ភ្នំពេញៈ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (A Geographical Indications: GI) ​នឹង​មិន​អាចមាន​ផលិតផល​ណាមួយ​ត្រូវបាន​ចុះបញ្ជី​ទេ​នៅក្នុង​ឆ្នាំ​ ២០២០ នេះ​ខណៈ​ការដាក់​ឯកសារ​ស្នើសុំ​ចុះបញ្ជី​មក​ក្រសួង​ពាណិជ្ជកម្ម​ក៏មិន​មាន​ដែរ​ពេលនេះ​។ នេះ​បើ​តាម​មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ចំនួន ៣ ដែល​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​រួមមាន​ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូច​ត្លុង​កោះទ្រង់​ (​ក្រចេះ​)​។

លោក អប់ រ៉ាឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​ការចុះបញ្ជី GI នឹង​មិន​មាន​ទេ​ក្នុងឆ្នាំនេះ ព្រោះ​មក​ដល់​ពេល​នេះ​ក្រសួង​មិន​ទទួល​បាន​ពាក្យស្នើសុំ​ការចុះបញ្ជី​ណាមួយ​ជា​ផ្លូវការ​ឡើយ ខណៈ​ការរីករាលដាល​នៃ​ជំងឺឆ្លង​កូវីដ​១៩ អាច​ជា​ចំណែក​មួយ​ដែល​ធ្វើឲ្យ​សកម្មភាព​ការងារ​មួយចំនួន​ត្រូវ​បន្ថយល្បឿន​។ លោក​បន្តថា ម្យ៉ាងទៀត​ដើម្បី​អាច​ឲ្យ​ផលិតផល​មួយ​ទទួល​បាន GI គេ​ត្រូវការ​ពេលវេលា​មិនតិច​ជាង ២ ​ឆ្នាំ​ទេ ព្រោះ​ក្រុម​អ្នកជំនាញ​ត្រូវការ​ចុះទៅពិនិត្យ និង​វាយតម្លៃ​ជាច្រើន​លើក​។

លោក​ថ្លែងថា​៖ «​ការចុះបញ្ជី GI ប្រៀប​បាន​ទៅនឹង​ការធ្វើ​ផ្លូវថ្នល់​ដែរ ដោយ​ត្រូវការ​ពេល​យូរ ហើយ​ពេលខ្លះ​ត្រូវ​បរាជ័យ​នៅ​ពាក់កណ្តាល​ទី​ផងដែរ​»​។

បើ​តាម​លោក រ៉ាឌី ការនាំយក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ណាមួយ​មក​ចុះបញ្ជី​គឺ​ត្រូវការ​ការសហការ​គ្នាច្រើន​ចាប់​តាំងពី​ប្រជាកសិករ​ក្នុង​សមាគម ដៃគូ​ពាក់ព័ន្ធ ​អ្នកជំនាញ និង​អាជ្ញាធរ​ក្រសួង​ពាណិជ្ជកម្ម​ជាដើម​។ លោក​ថ្លែងថា​៖ «​ការចុះបញ្ជី GI នឹង​ផ្តល់​ផលពិសេស​ជាច្រើន​ដូចជា ការទទួល​បាន​សិទ្ធិ​រារាំង​ទៅកាន់​ភាគី​ណា​ដែល​យក​ផលិតផល​ចុះបញ្ជី GI រួចហើយ​ទៅ​ប្រើប្រាស់ ឬ​ផលិត​ដោយ​មាន​រូបរាង​ប្រហាក់ប្រហែល ឬ​ក្លែងបន្លំ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

ទោះយ៉ាងណា​លោក រ៉ាឌី បញ្ជាក់ថា ផលិតផល​ដែល​បាន​ចុះ GI មាន​ន័យ​ថា ជា​ផលិតផល​កម្រ ហេតុនេះ​មិនមែន​គ្រប់​ផលិតផល​សុទ្ធតែ​អាច​យក​មក​ស្នើសុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បានទេ​។

ច្បាប់​ស្តីពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បាន​កំណត់ថា «​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​សំដៅ​ដល់​ឈ្មោះ​សញ្ញា​សម្គាល់ និង​/​ឬ​រូបភាព​ផ្សេងៗ​ទៀត​ដែលមាន​លក្ខណៈ​ញែក​ដាច់​ដែល​ជា​ឈ្មោះ ឬ​តំណាង​ឲ្យ​ប្រភព​ដើម​នៃ​តំបន់​ភូមិសាស្ត្រ​មួយ ហើយ​ឈ្មោះ​សញ្ញា​សម្គាល់ និង​/​ឬ​រូបភាព​នោះ​សម្រាប់​កំណត់​អត្តសញ្ញាណ​ទំនិញ​មាន​ប្រភព​ក្នុង​ភូមិសាស្ត្រ​នោះ​ដែល​បាន​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​ដល់​គុណភាព កិត្តិសព្ទ ឬ​ចរិតលក្ខណៈ​ផ្សេងទៀត​នៃ​ទំនិញ​ដែល​កើតចេញ​ពី​តំបន់​ភូមិសាស្ត្រ​នោះ​»​។

លោក សុក សារ៉ង អ្នកជំនាញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) បាន​និយាយ​ថា ប្រសិនបើ​ផលិតផល​មួយ​ត្រូវបាន​ចុះបញ្ជី​ GI វា​នឹង​ផ្តល់នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​សហគមន៍​ដាំដុះ និង​អ្នកពាក់ព័ន្ធ​។ ការទទួល​បាន GI មាន​ន័យថា ផលិតផល​នោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​។ លោក​ប្រាប់ថា​៖ «GI នឹង​ជួយ​លើក​កិត្តិនាម​ជា​ផលិតផល​មាន​គុណភាព​ខ្ពស់​ប្រចាំ​តំបន់​ផលិត​/​ដាំដុះ ជួយ​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ​ទទួល​បាន​តម្លៃ​ខ្ពស់ និង​មាន​ការធានា​តម្លៃ​»​។

លោក​បន្ថែមថា ការទទួល​បាន GI ក៏​មិនមែន​ជា​ការងាយស្រួល​ទេ ដោយ​វា​ត្រូវ​ឆ្លងកាត់​នីតិវិធី​ជាច្រើន​។ លោក​អះអាង​ថា​៖ «​ដើម្បី​សុំ​ចុះបញ្ជី GI បាន​ជា​ដំបូង​គេ​ត្រូវ​ប្រមូលផ្តុំ​ក្រុម​ដើម្បី​បង្កើត​សហគមន៍ ការកំណត់​តំបន់​ភូមិសាស្ត្រ ការ​ស្វែង និង​ការរៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​ជាដើម​»​។

អ្នកស្រី តឹករ៉េត កំរ៉ង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​បាន​និយាយថា កម្ពុជា​ក៏​គ្រោង​នឹង​យក​ផលិតផល​ចំនួន ៦ ​មុខ​ទៀត​ទៅ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប (EU) ​ដែល​មាន​ដូចជា ក្រូច​ពោធិ៍សាត់ អំបិល​កំពត ទុរេនកំពត ​អង្ករ​ថ្មគោល សូត្រ​ភ្នំស្រុក និង​ពងទា​កូន​ស្រែ​ននោង (​ខេត្ត​តាកែវ​)៕ LA