ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ថា ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​បាន​បញ្ចប់​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ចន្ទ ដោយ​កម្ពុជា​សង្ឃឹម​ថា ផលិតផល​របស់ខ្លួន​កាន់តែ​ច្រើន​នឹងត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក Zhong Shan រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក ប៉ាន សូរស័ក្ដិ បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន​ដល់​ប្រជាជន​ប្រទេស​ទាំង ២ តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ និង​សេវា​ព្រម​ទាំង​ការជំរុញ​ការវិនិយោគ​យ៉ាង​ទូលំទូលាយ​បន្ថែម​ទៀត​។ លោក​បន្តថា ជា​ជំហាន​បន្ទាប់ ភាគី​ទាំង​ ២ ​នឹង​អនុវត្ត​នីតិវិធី​ផ្ទៃក្នុង​រៀងៗ​ខ្លួន ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ឲ្យ​បាន​ក្នុង​ឆ្នាំ​នេះ​។

លោក​ថ្លែងថា​៖ «​ការបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​មួយ​ដ៏ខ្លី​នេះ​បាន​បង្ហាញ​ពី​ឆន្ទៈ​នៃ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ទូលំទូលាយ​។ កិច្ចព្រមព្រៀង​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​យូរអង្វែង​ជា​ប្រពៃណី​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២»​។

ប្រទេស​ទាំង ២ ចាប់ផ្តើម​ពិភាក្សា​ពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង FTA កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩ និង ចាប់ផ្តើម​ចរចា​ជុំ​ទី​ ១ ​កាលពី​ខែ​មករា ឆ្នាំ​ ២០២០​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ភាគី​ទាំង​ ២ ​បាន​ប្រកាស​បញ្ចប់​ការចរចា​មាន​ន័យ​ថា បាន​ឯកភាព​លើ​ឯកសារ​ចរចា​ទាំងឡាយ​រួចហើយ​។ ដូចនេះ​ភាគី​ទាំង​ ២ ​នឹង​ពិចារណា​ពី​កម្មវិធី និង​ទីកន្លែង​សម្រាប់​ចុះហត្ថលេខា​ក្នុង​ពេល​ខាងមុខ ដើម្បី​អាច​ចាប់ផ្ដើម​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ឆាប់​។

លោក​ប្រាប់ថា​៖ «​យើង​សង្ឃឹមថា ក្រោយពី​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​​ធរមាន ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ​នឹង​កើនឡើង​ប្រមាណ ២៥ ​ភាគរយ ព្រោះ​មុខទំនិញ​ជាច្រើន​មុខ​នឹង​ទទួល​បាន​សម្បទាន ក្រោម​កិច្ចព្រមព្រៀង​នេះ​»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការនាំចេញ​របស់​កម្ពុជា មិន​ត្រឹម​តែ​ក្នុង​វិស័យ​កាត់ដេរ​នោះទេ​។

លោក​ថ្លែងថា​៖ «​ពីអ្វី​ដែល​យើង​បាន​អាន​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ទាក់ទង​នឹង​លទ្ធផល​ការចរចា​លើក​ទី​ ៣ ការនាំ​ចេញពី​កម្ពុជា​នឹង​កើនឡើង​ជាង ២០ ​ភាគរយ​»​។ លោក​បន្តថា​៖ «​ទន្ទឹម​នឹង​នេះ​យើង​នឹង​ឃើញ​ការវិនិយោគ​បន្ថែម​លើ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ គ្រឿង​អេឡិចត្រូនិក និង​ឧស្សាហកម្ម​ដទៃទៀត​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ដឹកនាំ​ក្រុមមន្ដ្រី​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចុះហត្ថលេខា​លើ FTA រវាង​កម្ពុជា និង​ចិន​នៅ​ខែ​សីហា​ខាងមុខ​។ នេះ​បើតាម លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

កម្ពុជា​រំពឹងថា នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ ១០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​មាន​តម្លៃ ៩,៤២ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០១៩ កើន ២៧,២៩ ​ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០១៨ ដែល​មាន​ ៧,៤ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ស្ថានទូត​ចិន​នៅ​កម្ពុជា​៕LA