ភ្នំពេញៈ ក្រុម​ចរចា​កម្រិត​បច្ចេកទេស​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (EEC) បាន​បើក​កិច្ចប្រជុំ​ចែករំលែក​នូវ​ធាតុ​ចូល​ដែលជា​វិធានការ​ត្រៀម​សម្រាប់​ការចរចា​លើក​ទី​ ៣ នៅពេល​ខាងមុខ​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​សម្រាប់​កាលានុវត្តភាព​នៃ​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

មន្ត្រី​អន្តរក្រសួង​ស្ថាប័ន​ចំនួន​ ៩ ​របស់​ភាគី​កម្ពុជា​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​នេះ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​របស់ EEC ដែលមាន​អ្នកចូលរួម​ប្រមាណ ៣០ ​រូប​ដោយ​ភាគី​ទាំង​ ២ ​បាន​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​ចំនួន ៥ ​រួមមាន នីតិវិធី​គយ និង​កិច្ចសម្រួល​ពាណិជ្ជកម្ម បច្ចុប្បន្នភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់ EAEU ផ្ដល់ជូន​កម្ពុជា និង​នីតិវិធី​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EAEU ស្ដង់ដា​បទប្បញ្ញត្តិ​បច្ចេកទេស និង​វាយតម្លៃ​អនុលោមភាព និង​វិធាន​អនាម័យ និង​ភូតគាម​អនាម័យ គោលនយោបាយ​កសិឧស្សាហកម្ម និង​ការដឹកជញ្ជូន​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ កិច្ចប្រជុំ​មាន​គោលបំណង​ពិភាក្សា​លើ​វិស័យ​សំខាន់ៗ​សម្រាប់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EEC) ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​ ៣ នៃ​ក្រុម​ការងារ​រួម​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នាពេល​ខាងមុខ​ឆាប់ៗ​នេះ​»​។

ភាគី​ទាំង​ ២ ​បាន​ធ្វើ​បទបង្ហាញ និង​ផ្លាស់ប្តូរ​យោបល់​ទៅវិញ​ទៅមក​លើ​ការត្រៀម​សម្រាប់​របៀបវារៈ​កិច្ចប្រជុំ​រវាង​កម្ពុជា និង EEC លើក​ទី​៣ ​ដែល​រួមមាន កាលានុវត្តភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​គោលដៅ​យុទ្ធសាស្ដ្រ​សមាហរណកម្ម​របស់ EEC ដល់​ឆ្នាំ​ ២០២៥ គោលនយោបាយ​ប្រកួតប្រជែង​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី កាលានុវត្តភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​វិស័យ​ឧស្សាហកម្ម​ជាដើម​។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ដឹកនាំ​ភាគី​កម្ពុជា​ចូលរួម​កិច្ចពិភាក្សា​ត្រៀម​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១០ ខែមីនា​ជាមួយ EEC ដែល​ដឹកនាំ​ដោយ​កញ្ញា GoharBarsegyan ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សមាហរណកម្ម​បាន​ចាត់ទុក​កិច្ចប្រជុំ​នេះ​ថា​មាន​សារៈសំខាន់​ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ភាគី​ទាំង​ ២​។

លោក បូរ៉ា បាន​និយាយថា​៖ «​យើង​មាន​សុទិដ្ឋិនិយម​ថា កិច្ចប្រជុំ​នេះ​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្ដានុពល​រវាង​ភាគី​ទាំង​ ២ ​ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​ ​ជាពិសេស​ដើម្បី​អាចឈាន​ដល់​ការផ្តួចផ្ដើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​កម្ពុជា និង EAEU នាពេល​ខាងមុខ​»​។

របាយការណ៍​ស្ដីពី «​ការសិក្សា​លទ្ធភាព​លើ​ FTA រវាង​កម្ពុជា និង EAEU ត្រូវបាន​ចាប់ផ្ដើម​ដំណើរការ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​ខាងកើត (ERIA) កាលពី​ថ្ងៃទី​ ៤ ខែធ្នូ នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ ២០១៩»​។

លោក​បន្តថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ EAEU នឹង​អាចឱ្យ​ភាគី​ទាំង​ ២ ​បង្កើត​កិច្ចសហការ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ការសិក្សា​នេះ​បាន​ត្រួតពិនិត្យ​ផលប៉ះពាល់​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​សេរី​រវាង​កម្ពុជា និង EAEU លើ​សេដ្ឋកិច្ច​កម្ពុជា និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ពាណិជ្ជកម្ម ការវិនិយោគ សុខុមាលភាព និង​ផលប៉ះពាល់​កំណើន​លើ​សេដ្ឋកិច្ច​ក្នុងស្រុក និង​ក្នុង​តំបន់​»​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​៕ LA