ភ្នំពេញៈ នៅក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​ស្ថានភាព​ចរាចរណ៍​មាន​ស្ថានភាព​កាន់តែ​អាក្រក់​។

ទីក្រុង​ដែល​ប្រជាជន​ពេញនិយម​ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯកជន​បាន​ធ្វើឲ្យ​ស្ថានភាព​ចរាចរណ៍​ដែល​មាន​ផ្លូវ​តូច​ស្រាប់​របស់​ទីក្រុង​ភ្នំពេញ ណែនណាន់​តាន់តាប់​ដោយ​យានជំនិះ​ជំរុញ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​សេវា​ដឹកជញ្ជូន​សាធារណៈ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ​ក៏​បាន​និង​កំពុង​អភិវឌ្ឍ​សេវា​ផ្លូវដែក ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​ពី​កណ្តាល​ក្រុង​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

សេវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ភ្នំពេញ-តាខ្មៅ បាន​ដំណើរការ​កាលពី​ថ្ងៃទី​ ៦ ខែ​មេសា​ដែល​បង្ហាញ​ថា​ទីក្រុង​នេះ​កំពុង​ធ្វើ​ដូច​គ្នា​នឹង​ទីក្រុង​បាងកក​។

ខណៈ​កម្ពុជា​មាន​ប្រតិបត្តិការ​តូចៗ​ច្រើន​ជាង​នៅ​ថៃ គិត​មក​ត្រឹម​ពេល​នេះ​មាន​កាណូត​ដឹក​អ្នក​ដំណើរ​ ៣ ​គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​ចំណត ៤ ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ជិត​ក្រុង​តាខ្មៅ​។

ដាក់​ឲ្យ​ដំណើរការ​ដឹកជញ្ជូន​ដោយ​មិន​គិត​ប្រាក់​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ពិតជា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​មក​ជិះ​ដើម្បី​សាកល្បង​ជា​ជាង​ការ​ធ្វើ​ដំណើរ​។

ប្រជាពលរដ្ឋ​ម្នាក់​គឺ​អ្នកស្រី នឹម សូម៉ារី ដែល​មក​ជិះ​សាកល្បង​នូវ​សេវា​នេះ​បង្ហាញ​ពី​អារម្មណ៍​រីករាយ​។ អ្នកស្រី​ថ្លែង​ថា​៖ «​ជា​លើក​ដំបូង​របស់​ខ្ញុំ​ដែល​ជិះ​កាណូត​នេះ​ខ្ញុំ​រំភើប និង​សប្បាយ​ចិត្ត​ក្នុង​ការ​ជិះ​ដោយ​មិន​គិត​ប្រាក់​»​។ អ្នកស្រី​កំពុង​រង់ចាំ​ឪពុក និង​កូនប្រុស​របស់​អ្នកស្រី​នៅ​ចំណត​កាណូត​ផ្សារ​ចាស់​ដើម្បី​ជិះ​កាណូត​សាធារណៈ​លើក​ដំបូង​នេះ​។

ដោយសារ​អ្នកស្រី​ សូម៉ារី គ្រាន់​តែ​ជិះ​ដើម្បី​សាកល្បង អ្នកស្រី​ថ្លែង​ថា ជិះ​ត្រឡប់​មក​ទីក្រុង​វិញ​តាម​ផ្លូវគោក​ដោយសារ​កាលវិភាគ​ចេញ​ដំណើរ​តាម​កាណូត​ត្រូវ​រង់ចាំ​យូរ​។

អ្នកស្រី​បន្ត​ថា​៖ «​ខ្ញុំ​ចង់​ដឹង​ថា​តើ​សេវា​កាណូត​នេះ​ផ្ដល់​ផាសុខភាព​យ៉ាង​ណា​? ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ដោយ​ជិះ​រថយន្តក្រុង ដើម្បី​មើល​ពី​ភាព​ខុស​គ្នា​»​។

អ្នក​ដំណើរ​ផ្សេង​ទៀត​ក៏​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ជាមួយ​នឹង​កាណូត​នេះ ដោយ​ពួកគេ​បាន​ត្រឡប់​មក​ជិះ​ជា​សេវា​នេះ​លើក​ទី​ ២ ​ហើយ​។

លោក រស់ សារៀម បាន​ជិះ​កាណូត​នេះ​ច្រើន​ដង​ហើយ​ចាប់​តាំងពី​ដាក់​ដំណើរការ​មក ហើយ​នៅពេល​នេះ​បាន​នាំ​សាច់ញាតិ ៤ ​នាក់​មក​ជិះ​កាណូត​នេះ​ដែរ​។

លោក សារៀម ថ្លែង​ថា​៖ «​វា​ជា​លើក​ទី​ ២ ​របស់​ខ្ញុំ ហើយ​ខ្ញុំ​សប្បាយ​ក្នុង​ការ​ជិះ​កាណូត​នេះ ដូច្នេះ​ខ្ញុំ​បាន​នាំ​សាច់​ញាតិ​របស់​ខ្លួន​មក​មើល​ទេសភាព និង​សប្បាយ​ជាមួយ​ខ្ញុំ​»​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ចង់​ជិះ​កាណូត​នេះ​។ ទោះបី​ត្រូវ​បង់ប្រាក់​ក៏ដោយ ខ្ញុំ​នៅ​តែ​ពេញចិត្ត​ក្នុង​ការ​ជិះ​វា​ដែរ​»​។

កាណូត​ដែល​ត្រូវ​បាន​បំពាក់​ដោយ​កៅអី និង​ម៉ាស៊ីន​ត្រជាក់​ជិះ​ដោយ​មិន​គិត​ប្រាក់​រយៈពេល​ ៣ ​ខែ ហើយ​ក្រសួង និង​ក្រុមហ៊ុន​ប្រតិបត្តិការ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នឹង​ចាប់ផ្ដើម​យក​ប្រាក់​សម្រាប់​សេវា​នេះ​ដោយ​មិន​ទាន់​ដឹង​ពី​តម្លៃ​នៅ​ឡើយ​ទេ​។ ផែនការ​នេះ​នឹង​បន្ថែម​ចំណត​សរុប​ចំនួន ១៥ ​។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ (MPWT)​។

សេវា​កាណូត​ដឹក​អ្នក​ដំណើរ​នេះ​ជា​ជម្រើស​ដឹកជញ្ជូន​សាធារណៈ​ផ្សេង​ទៀត​បន្ថែម​លើ​សេវា​រថយន្ត​ក្រុង​សាធារណៈ និង​រថភ្លើង​ទៅ​ព្រលាន​យន្តហោះ​។

លោក ចេង ហេងទ្រី អ្នក​បើកបរ​បាន​ស្វាគមន៍​អ្នក​ដំណើរ​មុន​ពេល​ពួកគេ​ឡើង​ជិះ​កាណូត​នេះ​ដោយ​ភាព​ញញឹម​ក្នុង​ឯកសណ្ឋាន​ពណ៌​ស​របស់​គាត់​។

លោក ហេងទ្រី បាន​កត់សម្គាល់​ថា​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​នេះ​ចាប់​តាំងពី​សេវា​នេះ​ត្រូវ​បាន​បើក​ដំណើរការ អ្នកដំណើរ​ចង់​សាកល្បង​កាណូត និង​ស្រឡាង​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​ប្រហែល ៥០ នាក់​។ លោក​ថ្លែង​ថា​៖ «​អ្នក​ដំណើរ​ភាគច្រើន​ចង់​សាកល្បង ប៉ុន្តែ​យើង​មាន​កម្មករ​មួយ​ចំនួន​ដែល​ជិះ​ផង​ដែរ​»​។ លោក​ថ្លែង​ថា​៖ «​អ្នកដំណើរ​ចង់​ប្រៀបធៀប​រវាង​រថយន្ត​ក្រុង និង​កាណូត ហើយ​ពួកគេ​ចង់ដឹង​អំពី​សេវា និង​ល្បឿន​កាណូត​»​។

លោក ហេងទ្រី កត់សម្គាល់​ថា​អ្នក​ដំណើរ​មួយ​ចំនួន​ហាក់​ដូចជា​បារម្ភ​អំពី​សុវត្ថិភាព​របស់​កាណូត និង​បាន​សួរ​សំណួរ​ច្រើន​អំពី​សុវត្ថិភាព​លើ​ផ្ទៃ​ទឹក​។ លោក​ថ្លែង​ថា​៖ «​យើង​ពន្យល់​ថា​កាណូត​យើង​មាន​សុវត្ថិភាព និង​ឆ្លើយតប​តាម​ស្ដង់ដារ​បច្ចេកទេស​។ ខ្ញុំ​នឹង​នាំ​យក​ក្តីបារម្ភ​ទាំងអស់​របស់​ពួកគេ​ទៅក្នុង​កិច្ចប្រជុំ​ដើម្បី​រក​ឲ្យ​ឃើញ​របៀប​ក្នុង​ការធានា​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ការ​ជិះ​»​។

លោក ម៉ៅ ឡេងហេង អ្នកជិះ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹងថា លោក​ចង់​ជិះ​ទៅកាន់​ចំណត​ទាំង​ ៤ គឺ​ឫស្សីកែវ ផ្សារចាស់ ចតុមុខ និង​ក្រុង​តាខ្មៅ ដើម្បី​ទទួល​បាន​បទពិសោធ​ជិះ​កាណូត​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់​ដែល​នៅពេល​នេះ​យើង​មាន​ជម្រើស​សម្រាប់​ការធ្វើ​ដំណើរ មិន​គ្រាន់តែ​រថយន្ត​ក្រុង​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​ប្រទេស​កម្ពុជា​។ ខ្ញុំ​នឹង​ចំណាយ​ពេលវេលា​នៅពេល​ថ្ងៃ​របស់​ខ្ញុំ​សាកល្បង​គ្រប់​ចំណត​ទាំងអស់ ហើយ​ខ្ញុំ​គ្រោង​នឹង​សាកល្បង​រថភ្លើង​ព្រលាន​យន្តហោះ​ផង​ដែរ​»៕ LA