ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​អាច​ធ្វើឲ្យ​ប្រទេស​ម៉ិកស៊ិក​បញ្ឈប់​លំហូរ​ចូល​របស់​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ចូល​ក្នុង​អាមេរិក​ធ្វើ​ជា​លក្ខខណ្ឌ​មួយ សម្រាប់​ការចរចា​ជាថ្មី​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាមេរិក​ខាង​ជើង (NAFTA)​។

លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​៖ «​ម៉ិកស៊ិក​ដែល​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​របស់​ប្រទេស​នេះ​មាន​ភាព​តឹងតែង​យ៉ាង​ខ្លាំង​នោះ ត្រូវ​តែ​បញ្ឈប់​ប្រជាជន​មិន​ឲ្យ​ធ្វើ​ដំណើរ​តាមរយៈ​ម៉ិកស៊ិក និង​ចូល​ក្នុង​ទឹកដី​អាមេរិក​»​។

លោក​បន្ថែម​ថា​៖ «​យើង​អាច​ធ្វើឲ្យ​បញ្ហា​នេះ​ទៅ​ជា​លក្ខខណ្ឌ​ថ្មី​មួយ​នៃ​កិច្ចព្រមព្រៀង NAFTA ថ្មី​របស់​យើង​។ ប្រទេស​របស់​យើង​មិន​អាច​ទទួល​យក​អ្វី​កំពុង​កើតឡើង​បាន​ទេ យើង​ត្រូវ​តែ​ផ្ដល់​មូលនិធិ​កសាង​ជញ្ជាំង​ព្រំដែន ឲ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ​»​។

ការប្រកាស​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​នេះ​បាន​ធ្វើ​ឡើង​ជាង​មួយ​សប្ដាហ៍ បន្ទាប់ពី​មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ថ្លែង​ថា ការចរចា​ដើម្បី​កែលម្អ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ជាមួយ​ប្រទេស​ម៉ិកស៊ិក និង​កាណាដា​កំពុង​ «​ដំណើរការ​ទៅ​បាន​យ៉ាង​ប្រសើរ​បំផុត​» ទោះបី​ជា​លោក​បាន​ថ្លែង​ថា មិន​មាន​ការកំណត់​ពេលវេលា​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ថ្មី​នេះ​ក៏ដោយ​។

ការគំរាម​កំហែង​របស់​លោក ត្រាំ ថា​នឹង​ចាកចេញ​ពី​កិច្ចព្រមព្រៀង NAFTA បាន​ធ្វើឲ្យ​មាន​ការ​បារម្ភ​ទៅ​ដល់​ឧស្សាហកម្ម​អាមេរិក និង​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​ផ្ទាល់​របស់​លោក​ដែល​បាន​ឲ្យ​ដឹង​ថា អាមេរិក​បាន​ទទួល​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​។

ការគំរាម​កំហែង​នេះ​បាន​ធ្វើឲ្យ​មាន​ការ​បារម្ភ​ដល់​ប្រទេស​កាណាដា និង​ម៉ិកស៊ិក​ផង​ដែរ​៕ LA