ភ្នំពេញៈ កម្ពុជា​ទំនង​មានលទ្ធភាព​ច្រើន​នៅក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (EAEU) ស្របពេល​ការចរចា​កិច្ចព្រមព្រៀង​នេះ​បានបង្ហាញ​សញ្ញា​វិជ្ជមាន​បណ្តើរៗ​។ នេះ​បើ​យោងតាម លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។

EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​ដែល​តំណាង​ឱ្យ​ប្លុក​ប្រទេស​ចំនួន ៥ ​រួមមាន រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ដែលមាន​ប្រជាជន​សរុប​ជាង ១៨៤,៥៧ ​លាន​នាក់​ ក្នុង​ឆ្នាំ​ ២០២០ និង​មាន​ផលិតផល​ក្នុង​ស្រុក GDP សរុប​រួមគ្នា​ប្រមាណ ៤,៧៧៨ ពាន់​ពាន់​លាន​ដុល្លារ​។

លោក ស៊ាង ថៃ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា បន្ទាប់ពី​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង ក្រុម​ចរចា​អន្តរក្រសួង​កម្ពុជា​កំពុង​បន្ត​ការចរចា​ជាមួយ EAEU ក្នុង​ចំណោម​ការចរចា​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ទៀត រួមមាន អាមេរិក អង់គ្លេស ជប៉ុន ម៉ុងហ្គោលី និង​ឥណ្ឌា​។

លោក​និយាយថា​៖ «​យើង​មិនទាន់​អាច​វាយតម្លៃ​ថា ប្រទេស​ណា​នឹងមាន​លទ្ធភាព​មុនគេ​ទេ ព្រោះ​បើ​ក្រុម​ណា​រកឃើញ​ថា វា​នឹង​ផ្តល់​ផលចំណេញ ក្រុម​នោះ​នឹង​រាយការណ៍ ដើម្បី​សុំ​ការសម្រេច​ពី​រដ្ឋាភិបាល​ (​ប្រទេស​ទាំងសងខាង​) ​ដើម្បី​បើក​ការចរចា​»​។

កម្ពុជា និង​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​ ៣ ខែ កុម្ភៈ ឆ្នាំ​ ២០២១ បាន​ឯកភាព​គ្នា​បញ្ចប់​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (CKFTA) ​ដោយ​រំពឹងថា​នឹង​ចុះហត្ថលេខា​នៅ​ពាក់កណ្តាល​ឆ្នាំនេះ ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នឹង​អនុវត្ត​ជា​ធរមាន​នៅ​ឆ្នាំនេះ​ដោយ​រង់ចាំ​ការអនុម័ត​ពី​រដ្ឋសភា​នៃ​ភាគី​ទាំង ២ ​តែ​ប៉ុណ្ណោះ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្តិ ក្នុង​កម្មវិធី​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​កាលពី​ខែ​មុន បាន​និយាយ​ថា ពេលនេះ​កម្ពុជា​កំពុង​ជំរុញ​ការសិក្សា​ដើម្បី​ឈាន​ទៅ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេសមួយ​ចំនួន​រួមទាំង EAEU​។

លោក​ថ្លែងថា​៖ «​យើង​បាន​ជួបចរចា​ជាមួយ​ប្រទេស​ខ្លះៗ​ហើយពី​ការរៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ យើង​មាន​ឆន្ទៈ​ចង់​បើក​ទីផ្សារ​កម្ពុជា​ឱ្យបាន​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ​យើង​ដើម្បី​អាច​នាំចេញ​ផលិតផល និង​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម ដូច្នេះ​យើង​ប្រឹងប្រែង​ទាំងអស់​គ្នា​ដើម្បីឱ្យ​សម្រេចបាន​លទ្ធផល​ល្អ​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ខែ​មុន​បាន​និយាយថា EAEU ជា​ក្រុម​ប្រទេស​មាន​ប្រជាជន​ច្រើន និង​មាន​សេដ្ឋកិច្ច​រីកចម្រើន ហេតុនេះ​វា​ជា​ទីផ្សារ​គោលដៅ​ដ៏សំខាន់​សម្រាប់​ទំនិញ​កម្ពុជា​ដែល​ត្រូវខិតខំ​ចាប់​យក​ចំណែក​ទីផ្សារ​នេះ​ឱ្យបាន​ច្រើន​បន្ថែមទៀត​។

ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ EAEU មាន​ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​វាយនភណ្ឌ ចំណែក​ផលិតផល​នាំ​ពី EAEU មាន​គ្រឿង​ម៉ាស៊ីន ត្រាក់ទ័រ និង​គ្រឿងបន្លាស់​យានយន្ត​កសិកម្ម​។ នេះ​បើតាម​លោក លឹម ហេង​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០២០ ពាណិជ្ជកម្ម​កម្ពុជា និង EAEU មាន​តម្លៃ​សរុប ៦៧,៣៧ លាន​ដុល្លារ​ កើនឡើង ១៨,២២ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៥៦,៩៨ លាន​ដុល្លារ​។

ទិន្នន័យ​ឱ្យដឹង​ទៀត​ថា ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​ក្នុង​តម្លៃ ៥២,១៩ លាន​ដុល្លារ​កើន ០,៧៣ ភាគរយ​ពី​ចំនួន ៥១,៨១ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ ខណៈ​ការនាំ​ពី EAEU មក​កម្ពុជា​មាន​តម្លៃ​ ១៥,១៨ លាន​ដុល្លារ កើនឡើង ១៩៣,៥៧ ​ភាគរយ​ ពី​ចំនួន ៥,១៧ លាន​ដុល្លារ​៕LA