
កម្មករធ្វើការរបស់ក្រុមហ៊ុនប្រេង KrisEnergy នៅប្រទេសបង់ក្លាដេស។
ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy ដែលទទួលសិទ្ធិអភិវឌ្ឍអណ្តូងប្រេងកាតនៅប្លុក A របស់កម្ពុជាកំពុងដើរតាមផែនការក្នុងការទាញយកតំណក់ប្រេងឆៅជាលើកដំបូងនៅកម្ពុជាចុងឆ្នាំ ២០១៩ នេះ ខណៈក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងការគាំទ្រដល់ការផលិតប្រេងជិតរួចរាល់។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក ជៀប សួរ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា មន្ត្រីជំនាញរបស់ក្រសួងទើបបានប្រជុំជាមួយក្រុមការងាររបស់ក្រុមហ៊ុន KrisEnergy ដើម្បីពិនិត្យមើលការងាររបស់ក្រុមហ៊ុនដែលសម្រេចបានថ្មីៗ និងផ្ទៀងផ្ទាត់នឹងផែនការក្នុងការឈានដល់ការទាញយកតំណក់ប្រេងលើកដំបូង។
លោកបញ្ជាក់ថាសកម្មភាពការងារបានឆ្លើយតបនឹងផែនការដែលអាចធ្វើឲ្យសកម្មភាពទាញយកដំណក់ប្រេងឆៅជាលើកដំបូងនឹងធ្វើឡើងនៅចុងឆ្នាំ ២០១៩ នេះតាមការគ្រោងទុក។ តែលោកបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មពីផលិតកម្មប្រេងរបស់ក្រុមហ៊ុននេះនឹងអាចត្រូវរង់ចាំរហូតឆ្នាំ ២០២០។
លោកបញ្ជាក់ថា៖ «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីឈានដល់ការផលិតប្រេងបានរៀបចំបានច្រើនហើយអ៊ីចឹងហើយ តាមតារាងពេលវេលា [ក្រុមហ៊ុន KrisEnergy] នឹងអាចផលិតតំណក់ប្រេងដំបូងនៅចុងឆ្នាំ ២០១៩ ហ្នឹងហើយ»។
យោងតាមការបញ្ជាក់របស់លោក ជៀប សួរ ហេដ្ឋារចនាសម្ព័ន្ធដើម្បីដំណើរការទាញយកប្រេងសម្រាប់ផលិតកម្មមានកត្តា ៤ សំខាន់ៗ។ កត្តាទាំងនោះរួមមានទី ១ ផ្លេតហ្វមក្បាលអណ្តូង (ជាបណ្តាញដើម្បីភ្ជាប់ពីមាត់អណ្តូងទៅក្នុងអណ្តូង) ទី ២ គឺការធ្វើ Drilling Rig (ម៉ាស៊ីនសម្រាប់ភ្ជាប់ទៅផ្លេតហ្វម ដើម្បីធ្វើការខួងអណ្តូងដើម្បីយកប្រេងមក)។ ទីបី Production Barge (ជាកប៉ាល់មានម៉ាស៊ីនសម្រាប់ធ្វើផលិតកម្មញែកប្រេង ទឹក ឧស្ម័នចេញដើម្បីញែកយកប្រេងឆៅ) និង floating production storage and offloading (កប៉ាល់សម្រាប់ស្តុក និងបញ្ជូនប្រេងចេញលក់)។
លោក ជៀប សួរ បញ្ជាក់ថាក្រុមហ៊ុន KrisEnergy បានជ្រើសរើសក្រុមហ៊ុនជំនាញរួចហើយសម្រាប់ធ្វើកិច្ចការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទី ១ ទី ២ និងទី ៣ ខណៈ កំពុងបើកឲ្យមានការដេញថ្លៃសម្រាប់ដំណាក់កាលទីបួនដែលរំពឹងថា នឹងជ្រើសបានក្នុងពេលឆាប់ៗ។
ក្រុមហ៊ុន KrisEnergy បានចូលមកក្នុងប្លុក A កាលពីឆ្នាំ ២០១០ ហើយបានទិញយកភាគហ៊ុន Chevron ក្នុងតម្លៃ ៦៥ លានដុល្លារនៅក្នុងប្លុក A កាលពីឆ្នាំ ២០១៤ ដែលធ្វើឲ្យក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុនស្ទើរតែទាំងអស់ក្នុងប្លុកនេះ។ KrisEnergy កាន់កាប់ ៩៥ ភាគរយនៃអណ្ដូងប្រេងអប្សរា នៅប្លុក A ខណៈរដ្ឋាភិបាលកម្ពុជាកាន់កាប់ភាគហ៊ុននៅសល់ ៥ ភាគរយ។
ប្លុក A ត្រូវបានជឿជាក់ថានឹងមានប្រេងប្រហែល ៣០ លានបារ៉ែលដែលនឹងត្រូវបានទាញយកក្នុងរយៈពេល ៩ ឆ្នាំ៕