ក្រុងប៉ារីសៈ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ឲ្យ​ដឹងថា លោក​មិនទាន់​ប្រាកដថា​នឹង​មាន​លទ្ធភាព​សម្រាប់​សហភាព​អឺរ៉ុប (EU) និង​ចក្រភព​អង់គ្លេស​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នៅត្រឹម​ចុងឆ្នាំ​នេះ ឬ​បែបណា​នោះទេ​។

ចក្រភព​អង់គ្លេស និង EU នឹង​ចាប់ផ្ដើម​ការចរចា​ក្នុង​គោលបំណង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ត្រឹម​អំឡុងពេល​អន្តរកាល​ក្រោយ Brexit បញ្ចប់​នៅ​ចុងខែ​ធ្នូ​។

ប៉ុន្តែ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា ការចរចា​របស់​ចក្រភព​អង់គ្លេស​នឹងមាន​ការពិបាក ពិសេស​នៅក្នុង​ពេលវេលា​ដ៏តឹងរ៉ឹង​បែបនេះ​។

លោក Macron បាន​ឲ្យ​ដឹង​នៅក្នុង​ជំនួប​មួយ​ជាមួយ​ក្រុម​អ្នកនេសាទ ដែល​មាន​ការបារម្ភ​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគេ បន្ទាប់ពី Brexit នៅក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កសិកម្ម​នៅ​ទីក្រុង​ប៉ារីស​ថា​៖ «​ខ្ញុំ​មិន​ប្រាកដថា កិច្ចព្រមព្រៀង​មួយ​នឹង​សម្រេច​បាន​នៅ​ចន្លោះ​ពេលនេះ ឬ​នៅ​ចុងឆ្នាំ​នេះ​ទេ​»​។

លោក​បាន​បន្តថា​៖ «​ម្យ៉ាងវិញ​ទៀត​វា​នឹង​កាន់តែ​តានតឹង​ខ្លាំង​ឡើង ដោយសារ​តែ​ចក្រភព​អង់គ្លេស​ពិបាក​ខ្លាំង​បំផុត​»​។ លោក​បន្ថែមថា សិទ្ធិ​នេសាទ​នឹង​ជា​ចំណុច​ដ៏សំខាន់​មួយ​នៃ​ការខ្វែង​គំនិត​គ្នា​។

ចក្រភព​អង់គ្លេស​បាន​បញ្ចប់​ជា​ផ្លូវការ​សមាជិកភាព​របស់ EU រយៈពេល​ ៤៧ ​ឆ្នាំ​របស់​ខ្លួន​កាលពី​ថ្ងៃទី​ ៣១ ខែ​មករា បន្ទាប់ពី​ជិត​ ៤ ​ឆ្នាំ​នៃ​ការបោះឆ្នោត​ចាកចេញ​ពី​ប្លុក​នេះ​នៅក្នុង​ការស្ទង់មតិ​កាលពី​ឆ្នាំ ​២០១៦​។

ប្រទេស​បារាំង និង​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ចង់​រក្សា​ការនេសាទ​ក្នុង​ទឹក​របស់​ចក្រភព​អង់គ្លេស ខណៈ​ទីក្រុង​ឡុងដ៍​ចង់​បាន​ស្វ័យភាព​ពេញលេញ និង​កម្រិត​លទ្ធភាព​សម្រាប់​ក្រុម​អ្នកនេសាទ​អឺរ៉ុប​។

លោក Michel Barnier ប្រធាន​ក្រុម​អ្នកចរចា​របស់ EU បាន​ឲ្យ​ដឹងថា អាទិភាព​ខ្ពស់​របស់ EU គឺ​ការនេសាទ​ត្រី សន្ដិសុខ និង​ការរក្សា​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ស្មើភាព​សម្រាប់​ក្រុមហ៊ុន​របស់​អឺរ៉ុប​។

លោក​ក៏បាន​បដិសេធ​យ៉ាង​ខ្លាំង​នូវ​ការផ្ដល់​យោបល់​របស់​ចក្រភព​អង់គ្លេស​ថា ក្រុមហ៊ុន​នៅ​ទីក្រុង​ឡុងដ៍​អាច​ត្រូវ​បានផ្ដល់​លទ្ធភាព​អចិន្ត្រៃយ៍​ដ៏ទូលំទូលាយ​ចូល​ទីផ្សារ EU ដោយ​គ្មាន​លក្ខខណ្ឌ​។

ជារួម​ទូក​នេសាទ​ប្រទេស​បារាំង​រក​បាន​ប្រាក់ចំណូល ៣០ ​ភាគរយ​របស់​ពួកគេ​ពី​ការចាប់​ត្រី​នៅក្នុង​ដែន​សមុទ្រ​ចក្រភព​អង់គ្លេស ជាពិសេស​ក្នុង​តំបន់​ដែល​មាន​ត្រី​ច្រើន​។

ក្រុមមន្ដ្រី​ប្រទេស​បារាំង​ឲ្យ​ដឹងថា​ចក្រភព​អង់គ្លេស​នាំចេញ​ត្រីភាគ​ច្រើន​ទៅ​សហភាព​អឺរ៉ុប​ដែល​បញ្ជាក់ថា ក្រុម​អ្នកនេសាទ​ចក្រភព​អង់គ្លេស​មាន​ការបាត់បង់​ច្រើន ប្រសិន​បើ​ភាគី​ទាំង​ ២ ​បរាជ័យ​ក្នុង​ការសម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​៕ LA