ភ្នំពេញៈ ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​ ៣ ដែលមាន​ប្រវែង​ជិត ៥៣ ​គីឡូម៉ែត្រ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៤ កាត់​តាម​ផ្លូវជាតិ​លេខ​ ៣ ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​ ១ រហូត​មក​ដល់​ពេលនេះ​សម្រេច​បាន​ប្រមាណ​ជិត ៤០ ​ភាគរយ​ហើយ ខណៈ​ការសាងសង់​នឹង​បញ្ចប់​តាម​ផែនការ​នៅ​ចុងឆ្នាំ​ ២០២១ ខាងមុខ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសង់​ផ្លូវ​ក្រវាត់ក្រុង​នេះ​កំពុង​មាន​ដំណើរការ​ទៅមុខ​តាម​ផែនការ ដោយ​មិន​មាន​ការរអាក់រអួល ឬ​ពន្យារពេល​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​​ ១៩ នោះទេ​។

លោក​បន្តថា ផ្លូវ​ខ្សែក្រវាត់​ទី​ ៣ នេះ​មិន​ត្រឹមតែ​អាច​បញ្ជៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជា​ផ្លូវ​សេដ្ឋកិច្ច​អន្តរជាតិ​សម្រាប់​ការដឹក​ទំនិញ​ឆ្លងកាត់​ប្រទេស​កម្ពុជា ​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​ផងដែរ​។

លោក​ថ្លែងថា​៖ «​សរុបមក​ដល់​ពេល​នេះ​ការសាងសង់​សម្រេច​បាន​ប្រមាណ​ ៣៩,៧៦ ​ភាគរយ​ហើយ​។ លទ្ធផល​នៃ​ការសាងសង់ គឺ​ស្រប​តាម​ផែនការ​ដែល​បានកំណត់​»​។

លោក​បន្ថែមថា ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​ ៣ នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ខណៈ​វា​នឹង​ទាក់ទាញ​រោងចក្រ សហគ្រាស តំបន់​ឧស្សាហកម្ម និង​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន​បែរ​ឆ្ពោះ​ទៅ​កាន់​ទីនោះ​។ លោក​ប្រាប់​ទៀត​ថា ក្រៅពី​ជួយ​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​កណ្តាល​ក្រុងភ្នំពេញ វា​ក៏​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ថវិកា​ក្នុង​ការដឹកជញ្ជូន​បាន​មួយកម្រិត​ដែរ​។ លោក​អះអាង​ថា​៖ «​ផ្លូវ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ និង​ប្រជាជន​»​។

បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការចំណាយ​ខ្ពស់​លើ​ការដឹកជញ្ជូន​តែង​ត្រូវ​បាន​អ្នកវិនិយោគ​លើកឡើង​ថា គឺជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើឲ្យ​ថ្លៃដើម​ផលិត​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ជិតខាង និង​ពិបាក​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) លោក ស៊ិន ចន្ធី បាន​និយាយថា ខណៈ​បច្ចុប្បន្ន​ទីតាំង​ផែស្ងួត និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ភាគច្រើន​សុទ្ធតែ​នៅក្នុង​ក្រុង ឬ​ក្បែរ​ក្រុងភ្នំពេញ​ដែល​វា​តែង​ធ្វើឲ្យ​ការដឹកជញ្ជូន​ជួប​បញ្ហា​ជាច្រើន ពិសេស​ការខកខាន​ពេលវេលា ដោយសារ​ស្ទះចរាចរណ៍​។ លោក​បន្តថា ពេល​មាន​ផ្លូវ​ថ្មី​ធំ​ទូលាយ​នឹង​ជំរុញ​ឲ្យ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​កាន់តែ​មាន​សក្តានុពល ហើយ​តម្លៃ​ដឹកជញ្ជូន​ក៏​អាច​ធ្លាក់ចុះ​មួយកម្រិត​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​ប្រាកដ​ណាស់​ផ្លូវ​ខ្សែក្រវាត់​ទី​ ៣ នឹង​ជួយ​ច្រើន​ដល់​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​»​។ លោក​បន្តថា​៖ «​ខ្ញុំ​គិតថា​ពេល​ផ្លូវ​នេះ​បើក​ដំណើរការ​នឹង​មាន​ផែស្ងួត ក្រុមហ៊ុន​ដឹកជញ្ជូន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន​លេច​រូបរាង​នៅ​ទីនោះ​»​។

លោក​ប្រាប់​ទៀត​ថា ឧត្តមភាព​ក្នុង​ការប្រកួតប្រជែង​តម្លៃ​សម្រាប់​ផលិតផល​នាំចេញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក៏​នឹង​កើនឡើង​ផងដែរ ពេល​ការដឹកជញ្ជូន​មាន​ភាពឆាប់រហ័ស និង​តម្លៃ​ទាប​ជាង​មុន​។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ ដែល​មាន​ប្រវែង​សរុប ៥២,៩៨៣ ​គីឡូម៉ែត្រ​នេះ​​ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមករា ឆ្នាំ​ ២០១៩ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕