ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ បាន​ទទួល​រង​នូវ​ការខាតបង់​ច្រើន​ជាង​មុន​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ ២០១៨ ​នេះ​ដោយសារ​ការប្រែប្រួល​អត្រា​ប្តូរប្រាក់​យ៉េន​ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​ប្រាក់​ចំណេញ​មាន​ការ​ថយចុះ​។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ផ្ញើ​ទៅកាន់​ទីផ្សារ​មូលបត្រ​កម្ពុជា​។

យោង​តាម​ឯកសារ​ដែល​ផ្ញើ​ទៅ​កាន់​ផ្សារហ៊ុន​នេះ​ការ​ខាតបង់​សុទ្ធ​របស់​ប្រតិបត្តិការ​កំពង់ផែ​មួយ​នេះ​បាន​កើនឡើង ៣០៥ ភាគរយ​ពី​ចំនួន​ប្រហែល ៦៨៣ ពាន់​ដុល្លារ​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​មុន​ដល់​ចំនួន​ប្រហែល ២,៧៦ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​នេះ​។

ឯកសារ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ប្រាក់​ចំណូល​បាន​កើនឡើង ១៩,០៦ ភាគរយ​ដល់​ចំនួន ១៤,៥៦ លាន​ដុល្លារ​ធៀប​នឹង​ចំនួន ១២,២៣ លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​កំពង់ផែ​ទទួល​រង​ការខាតបង់​កាន់តែ​ច្រើន​ដោយសារ​ការ «​ខាត​ពី​អត្រា​ប្តូរប្រាក់​យ៉េន​មិន​ទាន់​សម្រេច​មាន​ការ​កើនឡើង និង​ខាត​ពី​ការ​គណនា​ឡើង​វិញ​លើ​អត្ថប្រយោជន៍​និយោជិត​របស់​ក្រុមហ៊ុន Actuaial»​។

យោង​តាម​របាយការណ៍​របស់​កំពង់ផែ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​កុងតឺន័រ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​មាន​ចំនួន ១២១ ០៣១ TEUs កើនឡើង ១៩ ១០៩ TEUs ស្មើនឹង ១៨,៧៥ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៧​។

តម្លៃ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ឡើង​ថ្លៃ ២,៧៦ ភាគរយ​ដល់ ៥ ២២០ រៀល​ក្នុង​មួយ​ហ៊ុន​នៅ​ពេល​បិទ​ការជួញដូរ​កាលពី​ម្សិលមិញ ខណៈ​ពេល​ដែល​សន្ទស្សន៍​ផ្សារ​មូលបត្រ​កម្ពុជា​បាន​កើនឡើង ០,៩៤ ភាគរយ​ដល់ ៣៤៣,៦៧៕