ភ្នំពេញ: រដ្ឋាភិបាលបានធ្វើការកែសម្រួលតម្លៃសេវាសាធារណៈចំនួន ៣ ប្រភេទ ដើម្បីជំរុញការចុះបញ្ជីពាណិជ្ជកម្ម និងជំរុញការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
បើយោងតាមប្រកាសរបស់អន្តរក្រសួងគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា រដ្ឋាភិបាលសម្រេចកែសម្រួលតម្លៃសេវាសាធារណៈលើប្រភេទសេវាចំនួន ៣ គឺការស្នើសុំចុះឈ្មោះនៅក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនពាណិជ្ជកម្មដែលតម្លៃសេវាថ្មី ១ ០១០ ០០០ រៀល ខណៈកាលពីមុនមានតម្លៃ ១ ៦៨០ ០០០ រៀល។
រីឯសហគ្រាសឯកត្តបុគ្គល ឬពាណិជ្ជករត្រូវបានចុះបញ្ជីក្នុងតម្លៃត្រឹម ១៨០ ០០០ រៀលចុះតម្លៃពី ៣០០ ០០០ រៀល និងការពិនិត្យនាមករណ៍ក្រុមហ៊ុន សហគ្រាសមានតម្លៃ ២៥០០០ រៀលចុះពី ៤០ ០០០ រៀល។ ប្រកាសនេះឲ្យដឹងថា សេចក្តីសម្រេចនេះចាប់អនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា តទៅ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការបញ្ចុះតម្លៃសេវាសាធារណៈនេះនឹងជួយទាក់ទាញការវិនិយោគ និងជំរុញឲ្យមានការចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ។ លោកថ្លែងថា៖ «ការសម្រួលតម្លៃឲ្យទាបនឹងជួយសម្រួលដល់អ្នករកស៊ីមកធ្វើការវិនិយោគកាន់តែច្រើនថែមទៀត។ ការបញ្ចុះតម្លៃសេវានៅពេលនេះក៏នឹងបង្ហាញឲ្យអ្នកវិនិយោគជឿជាក់លើរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់លើវិស័យឯកជនចំពេលមានការរីករាលដាលជំងឺកូវីដ១៩ ហើយម្យ៉ាងទៀតការកំណត់តម្លៃសេវាសាធារណៈច្បាស់លាស់វាក៏នឹងជួយឲ្យការគ្រប់គ្រងពន្ធរបស់រដ្ឋាភិបាលកាន់តែមានភាពល្អប្រសើរថែមទៀត»។
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ចំនួនក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងបានកើនឡើងជាង ២៣ ភាគរយក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
របាយការណ៍បានបង្ហាញថា ចាប់ពីខែមករាដល់វិច្ឆិកា ការចុះបញ្ជីពាណិជ្ជកម្មកើនឡើង ២៣,៥៤ ភាគរយដោយមានចំនួន ១៦ ២០៨ ក្រុមហ៊ុន។ ក្នុងចំណោមនោះការចុះបញ្ជីពាណិកម្មក្រុមហ៊ុនបរទេសបានធ្លាក់ចុះ ៣៧,៦៩ ភាគរយដែលមានចំនួន ៨១ ក្រុមហ៊ុន ខណៈការចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនក្នុងស្រុកមានចំនួន ៥ ៤៧០ កើន ៩៥,១៤ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ២ ៨០៣៕ LA