ក្រុង​ប៉ារីសៈ អត្រា​ការ​ប្រាក់​កម្ចី​សម្រាប់ប្រទេសស្ថិត​នៅ​ភាគ​ខាង​ត្បូង​​​ក្នុង​តំបន់​ប្រើប្រាស់​អឺរ៉ូ បានកើន​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​វិបត្តិ​ក្នុង​ប្រទេស​តួគកី បានប៉ះពាល់ដល់​អារម្មណ៍​ទទួល​យក​ហានិភ័យ​របស់​វិនិយោគិន​​ ដែល​ក៏​កំពុង​សម្លឹង​មើលយ៉ាង​ប្រឹង​ប្រយ័ត្ន​ទៅកាន់​ប្រទេស​អុីតតាលីផងដែរ។

ការ​ធ្លាក់​ថ្លៃ​ខ្លាំង​នៃ​រូបិយ​ប័ណ្ណ លីរ៉ា របស់​ប្រទេស​តួក​គីបាន​បង្ក​ផល​ប៉ះពាល់​ហួស​ពី​ព្រំដែន​របស់​ប្រទេស​នេះ ខណៈ​វិនិយោគិន​បាន​រត់​គេច​ចេញ​ពី​កាន់កាប់​រូបិយ​ប័ណ្ណ​របស់​ប្រទេសកំពុង​អភិវឌ្ឍន៍​ខ្លាំងនានា​​ទៅ​កាន់​កាប់​ទ្រព្យ​ដែលមានសុវត្ថិភាពជាង​នេះ​វិញ ខណៈ​តម្លៃភាគរហ៊ុន​របស់​ធនាគារ​នៅអឺរ៉ុប ដែលមានសាខា​ក្នុង​ប្រទេស​តួកគីបានរង​ប៉ះពាល់។

ការ​គេច​ចេញ​ពី​ហានិភ័យ​នេះ ក៏​បាន​ចាប់​ផ្តើមប៉ះ​ពាល់​ផងដែរ​​លើអត្រា​ប្រាក់​កម្ចី​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​​​ក្នុង​តំបន់​ប្រើប្រាស់​អឺរ៉ូ ជា​ពិសេស​ប្រទេស​អុីតាលី ដែល​រដ្ឋាភិបាល​ចម្រះ​ដែលគ្រប់គ្រង​ដោយ​អ្នក​នយោបាយ​ប្រជានិយម កំពុង​រៀបចំ​កញ្ចប់​​ថវិកា​ដំបូង​របស់ខ្លួន។

គិត​ត្រឹមម៉ោង ១២ ម៉ោង​សកល​កាលពីម្សិលមិញ អត្រា​ការ​ប្រាក់​សម្រាប់​មូលបត្រ​បំណុល​រដ្ឋាភិបាល​អុីតាលី​ដែលមានអាយុកាល ១០ ឆ្នាំ ក្នុងការ​ជួញ​ដូរ​នៅទីផ្សារ​បន្ទាប់ បាន​កើន​ឡើង​ដល់ ៣,០៨២ ភាគរយ​ពី ២,៩៩៣ ភាគរយកាលពីថ្ងៃ​សុក្រ​សប្តាហ៍មុន។

ទិន្នផល​លើ​មូលបត្រ​បំណុល​រដ្ឋាភិបាលអេស្ប៉ាញ​ដែលមានអាយុកាល ១០ ឆ្នាំ បានកើនឡើង​ដល់ ១,៥០៥ ភាគរយ​ពី ១,៤០៧ ភាករយ ខណៈ​មូលបត្រ​បំណុល​រដ្ឋាភិបាលព័រ​ទុយហ្កាល់​ដែលមានអាយុកាល ១០ ឆ្នាំ បានកើនឡើង​ដល់ ១,៨៦៤ ភាគរយ​ពី ១,៧៧៨ ភាគរយ។

មូលបត្រ​បំណុល​រដ្ឋាភិបាលបារាំង​ដែលមានអាយុកាល ១០ ឆ្នាំ បានកើនឡើង​ដល់ ០,៦៨៤ ​ភាគរយ​ពី ០,៦៧០ ភាគរយ ខណៈ​មូលបត្រ​បំណូល​របស់​អាល្លឺម៉ង់​កើនឡើង​ដែលជា​មូលបត្រ​គោល​នៅ​តំបន់​ប្រើប្រាស់​ប្រាក់អឺរ៉ូ និង​ជា​ទ្រព្យ​ដែលមានសុវត្ថិភាព​នោះ បាន​ធ្លាក់ចុះ​ដល់ ០,៣០៨ ភាគរយ​ពី ០,៣១៧ ភាគរយ៕ AFP/KC