
រថយន្តកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គម្រោងកែលម្អផ្លូវជាតិលេខ ៤ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៩ បន្ទាប់ពីបានកម្ចីជាង ១០០ លានដុល្លារពីគ្រឹះស្ថានផ្តល់កម្ចីពិភពលោក។ នេះបើយោងតាមមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។
រដ្ឋាភិបាលកម្ពុជាបានទទួលកម្ចីហិរញ្ញប្បទានពីធនាគារពិភពលោកនូវទឹកប្រាក់ ១១០ លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិលេខ ៤ ប្រវែង ២០០ គីឡូម៉ែត្រពីភ្នំពេញទៅកំពង់ផែអន្តរជាតិរបស់កម្ពុជាដែលនឹងត្រូវចំណាយពេល ១៨ ខែ។
កិច្ចព្រមព្រៀងកម្ចីនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន។
លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ការកែលម្អនេះរួមមានការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពាន និងការផ្តោតទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងរថយន្តដើម្បីកាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ដំឡើងស្លាកសញ្ញាចរាចរណ៍ប្រព័ន្ធភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរជាដើម។
ផ្លូវជាតិលេខ ៤ ដែលបច្ចុប្បន្នមានទទឹង ៧ ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវប្រវែងពី ០,៥ - ១ ម៉ែត្រ។
លោក វ៉ា ស៊ឹមសុរិយា បានឲ្យដឹងថាបន្ទាប់ពីទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោកបច្ចុប្បន្នក្រុមការងាររបស់ក្រសួងកំពុងរៀបចំធ្វើកិច្ចការផ្សេងៗមុននឹងឈានទៅប្រកាសឲ្យក្រុមហ៊ុនចូលរួមប្រកួតប្រជែងដេញថ្លៃធ្វើផ្លូវនេះ។
លោកបានថ្លែងថា៖ «ផ្លូវជាតិលេខ ៤ អាចនឹងចាប់ផ្តើមពង្រឹងឡើងវិញនៅដើមឆ្នាំក្រោយ។ ផ្លូវនេះយើងនឹងពង្រឹងទៅលើខឿនផ្លូវដែលមានស្រាប់ និងចាក់កៅស៊ូបន្ថែមនៅលើចិញ្ចើមផ្លូវ។ ពោលគឺមិនមែនជាការពង្រីកផ្លូវបន្ថែមនោះទេ»។
លោកបន្តថាសម្រាប់ផ្លូវជាតិលេខ ៤ នឹងមិនមានការពង្រីកបន្ថែមទៀត ខណៈកម្ពុជាក៏គ្រោងនឹងមានផ្លូវល្បឿនលឿនវិនិយោគដោយក្រុមហ៊ុនចិន ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំនេះ។
លោកថ្លែងថា៖ «តាមពិតទៅយើងត្រូវពង្រីកផ្លូវជាតិលេខ ៤ ប៉ុន្តែដោយសារយើងនឹងសាងសង់ផ្លូវល្បឿនលឿនហើយខាងក្រុមហ៊ុនក៏បានសំណូមពរមិនឲ្យមានពង្រីកផងដែរ»។ លោកបន្ថែមថា ការចំណាយលើផលប៉ះពាល់ប្រជាពលរដ្ឋក៏ជាកត្តាសំខាន់ផងដែរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបាននិយាយថា ការពង្រឹងគុណភាពផ្លូវជាតិលេខ ៤ ឡើងវិញគឺជារឿងដ៏ល្អសម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា ព្រោះផ្លូវជាតិនេះកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ បច្ចុប្បន្នផ្លូវនេះមានចំណុចខ្លះបានខូចខាត និងស្រុតចុះ ពិសេសតំបន់ក្បែរជ្រោះពេជ្រនិល។
លោកបញ្ជាក់ថា៖ «ទោះបីនៅពេលខាងមុខកម្ពុជានឹងមានផ្លូវល្បឿនលឿនចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុក៏ដោយ ក៏ការធ្វើឲ្យផ្លូវនេះមានភាពល្អប្រសើរពិតជាមានសារៈសំខាន់ណាស់ ព្រោះការធ្វើដំណើរនឹងនៅតែមានសកម្មភាពច្រើនសម្រាប់ផ្លូវមួយនេះ»។
ទោះយ៉ាងណាលោកនិយាយថា៖ «ប្រសិនបើផ្លូវជាតិលេខ ៤ អាចពង្រីកបន្ថែមនោះគឺជាការល្អណាស់តែអ្វីៗវាក៏អាស្រ័យទៅលើថវិកាផងដែរ»៕ LA