ប៉េកាំងៈ ​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស ​ចិន ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មន្ដ្រី​ជាន់​ខ្ពស់​អាមេរិក​នឹង​ធ្វើ​ដំណើរ​មក​ទីក្រុង​ប៉េកាំង​សម្រាប់​ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ជុំថ្មី​មួយ​នៅ​ថ្ងៃ​ទី ​២៨ ​និង​ថ្ងៃ​ទី ២៩ ​ខែ មីនា ​បន្ទាប់​មក​នឹង​មាន​​ដំណើរ​​​ទៅ​កាន់​អាមេរិក​វិញ​ដោយ​​អ្នក​ចរចា​ជាន់​ខ្ពស់​របស់​ចិន​​នៅ​ខែ​មេសា​។​

ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​នេះ ​ដោយសារ​​តែ​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​តែ​តស៊ូ​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចុង​ក្រោយ​​មួយ​ ជា​មួយ​នឹង​ការ​ទាមទារ​របស់​មន្ដ្រី​អាមេរិក​​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ចំពោះ​គោល​នយោបាយ​ឧស្សាហកម្ម​របស់​ប្រទេស ​ចិន​។​

លោក ​Gao ​Feng ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​ខ្លី​ប្រចាំ​សប្ដាហ៍​មួយ​ថា​ លោក​ Robert ​Lighthizer ​តំណាង​ពាណិជ្ជកម្ម ​និង​លោក ​Steven ​Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​អាមេរិក ​នឹង​មក​ទៅ​ទីក្រុង​ប៉េកាំង​​នៅ​សប្ដាហ៍​ក្រោយ​។​

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​ លោក ​Liu He ឧបនាយក​រដ្ឋមន្ដ្រី​របស់​ប្រទេស​ ​ចិន ​នឹង​ធ្វើ​ដំណើរ​ទៅ​អាមេរិក​​នៅ​ខែ​មេសា​ ដើម្បី​បន្ត​ការ​ចរចា​។ ​នេះ​បើ​យោង​តាម​លោក ​Gao​។​

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ព្រមាន​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពន្ធ​នាំចូល​​ទំនិញ​ចិន​មក​កាន់​អាមេរិក​​អាច​​បន្ត​ដាក់​ឲ្យ​ដំណើរការ «​ក្នុង​​​រយៈពេល​ដ៏​សំខាន់​មួយ»​ ដែល​​នឹង​កាត់​បន្ថយ​ក្ដី​សង្ឃឹម​ថា ​កិច្ច​ព្រមព្រៀង​ពន្ធ​នាំចូល​ទាំង​​នេះ​នឹង​ត្រូវ​លុប​ចោល​។

ក្នុង​រយៈ​ពេល​៨ ​ខែ​ចុង​ក្រោយ​​នេះ​ អាមេរិក ​និង​ចិន​បាន​ហូត​ពន្ធ​​នាំចូល​លើ​ពាណិជ្ជកម្ម​ទំនិញ​​ទ្វេភាគី​មាន​តម្លៃ​ជាង​ ៣៦០ ​ពាន់​លាន​ដុល្លារ ​ដែល​ដាក់​សម្ពាធ​លើ​វិស័យ​ផលិតកម្ម​​​​​ប្រទេស​ទាំង ​២​៕​ AFP/LA