
ឃ្លាំងលក់រថយន្តមួយកន្លែង ស្ថិតនៅជិតផ្សារដេប៉ូ។ ហុង មិនា
ភ្នំពេញៈ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរពីក្រៅប្រទេសក្នុងរយៈពេល ៦ ខែដំបូង ឆ្នាំ ២០២០ នេះមានតម្លៃសរុបជិត ៦៣៥ លានដុល្លារ ឬស្មើនឹង ៤១៤ ៧២៥ គ្រឿងក្នុងនោះការនាំចូលរថយន្តមានតម្លៃរហូតដល់ទៅ ៥៣១,៦៤ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានបង្ហាញថា ចាប់ពីខែមករា ទៅដល់ខែមិថុនា ឆ្នាំ ២០២០ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរមាន រថយន្ត ម៉ូតូ និងកង់ ក្នុងតម្លៃសរុប ៦៣៤,៩៨ លានដុល្លារដែលក្នុងនោះការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨០,៦៥ លានដុល្លារ ស្មើនឹងចំនួន ២៥ ៤៨៣ គ្រឿង រថយន្តដឹកទំនិញ មានតម្លៃ ១៩៤,៤៧ លានដុល្លារ ស្មើនឹង ១៣ ៨១២ គ្រឿង រថយន្តដឹកអ្នកដំណើរ មានតម្លៃ ២០,៦៨ លានដុល្លារ ក្នុងបរិមាណ ១ ២១២ គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣៥,៨៤ លានដុល្លារ ស្មើនឹង ១ ២៣១ គ្រឿង។ ចំណែកការនាំចូលម៉ូតូមានតម្លៃ ៩៩ លានដុល្លារ ស្មើនឹង ១៨០ ៥៩០ គ្រឿង និងកង់ក្នុងតម្លៃ ៤,៣៥ លានដុល្លារស្មើនឹង ១៩២ ៣៩៧ គ្រឿង។
ភ្នំពេញប៉ុស្តិ៍មិនមានទិន្នន័យនៃការនាំចូលមធ្យោបាយធ្វើដំណើររយៈពេល ៦ ខែដើមឆ្នាំ ២០១៩ ទេ ប៉ុន្តែសម្រាប់រយៈពេលពេញ ១ ឆ្នាំ ២០១៩ ការនាំចូលមធ្យោបាយធ្វើដំណើរមានតម្លៃ ១ ៨៨១,៨៥ លានដុល្លារ ស្មើ ១ ១២៤ ២១០ គ្រឿងក្នុងនោះរថយន្តទេសចរណ៍មានតម្លៃ ៨២៧,៤៤ លានដុល្លារ ស្មើនឹង ៩៥ ០៦៧ គ្រឿង រថយន្តដឹកទំនិញតម្លៃ ៥៤២,២ លានដុល្លារ ស្មើ ៣៩ ០០៨ គ្រឿង រថយន្តដឹកអ្នកដំណើរតម្លៃ ១១២,៧៥ លានដុល្លារ ចំនួន ៧ ៩៩៨ គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ១១០,៧៨ លានដុល្លារ ចំនួន ៤ ៥៩១ គ្រឿង។ ចំណែកការនាំចូលម៉ូតូមានតម្លៃ ២៧៨,២៨ លានដុល្លារ ស្មើនឹង ៥១១ ៤៣៤ គ្រឿង និងនាំចូលកង់ក្នុងតម្លៃ ១០,៤ លានដុល្លារ ស្មើនឹង ៤៦៦ ១១២ គ្រឿង។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការធ្លាក់ចុះចំនួនទឹកប្រាក់ក៏ដូចជាបរិមាណនាំចូលមធ្យោបាយធ្វើដំណើរនៅក្នុងឆមាសទី ១ គឺមានជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ ជំងឺនេះបានធ្វើឲ្យចរន្តសាច់ប្រាក់ភាគច្រើនត្រូវជាប់គាំង។
លោកថ្លែងថា៖ «ការរីករាលដាលកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការធ្លាក់ចុះតម្រូវការការប្រើប្រាស់មធ្យោបាយធ្វើដំណើរទាំងអស់»។
លោកបន្ថែមទៀតថា ទោះបីយ៉ាងណាតម្រូវការនេះនឹងមានសម្ទុះឡើងវិញនៅពេលស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្បើយ។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាការនាំចូលនេះនឹងមានកំណើនឡើងវិញ ប៉ុន្តែវានឹងមិនស្ទុះឡើងវិញគំហុកនោះទេ»។
លោក វណ្ណៈ លើកឡើងថា វាពិតជាមានផលប៉ះពាល់ចំពោះប្រាក់ចំណូលជាតិ។ លោកអះអាងថា៖ «ការធ្លាក់ចុះចំណូលជាតិពិតជាមាន ជាពិសេសប្រាក់ចំណូលពន្ធពីការនាំចូលរថយន្តពីបណ្តាប្រទេសនៅក្រៅតំបន់អាស៊ាន ដែលមានអត្រាខ្ពស់ដូចជា អាមេរិក និងតំបន់អារ៉ាប់ជាដើម»។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ ការនាំចូលទំនិញពីបរទេសមានតម្លៃ ១០,១៤ ពាន់លានដុល្លារ ធ្លាក់ចុះ ៥,២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងនោះការនាំចូលយានយន្តធ្លាក់ចុះ ២ ភាគរយ៕ LA