ភ្នំពេញ: ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​អាកាស​បាន​ធ្លាក់ចុះ​ ៦៨ ​ភាគរយ ខណៈ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​វិញ​ធ្លាក់ចុះ​ ៣០ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

តួលេខ​ដែល​បញ្ចេញ​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន អាស៊ាន-ចិន កាលពី​សប្តាហ៍​កន្លង​ទៅ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ទទួល​បាន​អ្នកដំណើរ​តាមផ្លូវ​អាកាស​ចំនួន​ ១,៩៥ ​លាន​នាក់​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង ឆ្នាំ​ ២០២០ ​នេះ​ធ្លាក់ចុះ​ ៦៨ ​ភាគរយ ខណៈ​ការដឹកជញ្ជូន​ទំនិញ​មាន​ចំនួន ២៥ ០០០ ​តោន​ធ្លាក់ចុះ​ ៣០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក ខែក នរិនដា នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន Cambodia Airport ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការរឹតត្បិត​ការធ្វើដំណើរ​សកលលោក​ដែលជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​បង្ហាញ​ពី​ការធ្លាក់ចុះ​សរុប ៧៦,៥ ​ភាគរយ​ក្នុង​អំឡុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​ធៀប​នឹង​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។

លោក​បន្តថា ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ទទួល​រង​ផលប៉ះពាល់​អវិជ្ជមាន ខណៈ​សេដ្ឋកិច្ច​មាន​និន្នាការ​ធ្លាក់ចុះ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិន​រំពឹងថា​សកម្មភាព​នៃ​ការដឹកជញ្ជូន​នេះ​នឹង​ចាប់ផ្តើម​មាន​កំណើន​វិញ​រហូតដល់​ត្រីមាស​ទី​៣ ឬ​ត្រីមាស​ទី ​៤ ឆ្នាំ ២០២០ ​នេះឡើយ​។ ក្នុងករណី​ណាក៏ដោយ​ការចរាចរ​តាម​ផ្លូវអាកាស​ទំនង​ជា​មិន​ត្រឡប់មក​កម្រិត​ធម្មតា​ឆាប់ៗ​នោះទេ ឬ​ដូច​កម្រិត​នៃ​កំណើន​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំមុនៗ​នោះឡើយ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការធា្លក់​ចុះ​អ្នកដំណើរ និង​ការដឹក​ទំនិញ​តាម​ផ្លូវ​អាកាស​ក្នុង​រយៈពេល​នេះ ដោយសារ​ការបិទ​ទិដ្ឋាការ​សម្រាប់​អ្នក​ទេសចរ​ដែលជា​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​វីរុស​កូរ៉ូណា​។

លោកស្រី​បញ្ជាក់ថា​៖ «​ការដឹកទំនិញ​ក៏​ដូចគ្នា​ដែរ កាលណា​មិនមាន​អ្នកទេសចរ​ចេញចូល​ច្រើន​ធ្វើឲ្យ​តម្រូវការ​ទំនិញ​នានា​ក៏​ធ្លាក់ចុះ​ទៅតាម​នោះដែរ​»​។

លោកស្រី​បន្ថែមថា​៖ «​យើង​នៅតែ​ឃើញ​មាន​អ្នកធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ ដែល​ពួកគេ​រំពឹងថា​អាច​វិនិយោគ​លើ​អ្វីមួយ​នៅ​ប្រទេស​យើង ដូច្នេះ​ទើប​ពួកគាត់​ហោះហើរ​មក​កម្ពុជា​»​។

លោកស្រី​ឲ្យ​ដឹងថា សព្វថ្ងៃ​វិស័យ​ទេសចរណ៍​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដែល​អាជីវកម្ម​ប្រមាណ​ ៩០ ​ភាគរយ​ត្រូវបាន​បិទទ្វារ​។

លោក វ៉ា ស៊ឹម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​យ៉ាងខ្លាំង​។

លោក​បន្តថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ហើយ​ខិតខំ​រក​ដំណោះស្រាយ​ក្នុង​ការកាត់បន្ថយ ចំណាយ​ថ្លៃដើម​លើ​ការដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​។

លោក​ថា​៖ «​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នឹង​មិន​ងាយ​ងើប​ឡើងវិញ​នោះទេ​»​។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ថ្លែងថា​ស្ថាប័ន​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​អន្តរជាតិ​៕ LA