ភ្នំពេញ៖ ស្រប​ពេល​ការ​កើន​ឡើង​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ថ្មី ជាពិសេស​ជាប់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងឡាយ​នៅ​កម្ពុជា (FIs) បាន​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ប្រតិបត្តិការ​ឌីជីថល ជា​ពិសេស​ក្នុង​អំឡុង​ពេល​ការ​បិទ​ខ្ទប់​ថ្មីៗ​នេះ។

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាល​ពី​ថ្ងៃទី ១៤ បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ ដែល​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ ដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

ទន្ទឹម​នឹង​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី ២០ ខែ​មេសា ជំរុញ​ឲ្យ FIs ត្រូវ​ប្រើប្រាស់​ការ​ទូទាត់​អេឡិចត្រូនិក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបា​ន ជាពិសេស​ការ​ប្រើប្រាស់​ការ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​ដែល​មាន​សុវត្ថិភាព មាន​ភាព​ងាយ​ស្រួល និង​រហ័ស​បំផុត។

លោក កាំង តុងងី ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សមាគម CMA បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃ​នេះ​ថា សមាគម​នេះ​ជានិច្ច​កាល​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ឌីជីថល​ក្នុង​ចំណោម​សមាជិក​ជា​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់ (cashless payment) ឬ​ការ​ទូទាត់​ឌីជីថល ដោយសារ​តែ​វា​មាន​សារៈសំខាន់​បំផុត​ចំពោះ MFIs គឺ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ពួក​គេ។

លោក​ថ្លែង​ថា៖ «ក្នុង​អំឡុង​ពេល​ការ​បិទ​ខ្ទប់​នេះ ការ​ទូទាត់​គ្មាន​សាច់​ប្រាក់​មាន​សារៈសំខាន់​ជាង​ការ​ទូទាត់​ដែល​បាន​ធ្វើ​កន្លង​មក ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​អាច​កើត​ឡើង។ ហើយ​ទោះ​យ៉ាង​ណា វា​សម្រាប់ FIs ជា​ច្រើន មិន​មាន​កម្មវិធី​ឌីជីថល​ខ្លួន​ឯង​សម្រាប់​អតិថិជន ពួក​គេ​អាច​មាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្ញើ​ប្រាក់​បញ្ញើ ឬ FIs ធំៗ​ផ្សេង​ទៀត​ជាមួយ​កម្មវិធី​ឌីជីថល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ពួក​គេ​បង់​ប្រាក់​ពី​ចម្ងាយ​បាន»។

លោក​បាន​ពន្យល់​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​នេះ អតិថិជន​ដែល​មាន​បំណង​សង​ប្រាក់​កម្ចី​របស់​ពួក​គេ នៅ​តែ​អាច​បង់​ត្រឡប់​ទៅ MFIs បាន​តាមរយៈ​គ្រឺស្ថាន AMK, Wing, ToanChet App របស់​ធនាគារ​អេស៊ីលីដា ABA ឬ​បណ្ដាញ​ឌីជីថល​របស់ FI ផ្សេង​ទៀត ខណៈ​ដែល​បុគ្គលិក​របស់ FI មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បាន​ផង​ដែរ។

លោក​ក៏​បាន​ពន្យល់​បន្ថែម​ថា បច្ចុប្បន្ន​កម្មវិធី Fintech ថ្មី​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ NBC ដែល​ហៅ​ថា «បាគង» នៅ​ពេល​នេះ គឺ​ជា​កម្មវិធី​ឌីជីថល​សំខាន់​បំផុត​របស់ FIs ដែល​ត្រូវ​តភ្ជាប់។

លោក សាយ សូនី ប្រធាន​ប្រតិបត្តិការ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃ​នេះ​ថា បច្ចុប្បន្ន​អតិថិជន​របស់​លោក​អាច​ប្រើប្រាស់​កម្មវិធី Prasac Mobile និង​កម្មវិធី​ធនាគារ​អ៊ីនធឺណិត ដើម្បី​ធ្វើ​ប្រតិបត្តិការ​គ្មាន​សាច់​ប្រាក់​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ផ្ទេរ​ប្រាក់ ការ​ទូទាត់​វិក្កយបត្រ​នានា ព្រម​ទាំង​ការ​សង​ប្រាក់​កម្ចី​របស់​ពួក​គេ។ សម្រាប់​ប្រតិបត្តិការ​គ្មាន​សាច់​ប្រាក់ គឺ​ពួក​គេ​អាច​មក​ការិយាល័យ ឬ​សេវា​បម្រើ​ផ្ទាល់​ខ្លួន​នៅ​បញ្ឈរ​ម៉ាស៊ីន​អេធីអឹម​នៅ​ទូទាំង​ប្រទេស។

លោក​ថ្លែង​ថា៖ «លើស​ពី​នោះ យើង​ក៏​ជា​សមាជិក​របស់​ប្រព័ន្ធ​បាគង Retail Pay និង​ប្រព័ន្ធ CSS របស់​ធនាគារ​ជាតិ ដូច្នេះ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​តាម​ធនាគារ ឬ​ប្រតិបត្តិការ​អន្តរ​ធនាគារ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ជាង ២០ ទៀត»។

លោក​បន្ត​ថា សម្រាប់​ធនាគារ​ចល័ត និង​អ៊ីនធឺណិត អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​មួយ​ចំនួន​ដូច​ជា សាច់​ប្រាក់​ដោយ​ប្រាក់​កូដ ការ​ផ្ទេរ​មូលនិធិ ការ​ទូទាត់​វិក្កយបត្រ ការ​បញ្ចូល​ប្រាក់​ទូរស័ព្ទ ការ​សួរ​ទឹក​ប្រាក់ និង​របាយការណ៍​គណនី។ល។

លោក​លើក​ឡើង​ថា ជា​ឧទាហរណ៍​នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២១ អតិថិជន​ធ្វើ​ប្រតិបត្តិការ ៣ ៩៣៣ ២១៤ ដង តាមរយៈ​ធនាគារ​ចល័ត និង​អ៊ីនធឺណិត​ជាមួយ​នឹង​ចំនួន​ទឹក​ប្រាក់​ជាង ៧៨ លាន​ដុល្លារ និង​ប្រតិបត្តិការ ៣០៥ ១៦៨ ដង នៅ​លើ​ម៉ាស៊ីន​អេធីអឹម​ជាមួយ​ទឹក​ប្រាក់​ជិត ២៥ លានដុល្លារ។

ធនាគារ​អេស៊ីលីដា បាន​ប្រកាស​កាល​ពី​ថ្ងៃទី ១៩ ខែ​មេសា​ថា ទោះបី​ជា​ការ​បិទ​ខ្ទប់​ទីក្រុង​ក៏​ដោយ ក៏​ធនាគារ​មួយ​នេះ​នៅ​តែ​រក្សា​ប្រតិបត្តិការ ខណៈ​ដែល​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ចល័ត។

លោក​បញ្ជាក់​ថា៖ «យើង​សូម​ជូន​ដំណឹង​ដល់​អតិថិជន​ទាំង​អស់ និង​សាធារណជន​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ធនាគារ​អេស៊ីលីដា នៅ​តែ​បន្ត​ផ្ដល់​សេវា​ធនាគារ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ ACLEDA សេវា​ធនាគារ​បម្រើ​ខ្លួន​ឯង និង​ម៉ាស៊ីន​អេធីអឹម ២៤ ម៉ោង (24/7) ហើយ​គ្រប់​សាខា​ទាំង​អស់​នៅ​តែ​បើក​ដំណើរការ​ជា​ធម្មតា។ ក្នុង​អំឡុង​ពេល​នេះ សាខា​ទាំង ៨ នៅ​ទីក្រុង​ភ្នំពេញ​របស់​យើង នឹង​បើក​ដំណើរការ ដើម្បី​បម្រើ​អតិថិជន»។

ទោះ​យ៉ាងណា យោង​តាម​លោក តុងងី CMA មិនមាន​ទិន្នន័យ​ជាក់​លាក់​ស្ដីពី​និន្នាការ​នៃ​ការ​ប្រើប្រាស់​ការ​ទូទាត់​ឌីជីថល​នៅ​ឡើយ​ទេ ក្នុង​អំឡុង​ពេល​ការ​បិទ​ខ្ទប់​នេះ ប៉ុន្តែ​លោក​អង្កេត​ឃើញ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

លោក​បន្ត​ថា ការិយាល័យ MFI ភាគ​ច្រើន​ត្រូវ​បាន​បិទ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ប៉ុន្តែ​ការិយាល័យ​ទាំង​នេះ​មាន​សេវា​ម៉ាស៊ីន​អេធីអឹម កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដថា អតិថិជន​របស់​ពួក​គេ​អាច​ដក​ប្រាក់​របស់​ពួក​គេ​បាន ២៤ ម៉ោង (24/7)។

បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ២០២០ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ទ្រព្យ​សកម្ម​សរុប​នៅ​ក្នុង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ (MFIs) របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់ ៥៩,៤ ពាន់​លាន​ដុល្លារ កាល​ពី​ចុង​ឆ្នាំ​មុន កើន​ឡើង ១៥,៧ ភាគរយ​ ធៀប​នឹង​ចុង​ឆ្នាំ ២០១៩។

កម្ចី​នៅ​ក្នុង​ធនាគារ និង MFIs បាន​កើន​ឡើង ១៤,៨ ភាគរយ​ដល់ ៣៧,៣ ពាន់​លាន​ដុល្លារ ត្រឹម​ចុង​ឆ្នាំ​មុន ខណៈ​ដែល​ប្រាក់​បញ្ញើ​បាន​កើន​ឡើង ១៥,៤ ភាគរយ​ដល់ ៣៣,៨ ពាន់​លាន​ដុល្លារ៕LA