ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​​ ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក កំពង់ផែ​ក្រុង​ព្រះសីហនុ បាន​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃរដូវ​ឆ្នាំ​ ២០២០ ពី​រាជ​រដ្ឋាភិបាល​ជប៉ុន​ សម្រាប់​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​ជប៉ុន និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​កំពង់ផែ​។

ឯកឧត្តម​បាន​បង្ហាញ​ចំណាប់​ អារម្មណ៍​អំពី​សមិទ្ធផល និង​បទពិសោធ​របស់​ឯកឧត្តម​ក្នុង​ការ​បំពេញ​ការងារ​ជាមួយ ចៃកា តាមរយៈ​ការ​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ ដែល​ជា​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ​តែ ១ គត់ ដែល​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ និង​សកម្មភាព​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

«​ខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​រីករាយ​បំផុត ដែល​ស្នាដៃ​របស់​ខ្ញុំ​ជាពិសេស​ក្នុង​ការ​កសាង​សមិទ្ធផល ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា តាមរយៈ​ការ​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​សមិទ្ធផល​មួយ​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វឌ្ឍនភាព​នៃ​វិស្វកម្ម​ជប៉ុន និង​លើ​កកម្ពស់​ការ​ផ្លាស់ប្តូរ​បទពិសោធ​រវាង​ជប៉ុន និង​កម្ពុជា​»​។

«​ខ្ញុំ​សង្ឃឹម​ផង​ដែរ​ថា កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ជប៉ុន និង​កម្ពុជា នឹង​រួម​ចំណែក​បាន​កាន់​តែ​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។

ឯក​ឧត្តម លូ គឹមឈន់ ក៏​បាន​ពិពណ៌នា​បន្ថែម​ អំពី​បទពិសោធ សមិទ្ធផល​ដ៏​ល្អ ជាមួយ​គម្រោង​ចៃកា និង​អ្នក​ជំនាញ​ការ​ជប៉ុន ដែល​ផ្តល់​តាមរយៈ​កម្ចី​ហិរញ្ញប្បទាន​សម្បទាន​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ផ្លូវ​ការ កិច្ច​ប្រតិបត្តិការ​បច្ចេកទេស ហិរញ្ញប្បទាន​ឥត​សំណង​ក្នុង​ការ​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ​មាន​រួម​ទាំង​ការ​អភិវឌ្ឍ​ផ្នែក​រឹង និង​ផ្នែក​ទន់ ក្នុង​អំឡុង​រយៈពេល​ជាង ២០ ​ឆ្នាំ​កន្លង​មក​នេះ​។

ឯកឧត្តម លូ គឹមឈន់

ចៃកា​បាន​ផ្តល់​នូវ​កិច្ចប្រតិបត្តិការ​បច្ចេកទេស​ទៅ​លើ​គម្រោង «​សិក្សា​លើ​ផែនការ​មេ និង​ការ​សិក្សា​សមិទ្ធិលទ្ធភាព​នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ​» ចាប់​ពី​ឆ្នាំ​ ១៩៩៦-១៩៩៧​។

ឯកឧត្តម លូ គឹមឈន់ បាន​លើកឡើង​ថា​៖​ «​ការ​សិក្សា​លើ​គម្រោង​នេះ បាន​ផ្តល់​នូវ​ចំណេះដឹង​គួរ​ឱ្យ​កត់​សម្គាល់ និង​ផែនការ​រយៈពេល​វែង សម្រាប់​កំពង់ផែ​ក្រុង​ព្រះសីហនុ​»​។

ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៥ គម្រោង​កែលម្អ​ឡើង​វិញ​ជា​បន្ទាន់​នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ៤, ១៤១, ០០០,០០០ យ៉េន សម្រាប់​ការ​អភិវឌ្ឍ និង​ការ​សាងសង់​ចំណត​កុងតឺន័រ ប្រវែង​ ២៤០ ម៉ែត្រ ទីលាន​កុងតឺន័រ​លើ​ផ្ទៃដី ៨.៥ ​ហិកតា និង​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​នៅ​កំពង់ផែ ព្រមទាំង​អាង​នាវា​ដែល​មាន​ជម្រៅ​ទឹក ១១,៥០ ម៉ែត្រ​។

«​នេះ​គឺ​ជា​ជំហាន​ដំបូង នៃ​ការ​ដាក់​បញ្ចូល​កំពង់ផែ​ក្រុង​ព្រះសីហនុ​ទៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ ដែល​ជា​ផ្នែក​មួយ​ក្នុង​កំណែ​ទម្រង់​វិស័យ​ដឹក​ជញ្ជូន ​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ធម្មតា​ឱ្យ​ទៅ​ជា​ការ​ដឹកជញ្ជូន​បែប​ទំនើប​»​។

ក្រោយ​មក គម្រោង​កែលម្អ​ឡើង​វិញ​ជា​បន្ទាន់​នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ (២០០៥-០៩) ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ៤,៣១៣,០០០, ០០០ ​យ៉េន សម្រាប់​ការ​ពង្រីក​ចំណត​កុងតឺន័រ ១៦០ ម៉ែត្រ ហើយ​អគារ​ច្រក​ចេញចូល​តែ​មួយ​ក៏​ត្រូវ​បាន​សាងសង់។

ឯកឧត្តម គឹមឈន់ ថ្លែងថា «​បន្ថែម​ពី​នេះ​ទៀត គម្រោង​នេះ​ក៏បាន​បំពាក់​ឧបករណ៍​ទំនើបៗ ដូចជា​គ្រឿង​ចក្រ​លើក​ដាក់​កុងតឺន័រ​នៅ​គែម​ផែ​ចំនួន​ ២ ​គ្រឿង គ្រឿងចក្រ​លើក​ដាក់​កុងតឺន័រ​នៅ​ទីលាន​ចំនួន​ ៥ ​គ្រឿង រថយន្ត​ដឹក​កុងតឺន័រ និង​សណ្តោង​រ៉ឺម៉ក​ចំនួន​ ៨ ​គ្រឿង និង​ប្រព័ន្ធ​គ្រប់គ្រង​ចំណត​កុងតឺន័រ​ស្វ័យ​ប្រវត្តិកម្ម​។ វា​ជា​លើក​ទីមួយ​នៃ​ប្រវត្តិសាស្ត្រ​ដែល​កំពង់ផែ​ទឹក​ជ្រៅ​ចាប់​ផ្តើម​ដំណើរការ​នៅ​កម្ពុជា​»​។

ក្នុង​ឆ្នាំ​ ២០០៧ ចៃកា​ បាន​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​កំពង់ផែ​ក្រុង​ព្រះសីហនុ (Sihanoukville Port SEZ Development Project-E/S) ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ៣១៨,០០០,០០០ យ៉េន សម្រាប់​ការ​សិក្សា​សមិទ្ធិលទ្ធភាព និង​អំពី​ប្លង់​លម្អិត​ ហើយ​ចាប់​ពី​ឆ្នាំ​ ២០០៩ ចៃកា បាន​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវ​ការ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច តំបន់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ៣,៦៥១,០០០,០០០ យ៉េន សម្រាប់​បរិក្ខារ​សាងសង់​សំខាន់ៗ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

បន្ទាប់​មក​ទៀត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង កំពង់ផែ​ក្រុង​ព្រះសីហនុ (២០១៥ ដល់ ២០១៨) ត្រូវ​បាន​ព្រមព្រៀង​ឡើង​ក្រោម​កម្ចី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវ​ការ​ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ៧,១៧៦,០០០,០០០ យ៉េន​។

សកម្មភាព​សំខាន់ៗ​នៃ​គម្រោង​នេះ​មាន​ដូចជា ការ​សាងសង់​ចំណត​ផែ​ពហុ​បំណង ដែល​មាន​ប្រវែង ៣៣០ ​ម៉ែត្រ និង​ជម្រៅ​ទឹក​ ១៣,៥ សម្រាប់​ទំនិញ​ធុន​ធ្ងន់ និង​ទូទៅ​ព្រមទាំង​ចំណត​ទំនិញ​ប្រវែង ២០០ ​ម៉ែត្រ សម្រាប់​​មូលដ្ឋាន​ផ្គត់ផ្គង់​ការ​រុករក​ប្រេង​។

ឯកឧត្តម លូ គឹមឈន់ មាន​ប្រសាសន៍​ថា​៖ «​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​នេះ​បាន​ជួយ​សម្រួល និង​ជំរុញ​ការ​នាំចេញ​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា មាន​ដូចជា អាកាស្យា បន្ទះ​ឈើ ដំឡូង​មី និង​អង្ករ ព្រម​ទាំង​សេវា​ភ័ស្តុភារ​សម្រាប់​ការ​រុករក​ប្រេង​ក្នុង​ដែន​សមុទ្រ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​»​។

ចាប់​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២៤ ចៃកា​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវ​ការ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី កំពង់ផែ​ក្រុង​ព្រះសីហនុ ដំណាក់​កាល​ទី​១ ជាមួយ​នឹង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ២៣,៥០២,០០០,០០០ យ៉េន​។

ចំណត​ផែ​កុងតឺន័រ​ថ្មី​ដំណាក់កាល​ទី​១ ដែល​មាន​ប្រវែង ៣៥០ ​ម៉ែត្រ និង​ជម្រៅ​ទឹក​ ១៤,៥ ម៉ែត្រ ដែល​រំពឹង​ថា​ នឹង​សាងសង់​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២១ ហើយ​នឹង​អាច​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤​។

ឯកឧត្តម លូ គឹមឈន់ បន្ថែម​ថា​៖ «​ចំណត​ថ្មី​នេះ​នឹង​អាចឱ្យ​នាវា​កុងតឺន័រ​​ដែល​មាន​សមត្ថភាព​ផ្ទុក​ចំនួន ៦០,០០០ DWT (៥០០០ TEUs) ចូលចត និង​អាច​អនុញ្ញាត​ឱ្យ​នាវា​កុងតឺន័រ​ឆ្លងកាត់​តំបន់​អាស៊ី​ប្រមាណ​ ៩៣% ចូល​មក​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្រ​របស់​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​កំពង់ផែ​របស់​ប្រទេស​ជិត​ខាង​បាន​។ នេះ​គឺ​ជា​ជំហាន​ថ្មី​មួយ​ដែល​ជួយ​លុប​បំបាត់​បញ្ហា​ទាក់ទង​នឹង​ជម្រៅ​ទឹក និង​ចូលរួម​ចំណែក​ដល់​ការ​ពង្រឹង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​»​។

ខណៈ​ចៃកា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នោះ ឯកឧត្តម គឹមឈន់ ក៏​បាន​ស្វាគមន៍​ចំពោះ​ជំនួយ​នៃ​អ្នក​ជំនាញ​ជប៉ុន​ផង​ដែរ​។ ​ចាប់​តាំង​ពី​ឆ្នាំ ២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន ការិយាល័យ​កំពង់ផែ​នៃ​ក្រសួង​នគរូបនីយកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍ បាន​បញ្ជូន​វិស្វករ​កំពង់ផែ​ ៧ ​​នាក់​ មក​ធ្វើ​ជា​អ្នក​ប្រឹក្សា​របស់​ចៃកា មក​កំពង់ផែ​ក្រុង​ព្រះសីហនុ ដើម្បី​ជួយ​ផ្នែក​ប្រតិបត្តិការ និង​ផ្នែក​រដ្ឋបាល​របស់​កំពង់ផែ។ លើស​ពី​នេះ​ទៅ​ទៀត វិស្វករ និង​បុគ្គលិក​ជប៉ុន​ជាច្រើន​ទៀត​ត្រូវ​បាន​បញ្ជូន​មក​ធ្វើជា​អ្នក​ជំនាញ​ការ​ជប៉ុន សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ផ្សេងៗ​។

«​តាមរយៈ​ការ​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញការ និង​អ្នក​ប្រឹក្សា​ជប៉ុន ពួក​យើង​ទទួលបាន​នូវ​ជំនាញ​បចេ្ចកទេស និង​បទពិសោធ​ជា​ច្រើន​។ ប្រសិន​បើ​ពួក​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ប្រតិបត្តិការ​របស់​កំពង់ផែ និង​ការ​គ្រប់គ្រង​នៅ​ក្នុង​តំបន់​ក៏​ដូចជា​នៅ​ក្នុង​ពិភព​លោក ពួក​យើង​អាច​ទទួល​បាន​ និង​ការ​ចែករំលែក​បទពិសោធ​ជាមួយ​នឹង​អ្នក​ជំនាញការ​ជប៉ុន និង​អ្នក​ប្រឹក្សា​ទាន់​ពេលវេលា​»​។

«​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​បំផុត​ជាមួយ​កុងស៊ុលតង់ និង​អ្នក​ម៉ៅការ​ជប៉ុន​កំពង់ផែ​ក្រុង​ព្រះសីហនុ​ទទួល​បាន​នូវ​ជោគជ័យ​ជាច្រើន​ ចំពោះ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កំពង់ផែ​។ ពួក​យើង​ទទួល​បាន​នូវ​ចំណេះដឹង​យ៉ាង​ច្រើន ទាំង​ផ្នែក​បច្ចេកទេស​ព្រម​ទាំង​ការ​ប្តេជ្ញាចិត្ត​ធ្វើ​ការ​នៃ​អ្នក​ជំនាញ​ការ​ជប៉ុន​រួមជា​មួយ​កុងស៊ុលតង់ និង​អ្នកម៉ៅការ​»​។

ឯកឧត្តម គឹមឈន់ មាន​ប្រសាសន៍​បន្ថែម​ថា​៖ «​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន បាន​លើក​កម្ពស់​ចំណេះដឹង​បច្ចេកទេស និង​បទពិសោធន៍​របស់​បុគ្គលិក​កំពង់ផែ ដើម្បី​ជំរុញ​ឱ្យ​សេវាកម្ម​មាន​ភាព​ប្រសើរ​ឡើង និង​ផលិតភាព​ខ្ពស់ សម្រាប់​កំពង់ផែ​ក្រុង​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន និង​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត​»​។

តាមរយៈ​កម្ចី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍ​ផ្លូវ​ការ (ODA) ហិរញ្ញប្បទាន​ឥត​សំណង និង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត បាន​ជំរុញ​ពិពិធកម្ម​សម្រាប់​កំពង់ផែ​ក្រុង​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា ឱ្យ​ដូច​ជា​កំពង់ផែ​អន្តរជាតិ​មាន​ទាំង​គុណភាព សេវាកម្ម​ល្អ​ប្រសើរ និង​បរិស្ថាន​ល្អ ព្រម​ទាំង​កែ​លម្អ​ផលិតភាព ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន និង​ផ្ដល់​ជា​តម្លៃ​ប្រកួត​ប្រជែង​មួយ​សមរម្យ​ដល់​អ្នក​ប្រើប្រាស់​កំពង់ផែ​ទាំង​អស់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។

ការអភិវឌ្ឍ​បែប​នេះ ឯកឧត្តម គឹមឈន់ សង្ឃឹម​ថា ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ទៅ​មុខ​ទៀត យើង​នឹង​អាច​ដឹក​ជញ្ជូន​ទំនិញ​ដោយ​ផ្ទាល់​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ​ទៅ​កាន់​ទ្វីប​អាស៊ី អាមេរិក និង​អឺរ៉ុប​ ដោយ​មិន​ចាំបាច់​ផ្ទេរ​ផ្ទុក​នៅ​តាម​កំពង់ផែ​ផ្សេងៗ​ទៀតឡើយ​។

«​ជាមួយ​នឹង​ចក្ខុវិស័យ​រយៈពេល​វែង សម្រាប់​ការ​ផ្ដល់​ជា​ជំនួយ​អភិវឌ្ឍន៍​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ពី​សំណាក់ ​រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ចៃកា ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ពិត​ជា​ទទួល​បាន​ប្រសិទ្ធិភាព​ខ្ពស់​គួរ​ឱ្យ​គត់​សម្គាល់​ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ប្រែក្លាយ ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ច្រក​មួយ​ក្នុង​ចំណោម​ច្រក​កុង​តឺន័រ​សំខាន់ៗ​នៅ​ក្នុង​តំបន់​»​។ «ខ្ញុំ​ជឿជាក់​ថា ជប៉ុន​តាមរយៈ ចៃកា នឹង​នៅ​តែ​បន្ត​ដើរ​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ ក្នុង​នាម​ជា​ដៃគូរ​អភិវឌ្ឃន៍​ជាមួយ​ប្រទេស​កម្ពុជា​»៕