
ម្ចាស់សត្តឃាតជ្រូកមួយកន្លែងក្នុងទីក្រុងភ្នំពេញកំពុងគូសសញ្ញាចំណាំលើសាច់ជ្រូកដែលបានធ្វើរួចកន្លងមក។ រូបថត ហុង មិនា
ភ្នំពេញៈ ខណៈការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុករបស់កម្ពុជានៅមិនទាន់អាចឆ្លើយតបនឹងតម្រូវការ ប្រទេស ថៃ បានក្លាយជាទីផ្សារផ្គត់ផ្គង់ជ្រូករស់តែមួយគត់សម្រាប់កម្ពុជា បន្ទាប់ពីការនាំចូលជ្រូកពីវៀតណាមដែលជាកន្លែងមានផ្ទុះការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកត្រូវបានហាមឃាត់។ នេះបើយោងតាមអ្នកនៅក្នុងវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា។
ទិន្នន័យពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ជាមធ្យមក្នុង ១ ថ្ងៃ កម្ពុជាមានតម្រូវការជ្រូកប្រមាណ ៥ ០០០-៦ ០០០ ក្បាល ដោយក្នុងនោះប្រមាណជិត ២០ ភាគរយ ជាជ្រូកនាំចូលពីប្រទេស ថៃ និងវៀតណាម។
នៅប្រទេស វៀតណាម កាលពីជាង ២ សប្តាហ៍មុន អាជ្ញាធរបានបង្ខាំងជ្រូកជាង ៥០ ម៉ឺនក្បាលបន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលធ្វើឲ្យជ្រូកនៅវៀតណាមប្រមាណជាង ១,៧ លានក្បាល ត្រូវបានសម្លាប់ចាប់តាំងពីការរកឃើញវត្តមាននៃជំងឺនេះកាលពីខែ កុម្ភៈ ឆ្នាំ ២០១៩ មក។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីម្សិលមិញ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា មុនពេលមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេស វៀតណាម ការនាំចូលជ្រូកពីប្រទេស ថៃ និងវៀតណាម មកកម្ពុជាក្នុង ១ ថ្ងៃ អាចមានចំនួនពី ១,០០០-១,៥០០ ក្បាល។ លោកបន្តថា បន្ទាប់ពីជ្រូកនៅប្រទេស វៀតណាម ត្រូវបានវាយប្រហារដោយជំងឺប៉េស្តជ្រូកអាហ្វ្រិក កម្ពុជាក៏សម្រេចហាមឃាត់ការនាំចូលជ្រូកពីប្រទេស វៀតណាម ទាំងស្រុងតែម្តង ដោយងាកទៅពឹងផ្អែកលើការនាំចូលមកពីប្រទេស ថៃ តែមួយប៉ុណ្ណោះ។
លោកបន្តថា៖ «បច្ចុប្បន្នជ្រូករស់ជាង ១ ០០០ ក្បាល ត្រូវបាននាំចូលពីប្រទេស ថៃ ជារៀងរាល់ថ្ងៃ ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនត្រូវបានរកឃើញនៅប្រទេស ថៃ ឡើយ»។
លោក ពៅ បានឲ្យដឹងទៀតថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងប្រទេស វៀតណាម ចាប់តាំងពីខែកុម្ភៈមក ក៏បានធ្វើឲ្យតម្លៃជ្រូករស់នៅកម្ពុជាកើនឡើងផងដែរ ដោយពេលនេះជ្រូករស់នៅលើទីផ្សារមានតម្លៃ ១១ ០០០ រៀល ក្នុង ១ គីឡូក្រាម ដែលតម្លៃនេះកើនឡើងស្ទើរទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
ទោះបីយ៉ាងនេះក្តីលោកអះអាងថា នៅតែមានការលួចនាំចូលជ្រូករស់ពីវៀតណាមពីសំណាក់ក្រុមឈ្មួញទោះមានការហាមឃាត់ក៏ដោយ។ លោកថ្លែងថា៖ «អ្នកដែលកំពុងនាំចូលជ្រូកដោយខុសច្បាប់ពីប្រទេស វៀតណាម គឺជាអ្នកសម្លាប់ជាតិ និងសម្លាប់កសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជា ព្រោះបើក្នុងកសិដ្ឋានណាមួយមានជ្រូកឆ្លងជំងឺនេះ វានឹងឆ្លងបន្តគ្នា ហើយងាប់ទាំងអស់តែម្តង»។
លោកបន្តថា៖ «សូមអាជ្ញាធររឹតបន្ដឹងច្បាប់ឲ្យបានខ្លាំង ដើម្បីកុំឲ្យមានការនាំចូលជ្រូកពីកន្លែងដែលបានហាមឃាត់»។
លោក ចាន់ សុធា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ហុកហៀង ដែលកំពុងចិញ្ចឹមជ្រូកជាង ២ ០០០ ក្បាល បាននិយាយថា តាមព័ត៌មានដែលលោកដឹង គឺក្នុង ១ ថ្ងៃៗមានជ្រូកមិនក្រោម ៤០០ ក្បាលនោះទេ ដែលត្រូវបាននាំចូលមកពីប្រទេស វៀតណាម។ ការនាំចូលជ្រូកពីតំបន់ដែលកំពុងផ្ទុះជំងឺនេះ វាអាចនឹងធ្វើឲ្យអន្តរាយទៅដល់អ្នកចិញ្ចឹមក្នុងស្រុក។
លោកបានថ្លែងថា៖ «ការនាំចូលជ្រូកពីវៀតណាមអាចនឹងធ្វើឲ្យមានហានិភ័យច្រើនសម្រាប់អ្នកចិញ្ចឹមក្នុងស្រុក ព្រោះវាអាចធ្វើឲ្យជ្រូកនៅក្នុងស្រុកយើងឆ្លងជំងីប៉េស្តជ្រូកអាហ្វ្រិក»។
លោកនិយាយថា ប្រសិនបើកម្ពុជាអាចពង្រឹងការចិញ្ចឹមក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលជ្រូកពីបរទេសនោះគឺជារឿងល្អ ព្រោះការពឹងផ្អែកលើការនាំចូលមិនអាចធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុកទទួលបានតម្លៃខ្ពស់ទេ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ថា កំពុងជាប់ប្រជុំ៕