ភ្នំពេញៈ ការ​ប្រើ​ប្រាស់​ប្រាក់​យន់​ចិន​ ដើ​ម្បី​ជា​មធ្យោ​បាយ​ទូ​​ទាត់​ពា​ណិជ្ជ​កម្ម​ កម្ពុជា​-ចិន បាន​​បង្ហាញ​ពី​កំ​ណើន​ធៀប​​នឹង​ឆ្នាំ​កន្ល​ង​ទៅ ដោយ​សារ​គ្រឹះ​ស្ថាន​ធ​នា​គារ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​​​បាន​ដំ​ណើរ​ការ​ប្រ​តិ​បត្តិ​ទូ​ទាត់​ជា​ប្រាក់​​យន់ ហើយ​​​ពា​ណិជ្ជ​ករ​ចិន​ចាប់​ផ្តើម​ព្យា​យាម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្រាក់​ដុ​ល្លារ។ នេះ​បើ​យោង​តាម​អ្នក​ជំ​នាញ​ពី​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ (NBC)។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ ក្នុង​វេ​ទិ​កា​ស្ដី​ពី​ការ​ប្រើ​​ប្រាស់​​ប្រាក់​យន់​ក្រោម​​ប្រ​ធាន​បទ «​សេដ្ឋ​កិច្ច​អា​ស៊ាន​ និង​ការ​ធ្វើ​អន្តរ​ជា​តូ​បនីយ​កម្ម​នៃ​ប្រាក់​យន់» ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ធនា​គារ​ចិន​(Cambodia) ​លោ​ក​ ឃូ​ វុឌ្ឍី ​អគ្គ​នាយ​ក​រង បច្ចេក​ទេស​នៃ​ធនា​គារ​ជាតិ​​នៃ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ប្រាក់​យន់​សម្រាប់​ការ​ទូ​ទាត់​ឆ្លង​កាត់​ព្រំ​ដែន​ រវាង​​កម្ពុជា​ និង​ចិន​ កំ​ពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​រយៈ​ពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​នឹង​បន្ត​ការ​បង្កើន​ល្បឿន​​នៅ​ពេល​អនា​គត​។ ​

លោក​បន្ថែម​ថា ការ​ទូ​ទាត់​ឆ្លង​កាត់​ព្រំ​ដែន​ជា​ប្រាក់​យន់ ​មាន​ចំ​នួន​ប្រ​ហែល​ ១០ ​ភាគ​រយ​នៃ​ពា​ណិជ្ជ​កម្ម​សរុប ​កម្ពុជា ​និង​ចិ​ន ​កាល​ពី​ឆ្នាំ​មុន​។​

ចំ​នួន​នេះ​បង្ហាញ​ថា​ ចំ​ណែក​នៃ​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​កាន់​តែ​ច្រើន​ឡើង​ៗ ​បើ​ធៀប​នឹង​មុន​ៗ ខណៈ​​តួ​លេខ​បាន​ពី​ NBC កាល​​ពី​ឆ្នាំ​មុន បាន​បង្ហាញ​ថា​ គ្រាន់​តែ​ក្នុង​ឆ្នាំ​ ២០១៦ ​ការ​ទូ​ទាត់​​​ជា​ប្រាក់​យន់​ មាន​ចំ​នួន​ ២,៥ ​ពាន់​លាន​យន់ (​៣​៧៧ ​លាន​ដុ​ល្លារ​) ឬ​ប្រ​ហែល​ ៧ ​ភាគ​រយ​នៃ​​ពា​ណិជ្ជ​កម្ម​សរុប​របស់​ប្រ​ទេស​ទាំង​ ២។​

លោក​បាន​ថ្លែង​ថា​៖ ​«​ខ្ញុំ​មាន​សុ​ទិដ្ឋិ​និ​យម​ថា​ការ​ប្រើ​ប្រាស់​ប្រាក់​យន់ ​ជា​មធ្យោ​បាយ​ទូ​ទាត់​ពា​ណិជ្ជ​កម្ម​ឆ្លង​ព្រំ​ដែន​នឹង​បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រ​ព័ន្ធ​ធនា​គារ​កម្ពុជា»។

លោក​បន្ត​ថា​៖ ​«​ការ​វិ​វឌ្ឍ​នេះ​វា​ស្រប​នឹង​និ​ន្នា​ការ​តំ​បន់​​ ដែល​ប្រ​ទេស​ជា​ច្រើន​កំ​ពុង​​ព្យា​យាម​កាត់​បន្ថយ​ការ​ពឹង​ខ្លាំង​​ពេក​តែ​លើ​ប្រាក់​ដុល្លារ​តែ​មួយ​មុខ​ក្នុង​ការ​ទូ​ទាត់​ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​​ តាម​រយៈ​ការ​ប្រើ​ប្រាស់​​រូ​បិយ​ប័ណ្ណ​របស់​គេ​ផ្ទាល់​ខ្លួន​ [ជា​មួយ​​​ប្រាក់​យ់ន​ចិន]»។

រហូត​មក​ដល់​ពេលនេះ​ NBC បាន​អនុ​ញ្ញាត​​ឲ្យ​ធ​នា​គារ ​និង​គ្រឹះ​ស្ថាន​​ហិរ​ញ្ញ​វត្ថុ​ជា​ច្រើន ប្រើ​​ប្រាស់​ប្រាក់​យន់​ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​របស់​ពួក​គេ​ និង​អនុ​ញ្ញាត​​​ឲ្យ​ធនា​គារ​ចិន​ ២ ដែ​ល​ប្រតិ​បតិ្ត​ការ​នៅ​កម្ពុជា​ គឺ​ធនា​គារ ​ចិន និង​ធនា​គារ​ ICBC ទូ​ទាត់​ជា​ប្រាក់​យន់​ និង​ការ​ជួយ​សម្រួល​ការ​ទូ​ទាត់​ ខណៈ​ធនា​គារ​ពា​ណិជ្ជ​កម្ម​ ១៣ ​ផ្សេង​ទៀត​ ក៏​ប្រតិ​បត្តិ​ការ​ជា​ប្រាក់​យន់​ផង​ដែរ​។​

លោក ​ស៊ុំ​ សន្និ​សិទ្ធ​ ទេ​សា​ភិ​បាល​រង​ NBC ដែល​បាន​ថ្លែង​នៅ​ក្នុង​សុន្ទ​រក​ថា​​បើក​ដំ​ណើរ​ការ​នៃ​វេទិ​កា​នេះ​ ឲ្យ​ដឹង​ថា ទំ​ហំ​ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី​រវាង​​កម្ពុជា ​និង​ចិន​ មាន​ចំ​នួន​ ៦,​០៦ ​ពាន់​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​ ២០១៧ ក្នុង​ចំ​នួន​នោះ​ ទំ​ហំ​ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ប្រ​ទេស​ ចិន​ មាន​ចំ​នួន​ ៥,៣ ​ពាន់​លាន​ដុ​ល្លារ​ ខណៈ​ទំ​ហំ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​ប្រ​ទេស​ ចិន​ បាន​កើន​ឡើង​ដល់​ ៧៥៨ ​លាន​ដុ​ល្លារ​។​

លោក​ថ្លែង​ថា​៖ «​កំ​ណើន​សេដ្ឋ​កិច្ច ​និង​ការ​ភ្ជាប់​ទំ​នាក់​ទំ​នង​របស់​វិ​ស័យ​ហិរ​ញ្ញ​វត្ថុ​ រវាង​​ ចិន និង​កម្ពុជា​ បាន​រួម​ចំ​ណែក​ដល់​កំ​ណើន​សេដ្ឋ​កិច្ច និង​ការ​អភិ​វឌ្ឍ​​របស់​កម្ពុជា​ ជា​ពិ​សេស​​ក្នុង​អំ​ឡុង​​​ ២ ​ទស​វត្សរ៍​ចុង​ក្រោយ​​នេះ​»​។​

លោក Chen Changjiang ​អគ្គ​នា​យក​ធនា​គារ​ចិន​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​វេ​ទិ​កា​ប្រាក់​យន់​ ត្រូវ​បា​ន​ចាប់​ផ្ដើម​ដើ​ម្បី​ផ្ដល់​ជា​ទម្រង់​មួយ​​នៃ​ការ​ ធ្វើ​បច្ចុ​ប្ប​ន្ន​ភាព​វិ​ធី​សាស្ដ្រ និង​នវា​នុ​វត្តន៍ និង​សមិទ្ធ​ផល​ប្រាក់​យន់​។​​ ​

លោក​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​ធនា​គារ​ពា​ណិជ្ជ​កម្ម​​នៃ​ការ​​ទូ​ទាត់​ប្រាក់​យន់​ឈា​ន​មុខ​គេ​នៅ​កម្ពុជា​វា​ជា​ការ​ទទួ​ល​​ខុស​​ត្រូវ​របស់​យើង​ ក្នុង​ការ​រក្សា​គ្រឹះ​ស្ថាន​សា​ជីវ​កម្ម​ និង​សាធា​រណៈ​ រហូត​មក​ដល់​បច្ចុ​ប្បន្ន​ស្ដី​ពី​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​»៕LA