ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​ឲ្យ​ដឹងថា ទោះបីជា​ការបិទ​ខ្ទប់​កំពុង​អនុវត្ត​ក្នុង​រយៈពេល​ជាង ២ សប្ដាហ៍​មកហើយ​ក៏ដោយ ប្រតិបត្តិការ​ជួញដូរ​នៅលើ​ផ្សារហ៊ុន​បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​តែ​ការបញ្ជា​ទិញ ៩៩ ភាគរយ​តាមរយៈ​វេទិកា​ជួញដូរ​អនឡាញ ហៅថា «ប្រព័ន្ធ​ជួញដូរ​ចល័ត» (MTS)។

ជាមួយ​នឹង​ការកើនឡើង​ខ្លាំង​ចំនួន​អ្នកជំងឺ​កូវីដ១៩ថ្មី ជាប់ទាក់ទង​នឹង​ការឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រដ្ឋាភិបាល​កាលពី​ថ្ងៃទី ១៤ ខែ​មេសា បានប្រកាស​ការបិទខ្ទប់​ទាំងស្រុង​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី ១៥ និង​បន្ត​ដល់​ថ្ងៃទី ៥ ខែឧសភា ដើម្បី​គ្រប់គ្រង​ហានិភ័យ​នៃ​ការរីក​រាលដាល​វីរុស​កូរ៉ូណា។

លោកស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ផ្សារ​មូលបត្រ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ផ្សារហ៊ុន​កំពុង​ប្រតិបត្តិការ​យ៉ាង​រលូន ចាប់តាំងពី​ការបិទ​ខ្ទប់​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត។ លោកស្រី​បន្ថែមថា ការបញ្ជាទិញ​ប្រហែល ៩៩ ភាគរយ​ត្រូវ​បានទទួល​ពី​ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS)។

លោកស្រី​ថ្លែងថា៖ «CSX និង​ក្រុមហ៊ុន​ជើងសារ​របស់​យើង ភាគច្រើន​កំពុង​ធ្វើការងារ​ពី​ផ្ទះ និង​តភ្ជាប់​ពី​ចម្ងាយ​ទៅ​កុំព្យូទ័រ​នៅ​ការិយាល័យ​សម្រាប់​ប្រតិបត្តិការ​ប្រចាំថ្ងៃ។ ធនាគារ​ទូទាត់​សាច់ប្រាក់ ទាំងអស់​របស់​យើង បន្ត​ប្រតិបត្តិការ​ដោយ​មិនមាន​ការរំខាន​នោះទេ»។

លោកស្រី​លើកឡើង​ថា៖ «មាន​ការកើនឡើង​ទំហំ​ជួញដូរ​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​អំឡុងពេល​សប្ដាហ៍​បិទខ្ទប់​ធៀប​នឹង​សប្ដាហ៍​មុន ភាគច្រើន​លើ​ភាគហ៊ុន​តម្លៃ​ទាប»។ លោកស្រី​បន្តថា ភាគហ៊ុន​ប្រហែល ៣៦ ០០០ ត្រូវ​បាន​ជួញដូរ​ប្រចាំថ្ងៃ ជា​មធ្យម​ធៀប​នឹង ២៨ ០០០ ក្នុង​សប្ដាហ៍​មុន។

ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS) គឺជា​ប្រព័ន្ធ​ដែល​ទើបនឹង​បង្កើត​ថ្មី​មួយ​របស់​ CSX ដែល​វិនិយោគិន​ដែល​អាច​ជួញដូរ​ភាគហ៊ុន​តាម​មធ្យោយបាយ​រហ័ស សុវត្ថិភាព និង​ងាយស្រួល។ អ្នកប្រើប្រាស់​មកពី​គ្រប់​ទីកន្លែង​អាចដាក់​ការបញ្ជាទិញ​ដោយ​ខ្លួនឯង ពិនិត្យមើល​ទិន្នន័យទីផ្សារ​បច្ចុប្បន្ន និង​ប្រវត្តិ​ទីផ្សារ ព្រមទាំង​ជួញដូរ​ទិន្នន័យ​គណនី តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន ឬ​ថេបភ្លិត ដែល​ត្រូវបាន​តភ្ជាប់​ជាមួយ​អ៊ីនធឺណិត។

យោងតាម​លោកស្រី​ សុផានីតា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) គឺជា​ភាគហ៊ុន​ដែល​ជួញដូរ​ច្រើនជាងគេ​បំផុត​ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់​នេះ ដោយមាន​ភាគហ៊ុន ៣០ ០០០ ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម និង​តម្លៃ ៥៦ លាន​រៀល។ លោកស្រី​បន្ថែមថា សន្ទស្សន៍ CSX ពិតជា​ល្អ ក្នុង​អំឡុងពេល​ការបិទ​ខ្ទប់​នេះ​ជាង​សប្ដាហ៍​មុនៗ ដោយសារ​តែ​វា​បាន​មើលឃើញ​ការកើនឡើង​តិចតួច ០,៧ ភាគរយ និង​នៅសល់​ជាង ៦៤០ ពិន្ទុ​ទៀត។ ចាប់តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ សន្ទស្សន៍​ CSX មាន​ស្ថិរភាព​ប្រហែល ៦៤០ ពិន្ទុ។

លោកស្រី នីតា លើកឡើងថា៖ «ចាប់ពី​ការរីករាលដាល​ជំងឺ​កូវីដ១៩ ការជួញដូរ​រាយ​ទាំងអស់​លើសលុប​ដោយ​វិនិយោគិន​ក្នុងស្រុក។ ក្នុងអំឡុងពេល​ការបិទខ្ទប់​ការជួញដូរ​ទាំងអស់​គឺ​ជាការ​ជួញដូរ​រាយ។ វិស័យ​ហិរញ្ញវត្ថុ​គឺជា​ចំណុច​ស្នូល​មួយ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា។ CSX ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បាន​ប្ដេជា្ញចិត្ត​ថា នឹង​បន្ត​ប្រតិបត្តិការ​ដោយ​មិន​គិតពី​ស្ថាន​ការពិបាក ដើម្បី​ធានា​អត្ថប្រយោជន៍​ល្អ​បំផុត​របស់​វិនិយោគិន​របស់​យើង។ នៅ​សប្ដាហ៍មុនៗ បាន​បង្ហាញ​រួចហើយ​នូវ​ប្រតិបត្តិការ​ជា​បន្ត​របស់​យើង។ មិនមាន​ឧបសគ្គ​សម្រាប់​ពួកយើង​នោះទេ ប្រសិនបើ​ការបិទ​ខ្ទប់​ត្រូវបាន​បន្តទៀត​នោះ»៕LA