ភ្នំពេញៈ ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​ចល័ត និង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​បាន​ធ្លាក់ចុះ​បន្តិច​ក្នុង​រយៈពេល​ ៥ ​ខែ ឆ្នាំ​ ២០២០ នេះ ខណៈ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ធ្លាក់ចុះ​មួយកម្រិត​។

យោងតាម​សិ្ថតិ​ចុងក្រោយ​បំផុត​បាន​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទទួល​កាលពី​ថ្ងៃ​ចន្ទ សម្រាប់​ប្រតិបត្តិករ​ចំនួន​ ៦ មាន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​ចល័ត​សរុប​ចំនួន ២០ ៤៨១ ០៥៤ ​នាក់​ (​ឬ​ស៊ីមកាត​) ​ត្រូវ​នឹង ១២៤,០៩ ​ភាគរយ ​នៃ​ចំនួន​ប្រជាជន​សរុប​ដោយ​ថយចុះ ០,០៨ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​អ្នក​ជាវ​សេវា​ទូរស័ព្ទ​អចល័ត​មាន​ខ្សែ និង​គ្មាន​ខ្សែ​បាន​ធ្លាក់ចុះ​ខ្លាំង​ ២១,៦២ ​ភាគរយ​ មក​នៅ ៥២ ៤៨០ ​នាក់​។

ជាមួយ​គ្នា​នេះ​ក្នុង​ចំណោម​ប្រតិបត្តិករ​ចំនួន ៧ ក៏បាន​រាយការណ៍​ពី​ចំនួន​អ្នក​ជាវ​អ៊ីនធឺណិត​ចល័ត​បាន​ធ្លាក់ចុះ ២,៣៦ ​ភាគរយ​ មក​នៅត្រឹម ១៤ ៨៦៣ ៤៣៥ ​នាក់ (​ឬ​ស៊ីមកាត​) និង​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ចល័ត​ទាំង​ ៣៧ គឺ​បាន​កើនឡើង ៣៣,០៧ ​ភាគរយ ខណៈ​អ្នក​ប្រើ​ហ្វេសប៊ុក​កើន​ជិត ១១ ​លាន​នាក់​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ TRC បាន​ឲ្យ​ដឹងថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ប៉ះពាល់​បន្តិចបន្តួច​ដល់​ឧស្សាហកម្ម​នេះ ប៉ុន្តែ​ទោះ​យ៉ាងណា​វា​មិនមែន​ជា​ការបារម្ភ​ក្នុង​ការរារាំង​ការអភិវឌ្ឍ​វិស័យ ICT នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។

លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​តិចតួច​ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​ចល័ត​ក្នុង​អំឡុង​ពេលនេះ គឺ​ដោយសារ​តែ​ចំនួន​អ្នក​ជាវ​ទូរស័ព្ទ​ចល័ត​បាន​កើនឡើង​ខ្លាំង​ខ្ពស់​រួចទៅហើយ​កាលពី​ពេល​កន្លងមក គឺ​ជិត​ដល់ ២០ ​លាន​នាក់​ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ជិត ១៦​​លាន​នាក់​។ យើង​មិនមាន​ការបារម្ភ​នោះ​ទេ ព្រោះ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ចល័ត​របស់​ប្រជាជន ជាពិសេស​ការធ្លាក់ចុះ​ខ្លាំង​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​បរទេស ឬ​ជនជាតិ​បរទេស​ដែល​កំពុង​ធ្វើការងារ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បន្ថែមថា​៖ «​ទោះយ៉ាងណា យើង​ទទួល​បាន​ការកើនឡើង​ចំនួន​អ៊ីនធឺណិត​អចល័ត ដោយ​កើន​ជាង ៣០ ​ភាគរយ ដោយសារ​ការកើនឡើង​អតិថិជន​នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ខណៈ​ដែល​និន្នាការ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​កំពុង​កើនឡើង​ពី ៨ ​លាន​នាក់​ដល់​ជាង ១០ ​លាន​នាក់​»​។

លោក​បន្តថា មានការ​កើនឡើង​នៃ​ចំនួន​សេវា​អនឡាញ​ក្នុងអំឡុង​ពេលនេះ ដោយសារ​សាលារៀន និង​កន្លែង​ធ្វើការ​ជាច្រើន​ធ្វើការ​តាម​អនឡាញ​។

លោក វុត្ថា អះអាង​ថា​៖ «​ខ្ញុំ​គិតថា​ចំនួន​អ្នក​ជាវ​ទូរស័ព្ទ​ចល័ត​នឹង​កើនឡើង​បន្ថែមទៀត បើ​បណ្ដាញ 5G របស់​យើង​ត្រូវបាន​ពង្រីក ខណៈ​ដែល​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​អចល័ត​នឹង​បន្ត​កើនឡើង ដោយសារ​ចំនួន SMEs បន្ត​កើនឡើង​។ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នឹង​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការអភិវឌ្ឍ​វិស័យនេះ​ទេ​»​។

កាលពី​ខែ​ឧសភា​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជាច្រើន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ជំរុញ​ឲ្យ​ប្រតិបត្តិករ​ទូរគមនាគមន៍​ក្នុងស្រុក​ត្រូវ​ចាក់​បញ្ចូល​មូលធន​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កែលម្អ​គុណភាព​សេវា​អ៊ីនធឺណិត​ចល័ត ខណៈ​ដែល​តម្រូវការ​កំពុង​កើនឡើង​ដោយសារ​តែ​ប្រជាជន​កាន់តែ​ច្រើនឡើង និង​និន្នាការ​នៃ​អ្នកធ្វើការ​ពី​ផ្ទះ និង​សិក្សា​តាម​អនឡាញ​។

យោងតាម​ទិន្នន័យ​របស់ TRC នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នៅ​កម្ពុជា​មាន​សេវា 4G គ្របដណ្ដប់​ប្រមាណ ៥២,៧ ​ភាគរយ​ នៅ​ទូទាំង​ប្រទេស ឬ​ ៨០,៣ ​ភាគរយ នៃ​ប្រជាជន​សរុប ចំណែក​សេវា 3G គ្របដណ្ដប់ ៨៥,១ ​ភាគរយ​នៃ​ប្រជាជន និង​សេវា 2G គ្របដណ្ដប់​ ៩៩,២ ភាគរយ​នៃ​ប្រជាជន​សរុប​។ ជាមួយ​គ្នា​នេះ​ដែរ ខ្សែ​កាប្លិ៍​អុបទិច​ដែល​កំពុង​ប្រតិបត្តិការ​ដោយ​ប្រតិបត្តិករ​ចំនួន​ ៣ (១ ​គ្រប់គ្រង​ដោយ​រដ្ឋ​) បាន​តបណ្ដាញ​បាន​ជាង ៤៤ ២៥១ ​គីឡូម៉ែត្រ​៕LA