ភ្នំពេញៈ កម្ពុជា​បាន​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ក្នុង​បរិមាណ​ជាង ១,២ ​លាន​តោន​កាលពី​ឆ្នាំ​ ២០១៩ កើន​ជាង ៩ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ជាង​ ១,១ ​លាន​តោន​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​នោះ​ការនាំ​ចូល​ជី​កសិកម្ម​មាន​បរិមាណ​ជាង ១,១៤ ​លាន​តោន និង​ថ្នាំ​កសិកម្ម​មាន​ចំនួន ៨១ ០៩៧ តោន​។

បើ​យោងតាម​របាយការណ៍​កម្ពុជា​បានធ្វើការ​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ពី​ក្រៅប្រទេស​ជា​មធ្យម​ជាង ៩ ​ម៉ឺន​តោន​ក្នុង​ ១ ​ខែ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​វិស័យ​កសិកម្ម​។ ជី និង​ថ្នាំ​កសិកម្ម​ប្រមាណ ២ ៦០០ ​ប្រភេទ​ត្រូវ​នាំ​ចូលមក​កម្ពុជា​។

លោក ជីវ ប៉ោហ័រ ប្រធាន​ក្រុមហ៊ុន ជីវ ប៉ោហ័រ អ៊ិចផត អ៊ិមផត ដែល​ក្រុមហ៊ុន​នាំចូល​ជី​ប្រូតេអ៊ីន សញ្ញា​ខ្ទីងមាស (CPH) ពី​ប្រទេស​ថៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​របស់​លោក​បាន​ដាក់ពាក្យ​ស្នើសុំ​នាំចូល​ជី​ពី​ក្រសួង​ចំនួន ៦ ០០០ ​តោន​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​បាន​ធ្វើការ​នាំចូល​តែ​ជាង ៣ ០០០ តោន​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បាន​ថ្លែងថា​៖ «​ជី​ដែល​ក្រុមហ៊ុន​ខ្ញុំ​នាំចូល​គឺ​លក់ដាច់​ច្រើន​ចាប់​ខែ​ឧសភា​ដល់​សីហា​ដែល​ជា​រដូវ​បង្កបង្កើនផល​»​។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​នាំចូល​ជីធម្មជាតិ​ជប៉ុន​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​បាន​នាំចូល​ជី​ជា​មធ្យម ២០ ០០០ ​តោន​ក្នុង​ ១ ​ឆ្នាំ​ដើម្បី​ចែកចាយ​ដល់​ប្រជាកសិករ​នៅ​កម្ពុជា​។ លោក​ប្រាប់ទៀត​ថា ទន្ទឹមនឹង​ការនាំ​ចូល​ដ៏ច្រើន​នេះ បច្ចុប្បន្ន​នៅ​ទីផ្សារ​កម្ពុជា​ក៏​កំពុង​មាន​ការចរាចរ​ជី​បន្លំ​គុណភាព​ច្រើន​ផងដែរ​។ លោក​ថ្លែងថា​៖ «​ការលក់ដូរ​របស់​ក្រុមហ៊ុន​ខ្ញុំ​កំពុងតែ​ពិបាក ព្រោះ​ផលិតផល​ក្លែងក្លាយ​ច្រើនពេក ហើយ​ផលិតផល​ក្លែងក្លាយ​គេ​លក់​ក្នុង​តម្លៃថោក​ដែល​នាំ​ឲ្យ​ប្រជាកសិករ​មួយចំនួន​ជ្រើសរើស​ជី​តម្លៃ​ទាប​ទៅ​ប្រើប្រាស់​»​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​បញ្ជិកា​ថ្នាំ និង​ជី​កសិកម្ម​ចំនួន ២៣៥ ក្រុមហ៊ុន​នៅ​ទូទាំងប្រទេស​កាលពី​ឆ្នាំ​ ២០១៩​។

មាន​ក្រុមហ៊ុន​សរុប ២២៦ ត្រូវបាន​ក្រសួងកសិកម្ម​ចេញ​លិខិតអនុញ្ញាត​ឲ្យ​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​កាលពី​ឆ្នាំមុន​ក្នុង​នោះ​ក្រុមហ៊ុន​នាំចូល​ជី​កសិកម្ម មាន​ចំនួន ១០៧ និង​ក្រុមហ៊ុន​នាំចូល​ថ្នាំ​ចំនួន ៦១ ព្រម​ទាំង​ក្រុមហ៊ុន​នាំចូល​ទាំង​ជី និង​ថ្នាំ​កសិកម្ម​ចំនួន ៥៨​។

យោង​តាម​ក្រសួងកសិកម្ម​ការបង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​កសិករ​សម្រេច​បាន​ជាង ២,៧ លាន​ហិកតា​នៃ​ផែនការ​នៅ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ​មុន ខណៈ​ការបង្កបង្កើនផល​ស្រូវប្រាំង​សម្រេច​ចំនួន​ជាង ៥២ ម៉ឺន​ហិកតា​។

ទន្ទឹម​នឹងនេះ​ការដាំដុះ​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​ចំនួន​សរុប ៧៣ ១៦៨ ហិកតា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ក្រសួងកសិកម្ម​៕ LA