ភ្នំពេញៈ ​អ្នក​ជំនាញ​ជំ​រុញ​ឲ្យ​ក្រុម​ហ៊ុន​​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូល​បត្រ​​កម្ពុជា (CSX) គួរ​ពិ​ចា​រណា​បង្កើន​ទំ​ហំ​ការ​បែង​​ចែក​ភាគ​លាភ​ប្រចាំ​​ឆ្នាំ​​ដល់​អ្នក​កាន់​​កាប់​ភាគ​ហ៊ុន​របស់​ខ្លួន​ឲ្យ​បាន​ខ្ពស់​​ជាង​​បរិ​មាណ​ដែល​ធ្លាប់​ផ្តល់​ឲ្យ​កន្លង​មក​ដើ​ម្បី​ទាក់​ទាញ​វិនិ​យោ​គិន​ឲ្យ​ចាប់​អា​រម្មណ៍​ការ​ជួញ​ដូរ​នៅ​ក្នុង​​ផ្សារ​ហ៊ុន​ដ៏​ក្មេង​ខ្ចី​នៅ​កម្ពុជា​មួយ​នេះ។

ថ្លែង​ក្នុង​​វេ​ទិកា​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ជា​លើក​ដំ​បូង​ស្ដី​ពី ​«សក្ដានុ​ពល​នៃ​កំ​ណើន​ប្រ​កប​ដោយ​ចីរ​ភាព» លោក​ សេង ​ចាន់​ធឿន នា​យក​គ្រប់​គ្រង​ក្រុម​​ហ៊ុន​មូល​បត្រ​ អេស ​ប៊ី​ អាយ​ រ៉ូ​យ៉ាល់​ ស៊ី​ឃ្យូ​រី​ធី បាន​លើក​ឡើង​ថា ​មាន​កត្តា​ជា​ច្រើន​ដែល​នាំ​​ឲ្យ​ផ្សារ​មូល​បត្រ​មិន​សូវ​មាន​សកម្ម​ភាព​ទិញ-លក់​ខ្លាំង ដែល​ត្រូវ​ការ​មាន​ដំ​ណោះ​ស្រាយ​ជា​ច្រើន​។

យ៉ាង​ណា​ក៏​ដោយក្នុង​ចំ​ណោម​​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួនលោក​បញ្ជាក់​ថា ​ក្រុម​ហ៊ុន​ចុះ​បញ្ជី​គួរ​បង្កើន​ការ​ផ្តល់​​ទំ​ហំ​ភាគ​លាភ​​ទៅអ្នក​កាន់​កាប់​ភាគ​ហ៊ុន​ដើ​ម្បី​ទាក់​ទាញ​ឲ្យ​មាន​សកម្ម​ភាព​ទិញ​-លក់។

ខណៈ​លោក​មិន​បាន​បញ្ជាក់​ពី​អត្រា​​ជាក់​ស្តែង​ដែល​ក្រុម​ហ៊ុន​គួរ​កំ​ណត់លោក​​​​​ថា បច្ចុប្បន្ន​ គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​បាន​ផ្តល់​អត្រា​ការ​ប្រាក់​ជា​មធ្យម​ដល់​ទៅ ៧ ភាគ​រយ​ក្នុង ១ ឆ្នាំ សម្រាប់​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល​ដែល​អត្រា​នេះ​អាច​ជា​អត្រា​គោល​សម្រាប់​ក្រុម​ហ៊ុន​ចុះ​បញ្ជី។

​លោក​ថ្លែង​ថា​៖ ​«គឺ​ក្រុម​ហ៊ុន​ខ្លួន​ឯង​អាច​ជួយ​បង្កើន​សន្ទ​នីយ​ភាព​​ទី​ផ្សារ​ [មាន​ការ​ផ្គូរ​ផ្គង​រវាង​​អ្នក​លក់​ និង​អ្នក​ទិញ​]​។ ផ្តល់​[ភាគ​លាភ​] ឲ្យ​គេ​ច្រើន​ជាង​មុន ពេល​ហ្នឹង​វិនិ​យោ​គិន​នឹង​ចូល​មក​ទី​ផ្សារ​ច្រើន​ជាង​មុន​»។

លោក​បន្ត​​ជា​ឧទា​ហរណ៍​ថា ករណី​ការ​បែង​ចែក​ភាគ​លាភ​ទាប​របស់​ក្រុម​ហ៊ុន​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ PPWSA អាច​ជា​ឧទារហរណ៍​បង្ហាញ​ពី​ការ​មិន​សូវ​ចាប់​អា​រម្មណ៍​ទិញ-​លក់​ដោយ​សារ​ភាគ​លាភ​ទាប។

លោក​ថ្លែង​ថា​៖ ​«​ប្រ​សិន​បើ​យើង​នៅ​តែ​ផ្តល់​ភាគ​លាភ​​ទាប វា​នឹង​នៅ​តែ​ពិ​បាក​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិ​យោគ។ អ៊ី​ចឹង​ ខ្ញុំ​គិត​ថា​ក្រុម​ហ៊ុន​គួរ​តែ​បង្កើន​ការ​បែង​ចែក​ភាគ​លាភ​»។ ​

​បច្ចុប្បន្ន​មាន​​ក្រុម​ហ៊ុន​ចុះ​បញ្ជី ៥ នៅ CSX។​ ក្រុម​ហ៊ុន ២ ក្នុង​ចំ​ណោម​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​សន្យា​ថា នឹង​បែង​ចែក​ភាគ​លាភ​ដល់​ភាគ​ទុនិក​ឯក​ជន​របស់​​ខ្លួន ៥ ភាគ​រយ​​ប្រ​ចាំ​ឆ្នាំ​ក្នុង​រយៈ ៥ ឆ្នាំ​ និង ៣ ឆ្នាំ​ នៃក្រុម​ហ៊ុន​នី​មួយ​​ៗ​។ កំ​ពង់​ផែ​ស្វយ័ត​​ភ្នំ​ពេញ (PPAP) សន្យា​បែង​ចែក​ភាគ​លាភ ៥ ភាគ​រយ​ប្រ​ចាំ​ឆ្នាំ​​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ដំ​បូង​ ​ហើយ​កំ​ពង់​ផែ​ស្វ​យ័ត​ក្រុង​ព្រះ​សី​ហ​នុ (PAS) ៥ ភាគ​រយ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ដំ​បូង​។​

​អ្នក​ស្រី ​ជ័យ ​សុ​គន្ធា ​នា​យិ​កា​ទី​ផ្សារ PAS ដែល​​បាន​បែង​ចែក​ភាគ​លាភ ៧,៩ ភាគ​រយ​កាល​ពី​ឆ្នាំ​មុន បាន​ឲ្យ​​ដឹង​ថា ​មាន​ទំ​នាក់​ទំ​នង​វិជ្ជ​មានរវាង​ការ​​បែង​ចែក​ភាគ​លាភ​ និង​តម្លៃ​ភាគ​ហ៊ុន។ ​អ្នក​ស្រី​សង្កេត​ឃើញ​ថា នៅ​ពេល​ក្រុម​ហ៊ុន​ប្រ​កាស​ផ្ដល់​ភាគ​​លាភ​កាន់​តែ​ខ្ពស់​ តម្លៃ​ភាគ​ហ៊ុន​របស់ PAS កើន​ឡើង​ខ្ពស់​ជាង​មុន​ផង​ដែរ​​។​

អ្នក​ស្រី​លើក​ឡើង​ថា​៖ «​នៅ​ពេល​យើង​ទទួល​​បាន​ប្រាក់​ចំ​ណេញ​កាន់​តែ​ច្រើន​ យើង​នឹង​បែង​ចែក​ភាគ​លាភ​នៅ​ក្នុង​អត្រា​កាន់​តែ​ខ្ពស់​ផង​ដែរ​។ ​យើង​ក៏​ចង់​ទាក់​ទាញ​ក្រុម​វិនិ​យោ​គិន​ផង​ដែរ»​។​

លោក​​ រស់ ​គឹម​លាង ​អគ្គ​នា​យក​រង PPWSA បាន​យល់​ស្រប​ថា ​ការ​ផ្ដល់​ភាគ​លាភ​កាន់​តែ​ខ្ពស់អាច​ជួយ​ទាក់​ទាញ​ក្រុម​វិនិ​យោ​គិន​ឲ្យ​ធ្វើ​ការ​ជួញ​ដូរ​ ប៉ុន្តែ​ថា ​ក្រុម​ហ៊ុន​របស់​លោកមាន​ការពិ​បាក​មួយ​ចំនួន​ ក្នុង​ការ​ផ្ដល់​​ភាគ​លាភ​កាន់​តែ​ច្រើន​។ ​ខណៈ PPWSA បាន​ផ្ដល់​ភាគ​លាភ ៣,​៩៩ ភាគ​រយ​កាល​ពី​ឆ្នាំ​មុន​ លោក គឹមលាង ​បាន​ឲ្យ​ដឹង​ថា ​អត្រា​នេះ​មិន​អាច​​ធ្វើ​ឲ្យ​ភាគ​ហ៊ុនិក​ពេញ​ចិត្ត​នោះ​ទេ​។ ​

លោក​បាន​​បញ្ជាក់​​​ថា​៖ «​ការ​ពិត​គឺ​ថា ​យើង​ត្រូវ​ការ​​ប្រាក់​កាន់​តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ​ដូច្នេះ​យើង​​ត្រូវ​​ការ​ទុន​បម្រុង​បាន​ពី​ប្រាក់​ចំណេញ​ សម្រាប់​មូល​និធិ​ដៃគូ​របស់​យើង​ នៅ​ពេល​យើង​ខ្ចី​ប្រាក់​ពី​ដៃគូ​អភិ​វឌ្ឍន៍​។ ​នេះ​​គឺ​ជា​មូល​ហេតុ ​ដែល​យើង​ពិបាកក្នុង​​ការ​ផ្តល់​​ភាគ​លាភ​ឲ្យ​បាន​ខ្ពស់​​»​៕​LA