ខេត្តព្រះសីហនុៈ ការងារ​កែលម្អ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះសីហនុ ជាមួយ​នឹង​ការពង្រីក​ផ្លូវ​រត់​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​របស់​ខ្លួន​ទទួល​ការមក​ដល់​របស់​អ្នកដំណើរ​រំពឹងថា នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​។

លោក​ ខែក នរិន្ទដា នាយក​ទំនាក់ទំនង​ទូរគមនាគមន៍ និង​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អ៊ែរ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការងារ​លើ​ការបន្ត​ការកែលម្អ​ពេញលេញ​នៃ​ផ្លូវរត់​របស់​ព្រលានយន្តហោះ​កំពុង​ដំណើរការ​ស្របតាម​ការគ្រោងទុក​។

លោក​បន្តថា​៖ «​ការកែលម្អ​ត្រូវ​រំពឹងថា​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​ ២០២០»​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (SSCA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ SSCA បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​ជាមួយ​លោក Alain Brun អគ្គនាយក​ក្រុមហ៊ុន Cambodia Airports ដែល​ផ្ដោតលើ​ការបង្កើន​ល្បឿន​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះសីហនុ​។

លោក​បន្តថា​៖ «​ផ្លូវរត់​របស់​ព្រលានយន្តហោះ​នេះ​កំពុង​ពង្រីក​ពី​ ២៥០០ ​ម៉ែត្រ​ដល់​ ៣៣០០ ​ម៉ែត្រ និង​អគារ​ចាស់ៗ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​នេះ​នឹង​កែលម្អ​ជា​ចំណត​អ្នកដំណើរ​»​។

លោក​បញ្ជាក់ថា​៖ «​នៅ​ដំណាក់កាល​ដំបូង​សម្រាប់​ផែនការ​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០៣០ ដើម្បី​ស្វាគមន៍​អ្នកដំណើរ​ ៣,៦ ​លាន​នាក់ និង​ដំណាក់កាល​ទី​ ២ ​ដើម្បី​ទទួល​អ្នកដំណើរ​ ៥ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០៤០​។

លោក​បាន​លើកឡើងថា​៖ «​ព្រលានយន្តហោះ​នេះ​មាន​សមត្ថភាព​ទទួល​យន្តហោះ​ចុះចត​ចំនួន​ ១៣ ​គ្រឿង​នៅក្នុង​ដំណាក់កាល​ទី​ ១ និង​ទទួល​យន្តហោះ​ឲ្យ​ចុះចត​ ១៩ ​គ្រឿង​នៅក្នុង​ដំណាក់កាល​ទី​ ២»​។

កាលពី​ឆ្នាំមុន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​ ៤,៤ ​លាន​នាក់​បាន​មក​ទស្សនា​កម្ពុជា​តាម​ផ្លូវ​អាកាស​ក្នុង​ចំណោម​នោះ​ព្រលានយន្តហោះ​ក្រុងព្រះសីហនុ​កើនឡើង​ពី​ ១៨៥ ​ភាគរយ​ដល់ ៦៦៦ ៧២៣ ​នាក់​។

តួលេខ​របស់​ក្រុមហ៊ុន Cambodia Airports បាន​បង្ហាញថា មាន​ការធ្វើ​ចរាចរ​យន្តហោះ​សរុប​ ១០៤ ៨០៥ គ្រឿង​ដែល​ហោះ​ឡើង និង​ការចុះចត​នៅក្នុង​ព្រលានយន្តហោះ​ទាំង​ ៣ ​កាលពី​ឆ្នាំ​ ២០១៨​។ ក្នុងចំណោម​នោះ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​ការហោះ​ឡើង និង​ចុះចត ចំនួន​ ៥២ ២១៧ ​លើក សៀមរាប ៤៤ ៣១៤ ​លើក និង​ក្រុងព្រះសីហនុ ៨២៧៤ ​លើក​៕LA