ភ្នំពេញៈ លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​ឲ្យ​ដឹងថា កំណើន​ចំនួន​ស្ដ្រី​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​កាន់តែ​ច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​កម្មវិធី​គ្រូ​បណ្ដុះបណ្ដាល​ «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការអភិវឌ្ឍ​សហគ្រិន​ស្ដ្រី​» ​ដែល​រៀបចំ​ឡើង​រួមគ្នា​ដោយ NBC និង​ក្រសួង​កិច្ចការនារី​ក្រោម​ការគាំទ្រ​ពី VISA នៅក្នុង​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ចន្ទ លោកស្រី ជា សិរី បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ដោយ​សហគ្រិន​ស្ដ្រី​នឹង​មិន​គ្រាន់តែ​ជួយ​កែលម្អ​អាជីវកម្ម​គ្រួសារ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សកម្មភាព​សហគមន៍ និង​សេដ្ឋកិច្ច​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​ស្ដ្រី​កាន់តែ​ច្រើន​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ទាំងនោះ​ដោយ​ការទទួល​ខុសត្រូវ និង​ត្រឹមត្រូវ​។ ការទទួល​បាន​កាន់តែ​ច្រើន​របស់​ពួកគេ​អាច​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​»​។

លោកស្រី​បន្តថា​៖ «​នៅពេល​ស្ត្រី​កាន់តែ​ច្រើន​មាន​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នោះ ពួកគាត់​នឹង​មាន​លទ្ធភាព​កាន់តែ​ខ្ពស់ និង​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​គ្រួសារ និង​សហគមន៍​តាមរយៈ​ការលើក​កម្ពស់​ជីវភាព​រស់នៅ​ការបង្កើន​ឱកាស​អាជីវកម្ម ការសន្សំ និង​ការត្រៀមខ្លួន​ទប់ទល់​នឹង​បញ្ហា​ហិរញ្ញវត្ថុ​នាពេល​មាន​អាសន្ន ដែល​កត្តា​ទាំងនេះ​នឹង​នាំឲ្យ​គ្រួសារ និង​សហគមន៍​មាន​លទ្ធភាព​ច្រើន​ជាង​មុន​នៅក្នុង​ការទទួល​បាន​សេវា​ចាំបាច់​នានា​ដូចជា សេវា​អប់រំ សុខភាព អនាម័យ និង​ទឹកស្អាត​។ ដូច្នេះ​ការលើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​សហគ្រិន​ស្ត្រី​នឹង​ដើរតួនាទី​ជា​គ្រឹះ​ក្នុង​ការលើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​»​។

កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការ​នារី និង​ក៏​ជា​សកម្មភាព​អាទិភាព​មួយ​ដែល​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ ជាពិសេស​ការលើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​។

លោកស្រី កែវ មុំ ម្ចាស់​អាជីវកម្ម Ly Ly Food Industry និង​ជា​អនុប្រធាន CamWen បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ការកើនឡើង​ចំនួន​សហគ្រិន​ស្ដ្រី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដោយសារ​តែ​ពួកគេ​កំពុង​កែលម្អ​គំរូ​អាជីវកម្ម​របស់​ពួកគេ​តាមរយៈ​ការ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។

លោកស្រី​លើកឡើង​ថា​៖ «​ខ្ញុំ​សង្កេតឃើញ​ការប្រសើរ​ឡើង​អំពី​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​របស់​ស្ដ្រី ដោយសារ​សមាជិក​ភាគច្រើន​បំផុត​របស់​សមាគម បាន​ទទួល​ការបណ្ដុះបណ្ដាល​អំពី​របៀប​ក្នុង​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​បាន​ល្អ​ប្រសើរ ប្រសិន​បើ​ពួកគេ​ត្រូវការ​ស្វែងរក​ហិរញ្ញប្បទាន​កាន់តែ​ច្រើន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​»​។ លោកស្រី​បញ្ជាក់ថា​៖ «​ទោះបី​យ៉ាងណា​នៅតែ​មាន​បញ្ហា​ប្រឈម​ជាច្រើន ដោយសារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅតែ​យក​ទ្រព្យ​បញ្ចាំ ជាសំខាន់​សម្រាប់​ការទទួល​បាន​កម្ចី​»​។

បច្ចុប្បន្ន​សមាគម CamWen មាន​សមាជិក​ជាង ៦០០ ​នាក់​ ហើយ​លោកស្រី​កំពុង​ស្វែងរក​មូលនិធិ​បន្ថែម​សម្រាប់​ការផ្ដល់​ការបណ្ដុះបណ្ដាល​បន្ថែម​ដល់​បណ្ដា​ខេត្ត​ផ្សេងទៀត ដើម្បី​បង្កើន​ចំនួន​សមាជិក​ឲ្យ​យល់ដឹង​កាន់តែ​ច្រើន​ថែមទៀត​អំពី​គំរូ​អាជីវកម្ម របាយការណ៍​ហិរញ្ញវត្ថុ និង​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ហៅ​កាត់ IFC បង្ហាញ​ថា សហគ្រិន​ស្ដ្រី​នៅ​កម្ពុជា​មិនសូវ​មាន​ជំនាញ និង​មាន​កង្វះ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ៩០ ​ភាគរយ​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម គ្រប់គ្រង​ដោយ​ស្ដ្រី​ទទួល​បាន​ប្រាក់​ចំណេញ​កាលពី​ឆ្នាំ​ ២០១៨​។

ប្រជាជន​ពេញវ័យ​នៅ​កម្ពុជា​ប្រហែល ៥៩​ ​ភាគរយ​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ក្នុងចំណោម​នោះ ១៧ ​ភាគរយ​នៅក្នុង​គ្រឹះស្ថាន​ធនាគារ ៤២ ​ភាគរយ​នៅក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ១២ ​ភាគរយ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ និង ២៩ ​ភាគរយ​ទទួល​សេវា​ផ្លូវការ និង​ក្រៅ​ផ្លូវការ​ផ្សេងទៀត​។ នេះ​បើ​យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា​៕LA