សុភ័ក្ដ​៕LA