ភ្នំពេញៈ កម្ពុជា​បាន​នាំចូល​ផលិតផល​ជលផល​ពី​ប្រទេស​វៀតណាម​ យ៉ាងតិច​ក្នុងតម្លៃ​ ៦០ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំៗ​ ដើម្បី​បំពេញតម្រូវការ​នៅក្នុង​ស្រុក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ Vietnam Plus​។

សារព័ត៌មាន​ខាងលើ​បានឱ្យ​ដឹងថា ទោះបី​កម្ពុជា​មិនមែន​ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​ជលផល​វៀតណាម ក៏​ការនាំចូល​នេះ​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ស្ថិរភាព​ពាណិជ្ជកម្ម​ឆ្លងដែន​ក៏ដូចជា ការបង្កើត​ការងារ និង​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​ក្នុង​តំបន់​។

លោក លីម សុខហេង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅក្នុង​ខណ្ខ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​ដែល​មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​ ៤ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ត្រី​ប្រា​មាន​តម្លៃ​ប្រមាណ ៤ ៦០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម​ ដោយ​តម្លៃ​នេះ​កើនឡើង បន្ទាប់ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រកាស​ផ្អាក​នាំចូល​ត្រី​ចំនួន ៤ ប្រភេទ​ពី​ប្រទេស​វៀតណាម​នាពេល​កន្លងមក​។

លោក​បាន​បន្តថា កសិដ្ឋាន​លោក​អាច​ប្រមូលផល​ត្រីប្រា​ក្នុង​ ១ ​រដូវ​បាន​ជាង​ ១ ​ពាន់​តោន​ដែល​ភាគច្រើន​ត្រូវបាន​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ចែកចាយ​បន្តទៅ​បណ្តា​ខេត្ត​ផ្សេងទៀត​។

លោក​បាន​និយាយថា​៖ «​បើ​យើង​ទប់​ការនាំចូល​វា​នឹង​ជួយ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​មាន​ទីផ្សារ​ល្អ និង​តម្លៃ​សមរម្យ​ដែល​អាច​ទទួល​បាន​ប្រាក់ចំណេញ​។ ខ្ញុំ​គិតថា ត្រី​នឹង​មាន​ទីផ្សារ​ល្អ​ទាល់តែ​មាន​គោលនយោបាយ​ពី​រដ្ឋាភិបាល​បន្ថែមទៀត​គាំទ្រ​ដល់​កសិករ​ផ្នែក​វារីវប្បកម្ម​»​។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​ ៨ ខែ មករា ឆ្នាំ​ ២០២១ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​សម្រេច​ផ្អាក​ការនាំ​ចូល​ត្រី​មួយចំនួន​ដែល​វារីវប្បករ​ក្នុងស្រុក​អាច​ផលិត​បាន​ច្រើន​ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង​ត្រីឆ្តោ ព្រមទាំង​ត្រី​មួយចំនួន​ទៀត​។ ទោះយ៉ាងណា​ពេលនេះ​ក្រសួងកសិកម្ម​បាន​អនុញ្ញាត​ឱ្យមាន​ការនាំចូល​ត្រី ៤ ​ប្រភេទ​នេះ​ធម្មតា​វិញ​ហើយ​។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទាក់ទង​នឹង​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការនាំចូល​ត្រី​កាលពី​ខែ​មុន​ថា ក្រសួង​កសិកម្ម​នៅតែ​បន្ត​ការអនុញ្ញាត​ឱ្យ​នាំចូល​ផលិតផល​ជលផល ជាពិសេស​ត្រី ៤ ​ប្រភេទ​ខាងលើ​នេះ​ដោយ​ផ្អែក​តាម​សេចក្តី​ត្រូវការ​ក្នុងស្រុក និង​ឈរលើ​មូលដ្ឋាន​ពាណិជ្ជកម្ម​សេរី​។

លោក​ថ្លែងថា​៖ «​កម្ពុជា​គួរពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​វារីវប្បករ​ក្នុងស្រុក ដោយ​ឈរលើ​គោលការណ៍​ពាណិជ្ជកម្ម​សេរី និង​ពង្រឹង​ការកសាង និង​អនុវត្តបទប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​»​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ខែមករា​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​បង្កើន​សមត្ថភាព​ផលិត​ផលិតផល​ជលផល​ឱ្យបាន​កាន់តែ​ច្រើន​ដើម្បី​ធានា​ការផ្គត់ផ្គង់​នៅក្នុង​ស្រុក​មុននឹង​ឈានដល់​ការនាំចេញ​នៅពេល​អនាគត​។

លោក រ៉ាដែន បន្ថែមថា ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក៏ត្រូវ​ជំរុញ និង​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ជលផល ពិសេស​ប្រព័ន្ធ​ទឹក​។

លោក​បាន​និយាយ​ឱ្យដឹង​​ថា​៖ «​ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យបាន​ច្រើន​លុះត្រាតែ​ផលិតផល​របស់​យើង​មាន​គុណភាព​ល្អ យើង​អាច​ផលិត​ចំណី​ត្រី​ដោយ​ខ្លួនឯង និង​មាន​តម្លៃ​ទាប​សមរម្យ​ហើយ​តម្លៃ​អគ្គិសនី​ក៏ទាប​ដែរ ដើម្បី​អាច​ប្រកួតប្រជែង​»​។

កម្ពុជា​នាំចេញ​ផល​នេសាទ​សរុប ៣ ៥៩០ តោន​ ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប​ជាង ៨,៣៣ លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ ៧៤,៥៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១៤ ១០០ ​តោន​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​៕ LA