ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថាមកដល់ពេលនេះក្រសួងនៅមិនទាន់បានទទួលឯកសារណាមួយស្តីពីគម្រោងអភិវឌ្ឍន៍ Naga 3 របស់ក្រុមហ៊ុន NagaCorp នៅឡើយទេ។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា នៅពេលនេះក្រសួងនៅតែមិនទាន់បានទទួលឯកសារណាមួយអំពីផែនការរបស់ក្រុមហ៊ុននេះនៅឡើយទេ ចាប់តាំងពីការប្រកាសរបស់ក្រុមហ៊ុននេះកាលពីខែមុនពីគម្រោង Naga 3 របស់ខ្លួនមក។
លោកថ្លែងថា៖ «បើទោះបីក្រុមហ៊ុនNagaCorp បានយកព័ត៌មានស្តីពីផែនការអភិវឌ្ឍន៍ Naga 3 ទៅប្រកាសនៃផ្សារហ៊ុនហុងកុងហើយក៏ដោយ ក៏រហូតមកដល់ត្រឹមថ្ងៃនេះ ក្រសួងសេដ្ឋកិច្ចនៅមិនទាន់ទទួលបានឯកសារផ្លូវការពីក្រុមហ៊ុនទេ»។
លោកបានបន្តថា៖ «បើតាមខ្ញុំគិតអ្វីៗកំពុងស្ថិតក្នុងដំណាក់កាលដំណើរការ»។
ទោះបីយ៉ាងនេះក្តីលោកលើកឡើងថា ជាធម្មតាអ្នកវិនិយោគគេតែងធ្វើអ្វីមួយឲ្យមានលេចចេញជារូបភាពឡើងជាមុន ដើម្បីឲ្យទីផ្សារមានភាពរង្គើ ហើយអាចអនុញ្ញាតឲ្យពួកគេប្រមូលលុយបានមកមុនខ្លះ។
លោកបន្តថា៖ «ខ្ញុំគិតថា នៅពេលគេប្រមូល Fund បានខ្លះទើបគេដាក់ពាក្យមកក្រសួង»។
ឯកសារ ២៩ ទំព័រ ដែលបានដាក់នៅផ្សារហ៊ុនហុងកុងកាលពីខែមុន បានឲ្យដឹងថា ក្រុមហ៊ុន NagaCoprp Ltd បានប្រកាសគម្រោង Naga 3 មានតម្លៃ ៤ ពាន់លានដុល្លាររបស់ខ្លួន នៅទីតាំងអតីត «អគារប៊ុលឌិង»។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនបានទិញដីបន្ថែមទំហំ ៩ ០៨០ ម៉ែត្រការ៉េ ជាប់នឹងដីអតីតអគារប៊ុលឌិង ដើម្បីសាងសង់ប្លុកអគារចំនួន ៥ មានកម្ពស់ ៦៦ ជាន់ ដែលទទួលបានការយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែក្រុមហ៊ុននេះ មិនបានលើកឡើងពីពេលវេលានៃការចាប់ផ្ដើមគម្រោងនេះទេ។
ដីជាប់នឹងអតីតអគារប៊ុលឌិង ដែលក្រុមហ៊ុនអះអាងថាបានទិញបន្ថែមសម្រាប់គម្រោង Naga 3 ជាទីតាំងនៃការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន 7NG Group Co Ltd ដែលនៅពេលនេះកំពុងត្រូវបានវាយកម្ទេចចោល។
លោក ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG Group បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ដីនេះនឹងយកមកសាងសង់អគារថ្មីផ្សេងទៀត។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើទីតាំងសម្រាប់សង់អគារថ្មីនេះនឹងជាគម្រោង Naga 3 ឬជារបស់ 7NG នោះទេ។
លោក ស្រី ចាន់ថន បានថ្លែងថា៖ «ការប្តូរការិយាល័យកណ្ដាលរបស់ក្រុមហ៊ុននេះ នឹងបើកផ្លូវសម្រាប់ការអភិវឌ្ឍអគារខ្ពស់ៗ ហើយខ្ញុំមិនដឹងថា ជាអគារអ្វីនៅឡើយទេ ខ្ញុំនឹងជូនដំណឹងនៅពេលក្រោយ»។
បច្ចុប្បន្ន ផ្នែកមួយចំនួននៃដីនេះដែលនៅជិតស្ថានទូតរុស្ស៊ី ត្រូវបានមើលឃើញការសាងសង់គ្រឹះអគារដ៏ធំ ជាគម្រោងដែលគេមិនបានប្រាប់ឲ្យដឹង៕LA