ភ្នំពេញៈ អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​​បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​កម្ពុជា ​គួរ​តែ​ពិចារណា​ចូល​រួម​នៅ​​ក្នុង​អនុសញ្ញា​ Capetown​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​វិស័យ​អាកាសចរណ៍​ ខណៈ​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​នៅ​ក្នុង​វិស័យ​នេះ​។​

អនុសញ្ញា ​Capetown ​គឺ​ជា​យន្តការ​​មួយ ​ដែល​អាច​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជួល ​ឬ​ទិញ​យន្តហោះ ​និង​ឧទ្ធម្ភាគចក្រ ​ក្នុង​តម្លៃ​កាន់​តែ​ទាប ​ព្រម​ទាំង​ការ​ទិញ​បច្ចេកវិទ្យា​អាកាសចរណ៍​ចុង​ក្រោយ​​មួយ​ចំនួន​។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​សហការ​ជា​មួយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (​AmCham Cambodia​) និង​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​របស់​កម្ពុជា ​កាល​ពី​ថ្ងៃ​សុក្រ​មុន បាន​រៀបចំ​សិក្ខា​សាលា​មួយ​ស្ដីពី «​អាកាសចរណ៍ ​និង​អនុសញ្ញា ​Capetown»​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​​ក្នុង​ព្រឹត្តិការណ៍​នេះ ​លោក ​ Michael Newbill ភារធារី​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​កំពុង​រីក​ចម្រើន​យ៉ាង​រហ័ស​ ដែល​នាំយក​​ឱកាស​កំណើន​ដ៏​ធំ​មួយ​​សម្រាប់​អាកាសចរណ៍​របស់​​ប្រទេស​នេះ​។​

ខណៈ​ពល​រដ្ឋ​ព្រម​ទាំង​ភ្ញៀវ​ទេសចរ​ត្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាកាស​ចរណ៍​ និង​សេវា​ទំនើប​ ដើម្បី​គាំទ្រ​​កំណើន​ការ​ធ្វើ​ដំណើរ ​និង​ពាណិជ្ជកម្ម​អន្តរជាតិ ​លោក ​Michael ​បាន​ឲ្យ​ដឹង​ថា ​ការ​ទទួល​យក​អនុសញ្ញា Capetown ​អាច​អនុញ្ញាត​ឲ្យ​​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុជា ​ជួល ​ឬ​ទិញ​យន្តហោះ​ និង​ឧទ្ធម្ភាគចក្រ ​ក្នុង​តម្លៃ​កាន់​តែ​ទាប ​ព្រម​ទាំង​ការ​ទិញ​បច្ចេកវិទ្យា​អាកាសចរណ៍​ចុង​ក្រោយ​​មួយ​ចំនួន​នៅ​លើ​ទីផ្សារ​នេះ​។

លោក​ថ្លែង​ថា​៖ ​«​ប្រសិន​បើ​អ្នក​សម្លឹង​​មើល​កំណើន​ទេសចរណ៍​នៅ​ក្នុង​ប្រទេស ​កម្ពុជា វា​ខ្ពស់​ខ្លាំង ហើយ​វិស័យ​​អាកាសចរណ៍​ គឺ​ជា​វិស័យ​ដ៏​ធំ​បំផុត ​និង​វិជ្ជមាន​បំផុត ​សម្រាប់​កំណើន ​ហើយ​​យើង​ចង់​បន្ត​កំណើន​នោះ​»។

សិក្ខា​សាលា​អនុសញ្ញា ​Cape Tow​n ​ ​គឺ​ជា​កម្មវត្ថុ​ ក្នុង​ការ​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុជា យល់​​ដឹង​កាន់​​តែ​ប្រសើរ​អំពី​អត្ថ​ប្រយោជន៍​របស់​អនុសញ្ញា​ Cape Tow​n ​និង​រៀន​សូត្រ​កាន់​តែ​ច្រើន​អំពី​របៀប​ដែល​អនុសញ្ញា​នេះ​អាច​គាំទ្រ​ចំនួន​កំណើន​ក្រុមហ៊ុន​អាកាសចរណ៍ ឧទ្ធម្ភាគចក្រ​ជា​ច្រើន​​របស់​​ប្រទេស​នេះ​ ដែល​រួម​ទាំង​របៀប​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ និង​ការ​ជួល​យន្តហោះ​ ព្រម​ទាំង​ផ្ដល់​​ប្រភព​​ហិរញ្ញវត្ថុ​ថ្មីៗ​ផង​ដែរ​។​

មាន​តំណាង​​ ១៣ ​មក​ពី​វិស័យ​អាកាសចរណ៍​របស់​អាមេរិក ដែល​​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ ដូច​ជា​ក្រុមហ៊ុន ​Boeing ​ក្រុមហ៊ុន General Electric ​ក្រុមហ៊ុន Aircastle ​​និង​ ​Magellan ​Aviation ​Group។

លោក ​ស៊ិន​ ចាន់​សេរីវុត្ថា​ អ្នក​នាំ​ពាក្យ​នៅ​រដ្ឋ​លេខាធិការដ្ឋាន​​អាកាសចរ​ស៊ីវិល​ បាន​ឲ្យ​ដឹង​ថា ការ​ទទួល​យក​​អនុសញ្ញា​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ​សម្រាប់​​​កម្ពុជា ​ដែល​វិស័យ​អាកាសចរណ៍​កំពុង​រីក​ចម្រើន​។​

លោក​​​​ឲ្យ​ដឹង​ថា ​​ ក្រុមហ៊ុន​អាកាសចរណ៍​​កម្ពុជា​ទាំង​អស់​ប្រើប្រាស់​យន្តហោះ​​​ប្រហែល​ ៣០ គ្រឿង ប៉ុន្តែ​​​មិន​​បាន​ជួល​យន្តហោះ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​យន្តហោះ​នេះ​ទេ​ដោយ​សារ​ការ​មិន​ចូលរួម​ក្នុង​អនុសញ្ញា​នេះ។

លោក សេរី​វុត្ថា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​​ក្នុង​ស្រុក​ ត្រូវ​ការ​ក្រុមហ៊ុន​ទី៣ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ធានា​​ក្នុង​ការ​ជួល​យន្តហោះ​របស់​ខ្លួន​។​

លោក​ថ្លែង​ថា​៖ «​យើង​នឹង​ចូល​រួម ​ប៉ុន្តែ​វា​នឹង​មាន​ការ​ពិបាក​មួយ​ចំនួន។ ដើម្បី​ចូលរួម​​ក្នុង​អនុសញ្ញា capetow​n​ យើង​នឹង​ចាំបាច់​ត្រូវ​​ប្រឈម​នឹង​​​បញ្ហា​មួយ​ចំនួន ​ដូច​ជា​ត្រូវ​កែ​តម្រូវ​​ច្បាប់​ ដែល​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​»។

លោក​​​បន្ថែម​ថា ដើម្បី​ចូល​រួម​ដោយ​ជោគជ័យ​នៅ​ក្នុង​អនុសញ្ញា​នេះ​​​ចាំបាច់​ត្រូវ​ការ​ពេលវេលា​​ ធនធាន​មនុស្ស​ និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​»៕LA