ក្រុងសេអ៊ូលៈ ទិន្នន័យ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចូល​ស្រាបៀរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពី​ប្រទេស​ជប៉ុន​បាន​ធ្លាក់ចុះ​ជិត​ដល់​កម្រិត​សូន្យ​កាលពី​ខែ​មុន​ក្នុង​គ្រា​ដែល​មាន​ការធ្វើ​ពហិការ​របស់​អ្នក​ទិញ​ទំនិញ​ប្រើប្រាស់​ដែល​បណ្ដាល​ឡើង​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម និង​ប្រវត្តិសាស្ដ្រ​ដ៏ជូរចត់​រវាង​ទីក្រុង​សេអ៊ូល និង​ទីក្រុង​តូក្យូ​។

តួលេខ​បាន​ពី​វិទ្យាស្ថាន​ផ្សព្វផ្សាយ​ស្ថិតិ​ពាណិជ្ជកម្ម​កូរ៉េ (KTSPI) បាន​បង្ហាញ​ថា ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​ជាច្រើន​បាន​នាំ​ចេញ​ស្រាបៀរ​មាន​តម្លៃ ២២៣ ០០០ ​ដុល្លារ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ខែ​សីហា​ធ្លាក់​ចុះ ៩៧ ​ភាគរយ​ធៀប​នឹង ៧,៥៧ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។

យោងតាម​វិទ្យាស្ថាន KTSPI មុនពេល​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បាន​បង្កើន​ការបារម្ភ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ជិត​ខាង​គ្នា​នេះ​ដែល​ប្រទេស​ទាំង​ ២ ​នេះ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នោះ ស្រាបៀរ​ជប៉ុន​គឺជា​ភេសជ្ជៈ​ពេញនិយម​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​រយៈពេល​យូរ​មក​ហើយ និង​ជា​ស្រាបៀរ​អាច​ជំនួស​ស្រាបៀរ​ផ្ទាល់​របស់​ប្រទេស​ពួកគេ​បាន​។ ការនាំចូល​ស្រាបៀរ​ពី​ជប៉ុន​នេះ​ស្ថិត​នៅ​លើ​កំពូល​តារាង​នាំចូល​ចាប់​តាំងពី​ឆ្នាំ​ ២០១០​។

មន្ដ្រី​មកពី KTSPI បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ចំណាត់ថ្នាក់ [​នាំចូល​ស្រាបៀរ​] របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់ចុះ​ទៅ​ដល់​ត្រឹម​ទី ១៣ កាលពី​ខែ​មុន​»​។ មន្ដ្រី​ដដែល​បាន​បន្ថែម​ថា ស្រាបៀរ​មកពី​ប្រទេស​ចិន ហូឡង់ និង​បែលហ្ស៊ីក នៅពេល​នេះ​មាន​ចំណែក​ធំ​បំផុត​នៃ​ការនាំ​ចូល​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

ទីក្រុង​សេអ៊ូល និង​ទីក្រុង​តូក្យូ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ចាប់​តាំងពី​ខែ​កក្កដា​មក នៅពេល​ដែល​ប្រទេស​ជប៉ុន​បាន​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ការនាំចេញ​សារធាតុគីមី ៣ ​ប្រភេទ​ដែល​មាន​សារៈសំខាន់​ចំពោះ​ផលិតផល​សំខាន់ៗ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង​ដូចជា​ក្រុមហ៊ុន Samsung ជាដើម​។

ការរឹតបន្តឹង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សេចក្តី​សម្រេច​មួយ​ចំនួន​របស់​តុលាការ​កូរ៉េ-ខាងត្បូង​ដែល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ត្រូវ​បង់​សង​សំណង​សម្រាប់​ពលកម្ម​ដោយ​បង្ខំ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ ២​។

ប្រជាជន​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ចាប់​តាំងពី​ពេល​នោះ​បាន​បង្កើន​ការធ្វើ​ពហិការ​កាន់តែ​ខ្លាំង​ឡើង​ដោយ​ប្តេជ្ញា​មិន​ទិញ​ទំនិញ​របស់​ជប៉ុន ដែល​រួមមាន​ស្រាបៀរ ផលិតផល​គ្រឿងសម្អាង និង​រថយន្ត ក្នុង​ចំណោម​ទំនិញ​ផ្សេងទៀត​។

ទន្ទឹម​នឹង​នេះដែរ ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជាប់​ចំណាត់ថ្នាក់​ទី​ ២ បន្ទាប់​ជនជាតិ​ចិន​ដែល​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ពួកគេ​បាន​គេច​ចេញពី​ប្រទេស​នេះ​កាន់តែ​ច្រើន​ឡើងៗ​ចាប់ពី​ដើម​ខែ​កក្កដា​មក​។

ប្រតិបត្តិករ​ទេសចរណ៍​បាន​ប្រាប់ AFP ថា​ជា​មធ្យម​ប្រជាជន​កូរ៉េ ១២ ១៤០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ពី​ព្រលានយន្តហោះ In-cheon ក្នុង​អំឡុង​ថ្ងៃបុណ្យ​ប្រមូលផល​រយៈពេល​ ៤ ​ថ្ងៃ​កាលពី​សប្ដាហ៍​មុន​ដែល​ធ្លាក់ចុះ ៣៩ ​ភាគរយ​ធៀប​នឹង​ថ្ងៃ​ឈប់​សម្រាក​នេះ​កាលពី​ឆ្នាំ​មុន​។

ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​មួយ​ចំនួន​ដែល​រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air ផងដែរ​បាន​ផ្អាក​ផ្លូវ​ហោះហើរ​ទៅ​ប្រទេស​ជប៉ុន ដោយសារ​តែ​ការធ្លាក់​ចុះ​តម្រូវការ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ជប៉ុន​ក៏​បាន​មើលឃើញ​ការលក់​ធ្លាក់​ចុះ​ផងដែរ​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​៕ LA