ក្រុង​ញូវយ៉កៈ ការ​ជួសជុល​ប្រព័ន្ធ​ទប់ស្កាត់​ការ​រលត់​ម៉ាស៊ីន​​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជា​បុព្វហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ Boeing 737 MAX 8 ដែល​សម្លាប់​មនុស្ស ១៨៩ នាក់​​នៅ​ឥណ្ឌូនេស៊ី​នោះ​បាន​ធ្វើ​ឡើង​រួចរាល់​ហើយ ខណៈ​ដែល​ក្រុមហ៊ុន Boeing ព្យាយាម​ចៀស​ផុត​ពី​ការ​ហាមឃាត់​ការ​ហោះហើរ​យន្តហោះ​របស់​ខ្លួន​រយៈពេល​វែង។ នេះ​បើយោង​តាម​ប្រភព​មួយ​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍។

ក្រុមហ៊ុន Boeing គ្រោង​នឹង​ដាក់​បង្ហាញ​លទ្ធផល​​ជួសជុល​នេះ​ទៅ​កាន់​ក្រុម​មន្ត្រី និង​អ្នក​​បើកបរ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​អាមេរិក​​នានា ដូច​ជា​ក្រុមហ៊ុន American airline ក្រុមហ៊ុន Southwest airline និង United airline នៅ​ទីក្រុង Renton រដ្ឋ​វ៉ាស៊ីនតោន ជា​ទី​កន្លែង​ដំឡើង​​យន្តហោះ​។ នេះ​បើ​​តាម​ប្រភព​ផ្សេងៗ។

ប្រភព​ពី​វិស័យ​អាកាសចរណ៍​​ម្នាក់​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ក្រុមហ៊ុន Boeing បាន​បញ្ចប់​វិធានការ​កែ​តម្រូវ​ជា​ចាំបាច់​រួច​ហើយ​សម្រាប់​យន្តហោះ MAX»។

ប្រភព​មួយ​​ពី​រដ្ឋាភិបាល​អាមេរិក​​បាន​បន្ថែម​ថា រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​សហព័ន្ធ (FAA) នឹង​ទទួល​បាន​លទ្ធផល​​​ជួសជុល​នេះ «នៅ​ដើម​​សប្តាហ៍​នេះ»។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​ តើ​ដំណើរការ​ទទួល​ស្គាល់​ការ​ជួសជុល​នេះ​អាច​ចំណាយ​ពេល​​​យូរ​ប៉ុនណា​​បន្ទាប់​ពី​លទ្ធផល​ជួសជុល​នេះ​បាន​ធ្លាក់​​ដល់​ដៃ​អាជ្ញាធរ​នោះ ប្រភព​​នេះ​បាន​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​អ្វី​ត្រូវ​បាន​សម្រេច​នៅ​ឡើយ​ទេ។

រដ្ឋបាល FAA បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ។

ការ​ធ្លាក់​យន្តហោះ​របស់​Lion Air នៅ​​ខែ ​តុលា ឆ្នាំ​មុន និង​​​យន្តហោះ​ Ethiopian Airlines នៅ​ខែ​នេះ បាន​បង្កើន​​​ក្តី​បារម្ភ​អំពី​ការ​ទទួល​ស្គាល់​ពី​សុវត្ថិភាព​របស់​យន្តហោះ 737 MAX 8៕ AFP/KC