ភូកេតៈ សណ្ឋាគារ​នៅលើ​កោះ​លម្ហែកាយ​ដ៏ពេញនិយម​បំផុត​របស់​ប្រទេស​ថៃ​បាន​បង្ខំចិត្ត​កាត់បន្ថយ​តម្លៃ​បន្ទប់​នៅ​ទំនេរ ខណៈ​ប្រធាន​អង្គភាព​ទេសចរណ៍​និង​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ជម្នះ​ជាមួយ​នឹង​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ជាតិចិន ដែល​បាន​បណ្ដាល​ឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​កំណើន​ថ្លៃ​ប្រាក់​បាត​របស់​ថៃ​។

មាន​ទីតាំងនៅ​សមុទ្រ Andaman និង​មាន​ភាពល្បីល្បាញ​ដោយសារ​ឆ្នេរ និង​ជីវិត​ពេល​រាត្រី​របស់ខ្លួន​កោះ​ភូកេត​ដែលជា​កោះ​ដែល​មាន​កម្ដៅ​ខ្លាំង​គឺជា​ទិសដៅ​ទស្សនា​ច្រើន​បំផុត​ក្នុង​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន បន្ទាប់ពី​ទីក្រុង​បាងកក និង​កត្តា​វាស់វែង​ដ៏ល្អ​មួយ​របស់​ប្រទេស​ថៃ​អំពី​ឧស្សាហកម្ម​ទេសចរណ៍​ដ៏សំខាន់​របស់ខ្លួន​។

ទេសចរណ៍​មាន​ចំណែក​ស្មើនឹង ១៨ ភាគរយ​នៃ​ផលិតផល​ផល​ក្នុងស្រុក​សរុប (​ផ.ស.ស) របស់​ប្រទេស​ថៃ ហើយ​ក្រុម​អ្នកដើរ​កម្សាន្ដ​ជនជាតិ​ចិន​មាន​ចំណែក​ជាង ១ ភាគ ៤ នៃ​ការមក​ដល់​របស់​ភ្ញៀវ​ទេសចរ​សរុប​។

តួលេខ​ផ្លូវការ​បាន​បង្ហាញ​ថា ប៉ុន្តែ​ខណៈ​ភ្ញៀវទេសចរ​ចំនួន ២,២ ​លាន​នាក់​មកពី​ប្រទេស​ចិន​បាន​ទស្សនា​ប្រទេស​ថៃ​កាលពី​ឆ្នាំ​ ២០១៨ ចំនួន​ភ្ញៀវទេសចរ​នៅ​ខែ​មករា និង​ខែកញ្ញា​បាន​ធ្លាក់ចុះ​ជិត ១ ភាគ ៥ ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក Claude de Crissey កុងស៊ុល​កិត្តិយស​របស់​ប្រទេស​បារាំង​ប្រចាំ​នៅ​កោះ​ភូកេត និង​ជា​ម្ចាស់​សណ្ឋាគារ​មួយ​ដែល​មាន​ប្រហែល ៤០ បន្ទប់​នៅ​តំបន់ឆ្នេរ Patong Beach ដ៏ពេញនិយម​បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ជនជាតិ​ចិន​ជា​ធម្មតា​មាន​វត្តមាន​សូម្បីតែ​ក្នុងអំឡុង​រដូវ​មាន​ភ្ញៀវទេសចរ​តិច​។

លោក​ថ្លែងថា​៖ «​ចំនួន​នោះ​មិន​កើត​មាន​ទេ​នៅ​ឆ្នាំនេះ​ទេ​»​។ លោក​បន្ថែមថា លោក​ត្រូវតែ​បន្ទាប​តម្លៃ​របស់ខ្លួន​ចំនួន ៥០ ​ភាគរយ​។

បញ្ហា​មិន​គ្រាន់តែ​កើតមាន​នៅ​កោះ​ភូកេត​ប៉ុណ្ណោះ​ទេ ដោយ​សណ្ឋាគារ​ផ្សេងទៀត​ក៏​ជម្នះ​ក្នុង​ការទាក់ទាញ​ភ្ញៀវ ដើម្បី​បំពេញ​បន្ទប់​នៅក្នុង​រមណីយដ្ឋាន​ប៉ាតាយ៉ា​ដែល​ជា​ទីក្រុង​ឆ្នេរសមុទ្រ​នៅ​លើ​ដីគោក និង​កោះសាមុយ​ផងដែរ​។

ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បាន​ធ្វើឲ្យ​ប្រជាជន​ចិន​មាន​ភាពស្ទាក់ស្ទើរ​រួចហើយ​ក្នុង​ការឈប់សម្រាក ដោយសារ​តែ​ភាពមិន​ច្បាស់លាស់​នៅក្នុង​ប្រទេស​របស់​ខ្លួន ខណៈ​ដែល​ប្រាក់​បាត​ថៃ​បាន​កើនឡើង​ប្រហែល ១០ ​ភាគរយ​ធៀប​នឹង​ប្រាក់​យន់​នៅ​ឆ្នាំនេះ​។

គ្រោះថ្នាក់​នាវា​កម្សាន្ដ​នៅ​សមុទ្រ​របស់​កោះ​ភូកេត​ដែល​បានសម្លាប់​ក្រុម​អ្នកដំណើរ​កម្សាន្ដ​ជនជាតិ​ចិន ៤៧ ​នាក់​ក៏​បាន​ធ្វើឲ្យ​ភ្ញៀវទេសចរ​ផ្សេងទៀត​ភ័យខ្លាច​ផងដែរ​។

អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​វា​ជា​បញ្ហា​រសើប​របស់​ប្រធានបទ​នេះ​នៅក្នុង​ប្រទេសមួយ​ជា​ទី​ដែល​ទេសចរណ៍​ផ្ដល់​ការងារ​រាប់ម៉ឺន​នាក់​ថា​៖ «​យើង​មានការ​បារម្ភ​»​។

ការបន្ថែម​ទៅនឹង​បញ្ហា​ឈឺក្បាល​គឺជា​ការពិត​ដែលថា បន្ទប់​សណ្ឋាគារ​ថ្មី​ជាង ៣ ០០០ កំពុង​ត្រូវបាន​សាងសង់​នៅលើ​កោះ​នេះ ដែល​បង្កើន​បញ្ហា​ថា តើ​នរណា​នឹង​មក​ស្នាក់នៅ​បន្ទប់​ទាំងនេះ​?

លោក Kongsak Khoopongsakorn អនុប្រធាន​សមាគម​សណ្ឋាគារ​នៅក្នុង​ប្រទេស​ថៃ និង​ជានា​យក​ក្រុមហ៊ុន Vijitt Resort ថ្លែងថា​៖ «​ទាក់ទង​នឹង​អាជីវកម្ម វា​មិនល្អ​នោះទេ​»​។

លោក​មានប្រសាសន៍​ថា​៖ «​ពីព្រោះ​យើង​មាន​សណ្ឋាគារ​កាន់តែ​ច្រើន បន្ទប់​កាន់តែ​ច្រើន​ត្រូវ​លក់ យើង​មាន​ភោជនីយដ្ឋាន​កាន់តែ​ច្រើន ហាង​កាហ្វេ​កាន់តែច្រើន​»​។

ប៉ុន្តែ​លោក Yuthasak Supasorn ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ប្រាប់ AFP ថា​លោក​នៅតែ​មាន «​សុទិដ្ឋិនិយម​»​។ លោក​ថា​៖ «​យើង​គួរ​សម្រេច​បាន​ទិសដៅ​របស់​យើង​ដែល​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៣៩,៨ លាន​នាក់​» នៅ​ឆ្នាំនេះ​។

ប៉ុន្តែ​ចំនួន​នោះ​កើនឡើង​ពី ៣៨,២ លាន​នាក់​កាលពី​ឆ្នាំ​ ២០១៨ តិច​ខ្លាំង​បើ​ធៀប​នឹង​កំណើន​ដែល​ត្រូវបាន​មើលឃើញ​ពី​ចំនួន ៣៥,៦ ​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៧៕ LA