ភ្នំពេញៈ ផ្សារហ៊ុនរបស់កម្ពុជាកំពុងខិតកាន់តែជិតក្នុងការជួញដូរឧបករណ៍និស្សន្ទ (ការជួញដូរសម្រាប់តម្លៃអនាគត) ខណៈ សេចក្តីព្រាងប្រកាសនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុមួយនេះជិតនឹងបញ្ចប់។ នេះបើយោងតាមលោក ស៊ូ សុជាតិ អគ្គនាយកទើបតែងតាំងថ្មីរបស់គណៈកម្មការមូលបត្រកម្ពុជា។
លោក ស៊ូ សុជាតិ បានឲ្យដឹងកាលពីសប្តាហ៍មុនថា សេចក្តីប្រកាសថ្មីស្ដីពីការផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទគឺត្រូវបានគណៈកម្មការមូលបត្រកម្ពុជា (ក.ម.ក) បានរៀបចំ និងតាក់តែងសេចក្តីព្រាងប្រកាសនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយនឹងគ្រោងរៀបចំសិក្ខាសាលាពិភាក្សាជាសាធារណៈមួយដើម្បីស្វែងរកធាតុចូលពីសាធារណជន អ្នកពាក់ព័ន្ធ និងអ្នកជំនាញដែលនឹងត្រូវធ្វើនៅថ្ងៃទី៨ ខែមករា។
លោក សុជាតិ សង្ឃឹមថា វានឹងត្រួសត្រាយផ្លូវសម្រាប់ការអនុម័តទៅលើសេចក្តីប្រកាសនេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោកថ្លែងថា៖ «ឧបករណ៍និស្សន្ទដែលជាកិច្ចព្រមព្រៀងខុសប្លែកគ្នានាពេលអនាគត ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនសម្រាប់ការអភិវឌ្ឍទីផ្សារហ៊ុនរបស់យើង ហើយយើងមើលឃើញថា សាធារណជន និងប្រតិបត្តិករជាច្រើនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការជួញដូរផលិតផលទាំងនេះ»។
លោកបន្តថា៖ «នៅពេលយើងប្រមូលបានធាតុចូលបន្ថែមទៀតពីភាគីពាក់ព័ន្ធ អ្នកជំនាញ និងយើងនឹងដាក់ប្រកាសនេះ ជូនទៅប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការមូលបត្រកម្ពុជា ដើម្បីត្រួតពិនិត្យ និងអនុម័តចុងក្រោយ។ ខ្ញុំពិតជាសង្ឃឹមថា វានឹងទទួលបានការយល់ព្រមនៅចុងខែ មករា ឬខែដើមខែ កុម្ភៈ»។
ឧបករណ៍និស្សន្ទផ្ដល់ដល់អ្នកទិញនូវឱកាសក្នុងការទាញយកប្រយោជន៍ដែលជាប់ពាក់ព័ន្ធទៅនឹងហានិភ័យការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមួយនេះនាពេលអនាគត។ ឧបករណ៍នេះជាប់ទាក់ទងនឹងកិច្ចសន្យាថ្លៃ មានដូចជា ការប្រែប្រួលនៃថ្លៃសន្លឹកប័ណ្ណបំណុល ការប្រែប្រួលនៃរូបិយប័ណ្ណ ភាគហ៊ុនឬទំនិញប្រើប្រាស់។
ធនាគារ ANZ Royal បានធ្វើប្រតិបត្តិការកិច្ចព្រមព្រៀងការពារទំនិញលើកដំបូងនៅកម្ពុជា ដូចជា ការជួញដូរឧបករណ៍និស្សន្ទស្របច្បាប់ ជាមួយនឹងក្រុមហ៊ុននាំចូលប្រេងក្នុងស្រុកពីខែ វិច្ឆិកា ឆ្នាំ ២០១៣។
កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញត្រូវបញ្ចូលតម្លៃជួញដូរដែលព្រមព្រៀងគ្នាជាមួយធនាគារ ដើម្បីការពារប្រឆាំងនឹងហានិភ័យនៃការធ្លាក់ចុះតម្លៃប្រេងនាពេលអនាគត។
លោក សុជាតិ បានបដិសេធមិនបង្ហាញពីឧបករណ៍និស្សន្ទប្រភេទអ្វីនឹងត្រូវជួញដូរនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ស.ក) នោះទេ ដោយសារតែវាគឺកំពុងស្ថិតក្នុងដំណាក់កាលនៃការកៀរគរមតិនានាពីសាធារណជនចំពោះសេចក្តីព្រាងនៃប្រកាសថ្មីនេះ។
លោក ស្វាយ ហៃ នាយកក្រុមហ៊ុនជើងសាមូលបត្រអេស៊ីលីដា បានថ្លែងថា ការជួញដូរឧបករណ៍និស្សន្ទនឹងទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនដែលចូលចិត្តជម្រើសការជួញដូររយៈពេលខ្លី។
លោកបញ្ជាក់ថា៖ «វាល្អដោយសារតែវាគឺការបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍផ្សារហ៊ុនរបស់យើង នេះមានន័យថា វិនិយោគិនអាចមានជម្រើសច្រើនថា តើត្រូវទិញភាគហ៊ុនពីក្រុមហ៊ុនចុះបញ្ជីឬទៅទិញផលិតឧបករណ៍និស្សន្ទ»។
កាលពីឆ្នាំ២០១១ គណៈកម្មការផ្សារមូលបត្រកម្ពុជាបានធ្វើការហាមឃាត់លើក្រុមហ៊ុនជួញដូរឧបករណ៍និស្សន្ទដែលគ្មានអាជ្ញាប័ណ្ណ ខណៈនិយតករជុំវិញពិភពលោកបានធ្វើការព្យាយាមកាន់តែធំដើម្បីត្រួតពិនិត្យលើឧបករណ៍ដ៏ស្មុគស្មាញមួយនេះចាប់តាំងពីកើតមានហានិភ័យដែលបាននាំឲ្យមានវិបត្តិហិរញ្ញវត្ថុពិភពលោកពីឆ្នាំ ២០០៨៕PB