ទីក្រុងហ្វ្រែងហ្វឺតៈ ការលេចចេញ​ជាថ្មី​នៃ​ការរាតត្បាត​វីរុស​កូរ៉ូណា និង​ការចាប់ផ្តើម​ដ៏ពិបាក​ចំពោះ​ការចាក់​វ៉ាក់សាំង​ទំនងជា​នាំឱ្យ​ប៉ះពាល់​ដល់​គំនិត​របស់​ទេសាភិបាល​ធនាគារកណ្តាល​អឺរ៉ុប​ (ECB) ​នៅពេល​ពួកគេ​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ប៉ុន្តែ​ពួកគេ​ត្រូវបាន​គេ​រំពឹងថា​នឹង​ឈប់​ធ្វើ​សកម្មភាព​ថ្មីៗ​។

ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​មាន​សមាជិក​ ២៥ ​រូប​ ទំនងជា​នឹង​រក្សាទុក​គោលនយោបាយ​រូបិយវត្ថុ​ធូររលុង​របស់ខ្លួន បន្ទាប់ពី​ចាក់បញ្ចូល​កញ្ចប់​ថវិកា​ជំរុញ​បន្ថែម​ទៅក្នុង​សេដ្ឋកិច្ច​សម្រាប់​តំបន់​ចាយប្រាក់​អឺរ៉ូ​នៅ​កិច្ចប្រជុំ​កាលពី​ខែ​មុន​។

ស្ថានប័ន​ហិរញ្ញវត្ថុ​នេះ​បាន​ពង្រីក​កម្មវិធី​ទិញ​សញ្ញាបណ្ណ​ (PEPP) ​បន្ទាន់​នៃ​ការរាតត្បាត​របស់ខ្លួន​ពី​ចំនួន​ ៥០០ ​ពាន់​លាន​អឺរ៉ូ​ (៦០០ ​ពាន់​លាន​ដុល្លារ​) ដល់ ១,៨៥ ​ពាន់​ពាន់​លាន​អឺរ៉ូ (២,២៣ ​ពាន់​លាន​ដុល្លារ​) និង​ពន្យារពេល​គម្រោង​នេះ​រហូត​ដល់​ខែមីនា ឆ្នាំ​ ២០២២​។ស្ថាប័ន​នេះ​ក៏បាន​ប្រកាស​ផ្តល់​កម្ចី​ការប្រាក់​ថោក​ដល់​ធនាគារ​លក់រាយ​ផងដែរ​។

លោក Andrew Kenningham នៃ​ក្រុមហ៊ុន Capital Economics បាន​និយាយថា​៖ «​អ្នកធ្វើ​គោលនយោបាយ​នឹង​រីករាយ​នៅក្រៅ​កិច្ចប្រជុំ និង​ប្រកាស​ឡើងវិញ​ថា ពួកគេ​នឹង​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​តំបន់​ចាយប្រាក់​អឺរ៉ូ​តាមរយៈ​ការរាតត្បាត​នេះ​»​។

លោក និយាយថា ក្តី​ព្រួយបារម្ភ​ចម្បង​របស់​ពួកគេ​នឹង​ជា​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​លើក្តី​សង្ឃឹម​ចំពោះ​ការងើប​ឡើងវិញ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​​ទី​១ នៃ​ឆ្នាំ​ ២០២១​។

រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ជាច្រើន​កំពុងតែ​ដាក់​ការរឹតបន្តឹង​ដ៏តឹងរ៉ឹង​ជាថ្មី​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​កូវីដ ​១៩ ក្នុង​រលក​ទី​២​។

ការផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩​ លើកដំបូង​តិចជាង​ការរំពឹងទុក​ជាពិសេស​នៅក្នុង​សហភាព​អឺរ៉ុប​បាន​ជំរុញ​បន្ថែម​ឱ្យមាន​ក្តីបារម្ភ​ដែលថា ការរីករាលដាល​នេះ​អាចធ្វើឱ្យ​អន្តរាយ​កាន់តែ​យូរ​។

ធនាគារ​នេះ​កាលពី​ខែធ្នូ​បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ុប​ដែលមាន​ ១៩ ​ប្រទេស​មាន​ចំនួន​ ៣,៩ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ បន្ទាប់ពី​ការធ្លាក់ចុះ​ដែល​ប៉ាន់ស្មាន​មាន​ ៧,៣ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០​។

លោកស្រី Christine Lagarde ប្រធាន​ ECB ពេល​ថ្មីៗ​នេះ​បាន​និយាយថា លោកស្រី​គ្មាន​ហេតុផល​ជឿថា​ការ​ព្យាករ​ខុស​ត្រង់ចំណុច​នេះ​ទេ​។

ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ក្តី​ព្រួយបារម្ភ ប្រសិន​បើ​រដ្ឋ​ជា​សមាជិក​បាន​ពង្រីក​ការបិទ​ប្រទេស​លើសពី​ខែមីនា​នោះ​។

នៅក្រោម Lagarde ធនាគារ​កណ្តាល​បាន​បង្ហាញ​នូវ​ការគាំទ្រ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​ដឹកនាំ​តំបន់​ចាយប្រាក់​អឺរ៉ូ​តាមរយៈ​វិបត្តិ​សេដ្ឋកិច្ច ខណៈពេល​ដែល​លោកស្រី​ក៏បាន​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ប្រឹងប្រែង​បន្តិច​តាមរយៈ​ការជំរុញ​សារពើពន្ធ​។

ទន្ទឹមនឹង​ការទិញ​សញ្ញាបណ្ណ​បន្ទាន់ ECB បាន​រក្សា​អត្រា​ការប្រាក់​ឱ្យនៅ​កម្រិត​ទាប​បំផុត​ហើយ​វា​នៅតែ​ទិញ​ប្រាក់​ ២០ ​ពាន់​លាន​អឺរ៉ូ (២៤ ​ពាន់​លាន​ដុល្លារ​) ក្នុង​ ១ ​ខែ​ក្នុង​បំណុល​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ក្រោម​គម្រោង​ទិញ​ទ្រព្យសម្បត្តិ​មុន​ការផ្ទុះឡើង​កូវីដ​ ១៩៕ RR