ក្រុងវ៉ាស៊ីនតោនៈ ប្រធាន​ក្រុម​ចរចា​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការចរចា​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប និង​អង់គ្លេស​បាន​ជាប់គាំង​ជា​ផ្នែក​មួយ​បណ្តាល​មកពី​ការសង្ស័យ​នៃ​ស្តង់ដា​ម្ហូបអាហារ​អាមេរិក​គ្មាន​សុវត្ថិភាព​។

លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ប្រាប់​តំណាងរាស្ត្រ​នៅ​វិមាន​រដ្ឋសភា Capitol Hill ថា​៖ «​ខ្ញុំ​គិតថា​មាន​ការចង់បាន​ធ្វើ​រឿងនេះ​ឲ្យ​សម្រេច ប៉ុន្តែ​សម្រាប់​ហេតុផល​អ្វី​ក៏ដោយ យើង​មិន​សម្រេចបាន​ការរីកចម្រើន​ច្រើន​នោះទេ​»​។

លោក​បន្តទៀត​ថា​៖ «​មាន​ការយល់​ឃើញ​នៅក្នុង​តំបន់​អឺរ៉ុប ដែល​ខ្ញុំ​គិតថា ត្រូវបាន​គេ​ចែករំលែក​ដោយ​សង្ឃឹម​ថា​មិនកើត​មាន​ច្រើន​នៅ​អង់គ្លេស​នោះទេ ពេល​ដែល​អង់គ្លេស​នៅ​ជាមួយ​អឺរ៉ុប ដែល​ថា​ម្ហូបអាហារ​អាមេរិក​គ្មាន​សុវត្ថិភាព​»​។

លោក​ក៏បាន​អះអាង​ដែរ​ថា៖ «​មានរឿង​លំបាកៗ​ជាច្រើន​ជាមួយ​អឺរ៉ុប និង​នឹង​កាន់តែ​លំបាក​ជាមួយ​អង់គ្លេស​។ ខ្ញុំ​ក៏​សង្ឃឹម​ផងដែរ​ថា យើង​នឹង​ធ្វើការងារ​តាម​មធ្យោបាយ​របស់​យើង​ជម្នះ​រឿងនេះ​»​។

លោក Lighthizer បាន​ប្រាប់​សមាជិក​សភា​ថា សហរដ្ឋអាមេរិក​មាន​ផលិតផល​កសិកម្ម​ល្អ​បំផុត​ក្នុង​ពិភពលោក ព្រមទាំង​សុវត្ថិភាព​បំផុត និង​ស្តង់ដា​ខ្ពស់បំផុត​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​គិតថា យើង​មិនគួរ​យល់ច្រឡំ​វិទ្យាសាស្ត្រ​ជាមួយ​ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​នោះទេ​»​។

លោក​និយាយ​ថា កសិកម្ម​ជា​ចំណុច​គន្លឹះ​សំខាន់បំផុត​នៃ​ការចរចា​ពាណិជ្ជកម្ម​ថ្មីៗ​នេះ ហើយ​វា​ជា​ចំណុច​ឈ្នះ​ធំ​ណាស់​សម្រាប់​ប្រជាជន​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) និង ក្នុង​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​ជាមួយ ចិន និង​ជប៉ុន​ផងដែរ​។

លោក​បាន​ព្រមាន​ថា ទោះបី​យ៉ាងណា​ជាមួយ​នឹង​អង់គ្លេស «​យើង​នឹង​មាន​បញ្ហា​ច្រើន​ផ្នែក កសិកម្ម​» ​ក្នុង​ការចរចា​។

លោក Lighthizer បាន​ប្តេជ្ញា​ថា​នឹង​គ្មាន​ការសម្រួល​ណាមួយ​ចំពោះ​ការនាំចេញ​កសិក​ផល​អាមេរិក​ទេ​។

ការចរចា​ពាណិជ្ជកម្ម​អាមេរិក អឺរ៉ុប​បាន​ជាប់គាំង​រយៈពេល​ជាច្រើន​ខែ ដែល​ខ្ទាស់​ជាប់​ដោយ​ជម្លោះ​ជុំវិញ​ការឧបត្ថម្ភធន​ដល់​ក្រុមហ៊ុន​យន្តហោះ Boeing ​របស់​អាមេរិក និង Airbus នៅក្នុង​តំបន់​អឺរ៉ុប និង​ការយកពន្ធ​ឌីជីថល​ព្រមទាំង​កសិកម្ម​។

កាលពី​ដើម​ខែឧសភា អង់គ្លេស​ និង​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ចរចា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏មាន​មហិច្ឆតា ដើម្បី​អនុវត្ត​បន្ទាប់ពី​រយៈពេល​នៃ​ការផ្លាស់ប្តូរ​បណ្តោះអាសន្ន​ក្រោយ​ការចាកចេញ​ពី​តំបន់​អឺរ៉ុប​របស់​អង់គ្លេស​នៅ​ចុងឆ្នាំ​នេះ​។

ពន្ធ​ខ្ពស់​របស់​អង់គ្លេស​លើ​វិស័យ​បច្ចេកវិទ្យា​អាមេរិក ក៏​ជា​ចំណុច​តានតឹង​ក្នុង​ការពិភាក្សា​។

លោក Lighthizer និយាយ​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទូលំទូលាយ​បន្ថែមទៀត​៕ RR