The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ អាមេរិក-ចិន ​​ដំណើរ​ការ​ល្អ​

ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ អាមេរិក-ចិន ​​ដំណើរ​ការ​ល្អ​

Content image - Phnom Penh Post
កប៉ាល់ដឹកទំនិញ រវាងចិន-អាមេរិច។ AFP

ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ អាមេរិក-ចិន ​​ដំណើរ​ការ​ល្អ​

ក្រុង​ប៉េកាំ​ងៈ អាមេរិក និង​ចិន កាល​ពី​ថ្ងៃ​ពុធ​ បាន​បញ្ចប់​ការ​ចរចា​រយៈពេល​ ៣ ​ថ្ងៃ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ ដោយ​សមាជិក​ ១ ​​រូប​របស់​ក្រុម​គណៈ​ប្រតិភូ​អាមេរិក បាន​លើក​ឡើង​ថា​ ការ​ចរចា «បាន​ដំណើរ​ការ​ល្អ»។

ក្រុម​មន្ដ្រី​អាមេរិក​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់​ការ​ចរចា​រយៈ​ពេល​ខ្លី ចាប់​តាំង​ពី​លោក​ប្រធានា​ធិបតី ដូ​ណាល់ ត្រាំ និង​លោក ស៊ី ជីន​ភីង មេ​ដឹកនាំ​របស់​ប្រទេស​ ចិន បាន​យល់​ព្រម​​កាល​ពី​ថ្ងៃ​ទី ១ ខែធ្នូ ដើម្បី​បញ្ឈប់​​ជម្លោះ​ពាណិជ្ជកម្ម​តបត​គ្នា​រយៈ​ពេល​ ៣ ​ខែ។

តម្លៃ​ផ្សារហ៊ុន​អាស៊ី​​បាន​កើន​ឡើង​ដោយ​សារ​ក្តី​សុទិដ្ឋិនិយម​​ថា ភាគី​ទាំង​ ២ ​នឹង​អាច​សម្រេច​​បាន​កិច្ច​ព្រមព្រៀង​មួយ មុន​ពេល​កំណត់​​នៅ​ខែ​មីនា និង​ការ​គេច​ពី​ការ​បង្កើន​ពន្ធ​នាំចូល​បន្ថែម​ទៀត។

លោក McKinney អនុ​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ក្រសួង​កិច្ច​ការ​ពាណិជ្ជកម្ម និង​កសិកម្ម​បរទេស ដែល​ជា​សមាជិក​មួយ​រូប​របស់​ក្រុម​គណៈ​ប្រតិភូ​អាមេរិក​ បាន​រៀប​រាប់​អំពី​ការ​ចរចា​នេះ ខណៈ​​លោក​ចាក​ចេញ​ពី​សណ្ឋាគារ ជាមួយ​នឹង​វ៉ាលីស​របស់​លោក​ថា​៖ «ខ្ញុំ​គិត​ថា ពួក​គេ​ដំណើរ​ការ​ពិត​​ជា​ល្អ»។ លោក​បាន​បន្ថែម​ថា ដំណើរការ​ចរចា​នេះ «ល្អ​សម្រាប់​ពួកយើង»។

លោក ត្រាំ បាន​និយាយ​អួត​នៅ​លើ​ទំព័រ Twitter កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ពិភាក្សា​ក្នុង​ប្រទេស​​ ចិន «កំពុង​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ប្រសើរ»។

ក្រសួង​ការ​បរទេស​របស់​ចិន បាន​បញ្ជាក់​ថា ការ​ចរចា​នេះ​បាន​​បញ្ចប់​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​លទ្ធផល ដោយ​លើក​ឡើង​ថា ព័ត៌មាន​លម្អិត​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ពេល​ក្រោយ។

លោក Lu Kang អ្នក​នាំ​ពាក្យ​​នៃ​ក្រសួង​ការ​បរទេស​ចិន បាន​ថ្លែង​ថា៖ «ប្រសិន​បើ​វា​ជា​លទ្ធផល​ល្អ​មួយ​នោះ វា​មិន​គ្រាន់​តែ​ផ្ដល់​អត្ថប្រយោជន៍​ទៅ​ដល់​អាមេរិក និង​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក​​ផង​ដែរ»។

រដ្ឋបាល​លោក ត្រាំ ចង់​ឲ្យ​ទីក្រុង​ប៉េកាំង ទិញ​ទំនិញ​អាមេរិក​កាន់​តែ​ច្រើន ដើម្បី​​ធ្វើ​ឲ្យ​រួម​តូច​នូវ​គម្លាត​ពាណិជ្ជកម្ម​​ និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ​របស់​ប្រទេស​ ចិន៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍