ភ្នំពេញៈ ក្រសួង​ពាណិជ្ជ​កម្ម​បាន​​ចុះ​បញ្ជី​ម៉ាក​​ពាណិជ្ជ​កម្ម កើន​​សរុប​ចំនួន​ ២៦៩​ ម៉ាក​ ក្នុង​ឆ្នាំ ​២០១៨​ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​ម៉ាក​​ពាណិជ្ជ​កម្ម​​ក្រុមហ៊ុន​ ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​នៅ​ឆ្នាំ​នេះ​​កើន​ដល់ ៤ ១៨៦ ​គឺ​កើន​ឡើង​ពី​ ៣ ៩១៧ ​កាល​ពី​ឆ្នាំ​ ២០១៧​។​ នេះ​បើ​​​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​​។​

លោក ​អប​ រ៉ាឌី ​ប្រធាន​នាយកដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ​កំណើន​ការ​ចុះ​បញ្ជី​ម៉ាក​​ពាណិជ្ជ​កម្ម​ កំពុង​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ដឹង​​អំពី​អត្ថ​ប្រយោជន៍​ម៉ាក​​ពាណិជ្ជ​កម្ម​របស់​​​ប្រតិបត្តិករ​ក្រុមហ៊ុន​។​

របាយ​ការណ៍​​បង្ហាញ​ថា ​ក្រសួង​​ក៏​បាន​ទទួល​ពាក្យ​សុំ​ចុះ​​បញ្ជី​ម៉ាក​ពាណិជ្ជ​កម្ម​កើនចំនួន​ ៨១៩ ​ក្នុង​ឆ្នាំ​ ២០១៨​ ផង​ដែរ ​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​ពាក្យ​សុំ​ ​ឡើង​ដល់ ​៥ ៩៤២ ​នៅ​ឆ្នាំ​នេះ​ ធៀប​នឹង​ឆ្នាំ ២០១៧ មាន​ចំនួន ​៥ ​១២៣។​ ​

ក្នុង​ចំណោម​ការ​​ពាក្យ​សុំ​ចុះ​បញ្ជី​ទាំង​នោះ​ មាន​ ២ ​២៤០​គឺ​ជា​ម៉ាក​​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​។​ លោក​ថ្លែង​ថា​​៖ «​វា​បង្ហាញ​ថា ​ការ​យល់​ដឹង​អំពី​ម៉ាក​ពាណិជ្ជ​កម្ម​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ខណៈ​ក្រសួង​ពាណិជ្ជ​កម្ម​កំពុង​ព្យាយាម​​ផ្សព្វផ្សាយ​ពី​អត្ថ​ប្រយោជន៍​​នៃ​ម៉ាក​ពាណិជ្ជ​កម្ម​ និង​កម្ម​សិទ្ធិ​បញ្ញា​»​​។​ ​

លោក​ថ្លែង​ថា​៖ ​«​​ប្រតិបត្តិករ​ក្រុមហ៊ុន​បាន​​ដឹង​ហើយ​ថា ម៉ាក​​ពាណិជ្ជ​កម្ម នឹង​ការពារ​ផលិត​ផល​​ និង​ធានា​គុណ​ភាព​របស់​ពួក​គេ​ ព្រម​ទាំង​បង្កើន​ទំនុក​ចិត្ត​ដល់​អតិថិជន​»​។ លោក​​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​នៅ​ក្នុង​ម៉ាក​​​ពាណិជ្ជ​កម្ម ​ប្រតិបត្តិករ​​ក្រុមហ៊ុន អាច​ប្ដឹង​ប្រឆាំង​នឹង​បញ្ហា​ស្មុគស្មាញ​ណា​មួយ​ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ថ​ប្រយោជន៍​ផលិត​ផល​របស់​​ពួក​គេ​»​។​

ប្រទេស​ កម្ពុជា ​បាន​ចូល​រួម​​ក្នុង​ពិធី​សារ​​ Madrid Protoco​l កាល​ពី​ខែ​មីនា​ ឆ្នាំ ២០១៥ ដោយ​​​កិច្ច​ព្រមព្រៀង​នេះ​​ចាប់​ផ្ដើម​អនុវត្ត​កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០១៥​។​

ស្ថិត​ក្រោម​ប្រព័ន្ធ​ Madrid ម៉ាក​​​ពាណិជ្ជ​កម្ម​ ដែល​ត្រូវ​បាន​ចុះ​​បញ្ជី​ដោយ​​ក្រុមហ៊ុន​នៅ​​​កម្ពុជា អាច​ត្រូវ​បាន​ទទួល​ស្គាល់​​ដោយ​សមាជិក​ទាំង​ ៩៨ របស់​​សន្ធិ​សញ្ញា​នេះ​ ដែល​គ្រប​​ដណ្ដប់​លើ​​ប្រទេស​​ ១១៤។​

របាយ​ការណ៍​នេះ​បាន​បង្ហាញ​​ថា ម៉ាក​ពាណិជ្ជ​កម្ម ស្ថិត​ក្រោម​ប្រព័ន្ធ​​ Madrid ដែល​បាន​​ដាក់​ពាក្យ​សុំ​​​ចុះ​បញ្ជី​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ ៨,​៩៣%​ ធៀប​នឹង​ឆ្នាំ​មុន​។ ទោះបី​យ៉ាង​នេះ​​ក្តី ក្រសួង​បាន​ចុះ​បញ្ជី​ម៉ាក​​ពាណិជ្ជ​កម្ម ១១៥៣ ស្ថិត​ក្រោម​​ប្រព័ន្ធ​ Madrid នៅ​ឆ្នាំ​នេះ​​។​

លោក តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​​សមាគម​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​​ម៉ាក​ពាណិជ្ជ​កម្ម​ ដែល​ចុះ​បញ្ជី​នោះ​គឺ​ជា​សញ្ញា​ល្អ​មួយ និង​បង្ហាញ​អំពី​ការងារ​ដ៏​ពិបាក​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ ក្នុង​ការ​ផ្សព្វផ្សាយ​ម៉ាក​​ពាណិជ្ជ​កម្ម​នេះ​។​

លោក​ឲ្យ​ដឹង​ថា វា​បង្ហាញ​ថា សហ​គ្រាស​ធុន​តូច​ និង​មធ្យម ​កាន់​តែ​ច្រើន​កំពុង​ទទួល​បាន​ការ​យល់​ដឹង​អំពី​ម៉ាក​​ពាណិជ្ជ​កម្ម​នេះ​។​ ​លោក​បាន​ថ្លែង​ថា​៖ «​វា​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​​នេះ ដែល​ SME គោរព​តាម​ច្បាប់​ និង​យល់​ដឹង​ពី​អត្ថ​ប្រយោជន៍​អំពី​សញ្ញា​ពាណិជ្ជ​កម្ម»។

លោក​បាន​​​បន្ត​ទៀត​ថា​៖ «​ក្រសួង​ពាណិជ្ជ​កម្ម​ក៏​បាន​ចាត់​វិធាន​ការ​កាន់​តែ​ច្រើន​ផង​ដែរ​សម្រាប់​​ម៉ាក​ពាណិជ្ជ​កម្ម​ក្លែងក្លាយ​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​សម្រាប់​​ប្រតិបត្តិករ​ក្រុមហ៊ុន និង​អតិថិជន​»​៕​LA