ក្នុង​អំឡុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ តម្លៃ​មាស​បាន​បំបែក​នូវ​តម្លៃ ១ ៩២១ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​អោនស៍​ដែល​ជា​តម្លៃ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មាស​។ បច្ចុប្បន្ន​តម្លៃមាស​ក្នុង​ទីផ្សារ​កំពុងស្ថិត​នៅក្នុង​តម្លៃ ១ ៩៨៤ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​អោនស៍​។

បើ​សង្កេត​ទៅលើ​បម្រែបម្រួល​នៃ​គម្លាត​ថ្លៃ​នៃ​រូបិយប័ណ្ណ លោហធាតុ​មាន​តម្លៃ ប្រេងឆៅ សន្ទស្សន៍​ភាគហ៊ុន ព្រមទាំង​ផលិតផល​វិនិយោគ​ផ្សេងទៀត យើង​នឹង​ឃើញ​ថា ឱកាស​ដ៏មាន​តម្លៃ​ជាច្រើន​កំពុង​ត្រូវបាន​ទាញ​យក​ដោយ​វិនិយោគិន​ក្នុង​ទីផ្សារ​ឧបករណ៍​និស្សន្ទ​។ ជាក់ស្ដែង​ដូចដែល​បាន​ជ្រាប​ហើយ​ថា ករណី​កើនឡើង​នៃ​មេរោគ​កូវីដ​១៩ កំពុង​រុញច្រាន​ឲ្យ​មាន​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​។

ដោយឡែក​សម្រាប់​សហរដ្ឋ​អាមេរិក​ដែល​បច្ចុប្បន្ន​កំពុង​រង​នូវ​ផលប៉ះពាល់​ខ្លាំង​បំផុត​នោះ​បាន​បង្ហាញ​នូវ​ការធ្លាក់ចុះ​នូវ​សេដ្ឋកិច្ច​យ៉ាងខ្លាំង​តាមរយៈ​ការចេញ​ផ្សាយ​នូវ​ទិន្នន័យ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​រយៈពេល​ចុងក្រោយ​​នេះ​។ ថ្មីៗ​នេះ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) សម្រាប់​ត្រីមាស​ទី​ ២ ​នេះ​មាន​ការធ្លាក់ចុះ​ចំនួន ៣២,៩% បន្ថែមទៀត ធៀប​នឹង​ត្រីមាស​ទី​ ១​។

ម្យ៉ាងវិញទៀត​ចាប់ពី​ខែ​មិថុនា​មកដល់​បច្ចុប្បន្ន ផលិតកម្ម​ប្រេង​ឆៅ​ក៏មាន​ការធ្លាក់ចុះ​ខ្លាំង​ក្នុង​ចន្លោះ​ពី ២ ​លាន​បារ៉ែល ទៅ ១០ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ ហើយ​បើ​ធៀប​ទៅ​នឹង​ខែមេសា ឆ្នាំ​ ២០២០ ​គឺ​មាន​ការធ្លាក់ចុះ​រហូត​ដល់ ១២ ​លាន​បារ៉ែល​។

ជា​ដំណោះស្រាយ រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​នូវ​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​សេដ្ឋកិច្ច​តាមរយៈ​ការទិញ​នូវ​បណ្ណ​បំណុល​ក្នុង​តំបន់​មួយចំនួន​ក្នុង​គោលបំណង​លើកស្ទួយ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឲ្យ​មាន​ការងើប​ត្រឡប់មកវិញ​។ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នយោបាយ សហរដ្ឋអាមេរិក​កំពុង​ខិតជិត​ដល់​នូវ​ការបោះឆ្នោត​អាណត្តិ​ទី​ ២ ​នៃ​ប្រធានាធិបតី ដែល​គណៈបក្សនយោបាយ​កំពុង​ពិភាក្សា​នូវ​គម្រោង​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ​ក្នុង​ទំហំ​សាច់ប្រាក់​ប្រមាណ ២,២ ​ទ្រីលាន​ដុល្លារ​អាមេរិក​តាមរយៈ​ការទិញ​នូវ​បណ្ណ​រតនាគារ និង​បណ្ណ​បំណុល​អចលនទ្រព្យ​។

ផ្អែក​ទៅលើ​ការវិភាគ​តាម​ព័ត៌មាន​ខាងលើ​នេះ​ក្នុង​ខែសីហា​នេះ តម្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​នឹង​បន្ត​ធ្លាក់ចុះ តម្លៃ​មាស​នឹង​បន្ត​កើនឡើង​រហូត​ដល់ ២ ០០០ ទៅ ២ ១០០ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​អោនស៍​៕