ភ្នំពេញៈ អេស៊ីលីដា​នឹង​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ បន្ទាប់ពី​បាន​បញ្ចប់​ដំណើរការ​កំណត់ថ្លៃ​ភាគហ៊ុន​ប្រកប​ដោយ​ជោគជ័យ​កាលពី​ពាក់កណ្ដាល​ខែ​មីនា​កន្លង​មក​។ ធនាគារ​នេះ​នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​ចុះបញ្ជី​លើ​ផ្សារហ៊ុន​កម្ពុជា​។

វិនិយោគិន​ប្រហែល ២ ៤៩៧ ​នាក់​បាន​ធ្វើ​បរិវិសកម្ម​រួច​មក​ហើយ​ទៅលើ​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ​ក្នុងនោះ ៩៥,៦ ​ភាគរយ​ជា​វិនិយោគិន​ក្នុងស្រុក​។ តម្លៃ​លក់​ភាគហ៊ុន​ចុងក្រោយ​គឺ ១៦ ២០០ ​រៀល ឬ​ ៤,០៥ ​ដុល្លារ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ឲ្យ​ដឹងថា ភាគទុនិក​សាធារណៈ​ថ្មីៗ​របស់​ធនាគារ​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កំណើន​របស់​ធនាគារ​តាមរយៈ​ការទទួល​ភាគលាភ និង​មូលធន​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការចូលរួម​ក្នុង​ដំណាក់កាល​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​អេស៊ីលីដា ភីអិលស៊ី វិនិយោគិន​រូបវន្តបុគ្គល និង​នីតិបុគ្គល​មាន​ឱកាស​វិនិយោគ​នៅក្នុង​ធនាគារពាណិជ្ជ​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។ IPO របស់​ធនាគារ​អេស៊ីលីដា​បាន​ទាក់ទាញ​ក្រុម​វិនិយោគិន​លក់រាយ​ជនជាតិ​កម្ពុជា​ជាច្រើន​ចូលមក​ផ្សារមូលបត្រ​កម្ពុជា (CSX) ជា​លើកដំបូង ហើយ​នឹង​បន្ត​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​»​។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរីធី​ (​ខេមបូឌា​) ភីអិលស៊ី បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​ការចុះបញ្ជី​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នៅក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា មូលធនូបនីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​នឹង​កើនឡើង​ ៣ ​ដង​។

លោក​ថ្លែងថា​៖ «​យើង​ជឿថា ធនាគារ​អេស៊ីលី ភីអិលស៊ី បាន​បោះជំហាន​ដំបូង​ដ៏សំខាន់ ដើម្បី​ក្លាយ​ជា​ប្រជាធនាគារ​ដ៏ពិតប្រាកដ​តាមរយៈ​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​នេះ​»​។

ជាមួយ​នឹង​បទពិសោធ​ជាង ២៧ ​ឆ្នាំ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចាប់​ផ្តើមដំបូង​ក្នុង​នាម​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ១៩៩៣ ជាមួយ​ដើមទុន​វិនិយោគ ៦០០ ០០០ ​ដុល្លារ​។ បច្ចុប្បន្ន​ដើមទុន​របស់​ធនាគារ​នេះ បាន​កើន ៧០០ ​ដង ខណៈ​ទ្រព្យសកម្ម​សរុប​មាន​ប្រហែល ៦ ​ពាន់​លាន​ដុល្លារ កើន​ជាង ៩ ០០០ ​ដង និង​ប្រាក់ចំណេញ​សុទ្ធ​បាន​កើន​ជិត ២ ០០០ ​ដង​។ នេះ​បើ​តាម​លោក អ៊ិន ចាន់នី​៕ LA