ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​នៅ​ដើមឆ្នាំ​ ២០២០ នេះ​ដោយ​ក្នុង​រយៈពេល​ជិត​ ៦ ​ខែ​មកនេះ​មាន កិច្ចសន្យា​ប្រមាណ​ជាង ៥០០ ​ករណី​ ត្រូវ​បាន​ធ្វើ​រួចរាល់​។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ក្នុង​រយៈពេល​ជិត ៦ ​ខែ​នេះ​វិស័យ​ឯកជន​បាន​ចុះ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ជាមួយ​ប្រជាកសិករ​បាន​សរុប ៥១៦ ​ករណី ខណៈ​កាលពី​ឆ្នាំ​ ២០១៩ ទាំងមូល​មាន​ត្រឹមតែ ៤៩៨ ​ករណី​ប៉ុណ្ណោះ​។

ការលើកឡើង​របស់​លោក វេង សាខុន ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តីពី​ «​ការទិញ លក់ ចែកចាយ​ផលិតផល​កសិកម្ម​រវាង​ក្រុមហ៊ុន LY LY Food Industry Co., LTD និង LY LY Kameda Co., Ltd ជាមួយ​ក្រុម​ផលិត ផ្គត់ផ្គង់ ចែកចាយ​ផលិតផល​កសិកម្ម​» កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក វេង សាខុន បាន​ឲ្យ​ដឹងថា កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​កំពុង​ជួយ​ជំរុញ​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​កែច្នៃ​របស់​កម្ពុជា​ទាំង​នៅក្នុង​ស្រុក និង​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។ កិច្ចសន្យា​ផលិតកម្ម​កសិកម្ម មិន​ត្រឹម​តែ​ជួយ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ធ្វើឲ្យ​កម្ពុជា​ប្រើប្រាស់​វត្ថុធាតុដើម​អស់ពី​លទ្ធភាព កាត់បន្ថយ​ការនាំ​ចូល និង​បង្កើត​ឱកាស​ការងារ​ទៀតផង​។

លោក​ថ្លែងថា​៖ «​ការចូលរួម​យ៉ាងសកម្ម​ពី​ដៃគូ​ឯកជន​ប្រាកដ​ជា​នឹង​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា តាមរយ:​ការបន្ត​ជំរុញ​ការធ្វើ​ពាណិជ្ជ​នីយកម្ម និង​ការអភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម​ដែល​វា​នឹង​ជួយ​បង្កើន​តម្លៃ​បន្ថែម​លើ​កសិផល រក្សា​និរន្តរភាព​ការផលិត ការផ្គត់ផ្គង់ និង​បន្ត​ចូលរួម​បង្កើន​ចំណូល​ដល់​គ្រួសារ​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥»​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LY LY Food Industry Co.,- LTD និយាយថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​ប្រជាជន​ដែល​ធ្វើ​ការដាំដុះ​បន្លែ ផ្លែឈើ​មាន​ច្រើន ប៉ុន្តែ​ពួកគេ​តែងតែ​ជួប​បញ្ហា​ពិបាក​រក​ទីផ្សារ​នៅពេល​រដូវ​ប្រមូលផល​ម្តងៗ ដែល​ធ្វើឲ្យ​ពួកគេ​ត្រូវ​ខាតបង់​ប្រាក់ ព្រមទាំង​ឈាន​ទៅ​ដល់​ការបោះបង់ចោល​ការដាំដុះ ឬ​ធ្វើ​ចំណាកស្រុក​ផង​ក៏មាន​។

អ្នកស្រី​បន្តថា កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​មិន​ត្រឹមតែ​ជួយ​ដល់​អ្នក​ដាំដុះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​គុណភាព​ផលិតផល​កម្ពុជា​ត្រូវបាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ផងដែរ​។

អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង ព្រោះ​រាល់​ផលិតផល​ដែល​ផលិត​ចេញ​ពី​កសិផល​ខ្មែរ​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិនអាច​ទាក់ទង​បានទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​កាលពី​ពេល​កន្លងមក លោក​និយាយ​ថា ការធ្វើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម គឺជា​ការចាំបាច់​ក្នុង​ការលើកកម្ពស់​ផលិតកម្ម​កម្ពុជា​ឲ្យ​បាន​កាន់តែ​រឹងមាំ និង​មាន​ឧត្តមភាព​លើ​ទីផ្សារ​អន្តរជាតិ​។

ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក គង់ ភាជ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ពង្រឹង​ការដាំដុះ និង​ទំនុកចិត្ត​ដល់​ប្រជាកសិករ ដោយ​ចំនួន​ការចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​បាន​កើនឡើង​យ៉ាងច្រើន​។

លោក​បាន​បន្តថា កិច្ចសន្យា​ផលិតផល​កសិកម្ម​មាន​គុណសម្បត្តិ​ជាច្រើន ដោយ​វា​មិន​ត្រឹមតែ​ជួយ​អ្នក​ដាំដុះ​ឲ្យ​ធានាបាន​នូវ​ទីផ្សារ​មួយ​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​អ្នក​ដាំដុះ​ទទួល​បាន​នូវ​ការជួយ​ផ្នែក​បច្ចេកទេស ធនធាន និង​ពូជ​អ្នកជំនាញ ឬ​អាជ្ញាធរ​ផងដែរ​។

លោក​បន្ថែមថា បច្ចុប្បន្ន​កម្ពុជា​លែង​ជា​ប្រទេស​ធ្វើ​កសិកម្ម​សម្រាប់តែ​ហូប​លក្ខណៈ​គ្រួសារ​ទៀតហើយ​។

លោក​ថ្លែងថា​៖ «​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​មានន័យ​ថា ជាការ​ជួយ​គិត​គ្នា ក្នុង​ការស្វែងរក​ទីផ្សារ ពូជ និង​ស្វែងរក​វិធី​ដោះស្រាយ​រួមគ្នា​»​។

បើ​យោងតាម​លោក ភាជ កាលពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ចំនួន​នៃ​ការចុះកិច្ចសន្យា​ផលិតផល​កសិកម្ម​នេះ​មាន​ត្រឹមតែ​ ៩៣ ​ប៉ុណ្ណោះ ដែល​ភាគច្រើន​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​៕ LA