ភ្នំពេញៈ ​​ការ​នាំចេញ​ចេក​អំបូង​លឿង​ពី​កម្ពុជា​ ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស ​ចិន អាច​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​ក្រោយ​ ​ខណៈ​​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​​​នាំចេញ​ទៅ​ប្រទេស ​ចិន ​​ដោយ​ត្រូវ​ឆ្លង​កាត់​តាម​ប្រទេស ​វៀត​ណាម។ នេះ​បើ​យោង​តាម​លោក​ ហ៊ុន ឡាក់។

កម្ពុជា និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ពិធី​សារ​ស្តីពី​ការ​នាំចេញ​ចេក​កម្ពុជា​ទៅ​កាន់​ប្រទេស​ ចិន ​កាល​ពី​ថ្ងៃ​ទី​ ២ ខែ​សីហា ឆ្នាំ​ ២០១៨។

ក្រុមហ៊ុន Longmate​ Agriculture Co., Ltd បាន​វិនិយោគ​ទឹក​ប្រាក់​ ៣២ ​លាន​ដុល្លារ​លើ​ការ​​ដាំ​ចេក​អំបូង​លឿង​លើ​ផ្ទៃ​ដី​ជាង​ ១ ពាន់​ ហិកតា ​ក្នុង​ស្រុក​ឈូក ​ខេត្ត​កំពត​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​វិនិយោគ​​ក្នុង​ដំណាក់​កាល​ទី​ ១ ដោយ​ដាំ​ចេក​លើ​ផ្ទៃ​ដី​ទំហំ​ ៤០០ ​ហិកតា។

លោក​ ហ៊ុន​ ឡាក់​ នាយក​ក្រុមហ៊ុន​ Longmate ​Agriculture Co.,Ltd បាន​ឲ្យ​ដឹង​ថា​ ចេក​អំបូង​លឿង​របស់​ក្រុមហ៊ុន​លោក​បាន​នាំ​ទៅ​ប្រទេស​ ចិន ជា​រៀង​រាល់​ថ្ងៃ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៨ ខែ​មករា​មក​ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ដំបូង​​នេះ​ ការ​នាំ​ចេញ​​ត្រូវ​ឆ្លង​កាត់​ប្រទេស​ វៀតណាម ​ជា​មុន​សិន។

លោក​បន្ត​ថា បើ​ទោះ​បី​ជា​ចេក​នាំចេញ​របស់​យើង​បាន​គោរព​តាម​ស្តង់ដារ​អនាម័យ ​និង​បាន​វេច​ខ្ចប់​​តាម​​ភាគី​​ប្រទេស​ ចិន ​តម្រូវ​​​ក៏​ដោយ​ក៏​ការ​នាំចេញ​ជា​ផ្លូវ​ការ​​មិន​ទាន់​ធ្វើ​​បាន​នោះ​ទេ​នា​ពេល​នេះ​ ដោយ​ត្រូវ​រង់ចាំ​អាជ្ញាធរ​ចិន​មក​ពិនិត្យ​ជា​លើក​​ចុង​ក្រោយ​សិន​។​

លោក​បាន​​ថ្លែង​ថា៖​ «​តាម​ព័ត៌មាន​ក្រុម​ការងារ​​របស់​ប្រទេស​ ចិន នឹង​មក​ប្រទេស​ កម្ពុជា ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​រួច​រាល់ ដូច្នេះ​ខ្ញុំ​គិត​ថា ​​សម្រាប់​ការ​នាំចេញ​ពី​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​ចិន​ ​អាច​នឹង​ចាប់​ផ្តើម​នៅ​ចុង​ខែ​កុម្ភៈ ឬ​​ដើម​ខែ​មីនា ខាង​មុខ»។​ បើ​តាម​លោក ឡាក់​ ​​បែប​បទ និង​លក្ខខណ្ឌ​តម្រូវ​គឺ​​ភាគី​ចិន​បាន​ឯកភាព​រួចរាល់​​​ហើយ​។​

បច្ចុប្បន្ន​ ក្នុង​ ១ ថ្ងៃ​ ក្រុមហ៊ុន​ Longmate ​Agriculture Co.,Ltd បាន​នាំចេញ​ចេក​ទៅ​ប្រទេស​ ចិន ​​ពី​ ១​ ទៅ​ ២ កុងតឺន័រ​ ជា​រៀង​រាល់​ថ្ងៃ​។​

សម្រាប់​តម្លៃ​ លោក​ ហ៊ុន ​ឡាក់ ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​និយាយ​ថា «​អាច​ទទួល​យក​បាន​»។​

ចេក​អំបូង​លឿង​ជា​ប្រភេទ​ចេក​ ដែល​មាន​ភាព​ធន់​ជា​មួយ​ការ​ដឹក​ជញ្ជូន​មិន​ងាយ​ទុំជោរ និង​មាន​សម្បក​ក្រាស់​។ ចេក​ប្រភេទ​នេះ​អាច​ផ្តល់​​ផល​ពី​ ៦០-៧៣ តោន​ក្នុង ១ ​​ហិកតា​ក្នុង ​១ ​ឆ្នាំ​ ដែល​គេ​អាច​ប្រមូល​ផល​ ៣ ​ដង​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​។

ទិន្នន័យ​ពី​អគ្គនា​យកដ្ឋាន​កសិកម្ម​កាល​ពី​ត្រីមាស​ទី​​ ៣ ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹង​ថា ​នៅ​កម្ពុជា​មាន​កសិដ្ឋាន​​ដាំ​ចេក​អំបូង​លឿង​ធំ​ៗ​ចំនួន​ ៣ ខេត្ត​គឺ​ខេត្ត​រតន​គិរី​ ក្រចេះ និង​ខេត្ត​កំពត​ ដោយ​​មាន​ផ្ទៃដី​សរុប​ចំនួន​​ ៤ ៩៩៦ ​ហិកតា​កំពុង​ដាំ​ចេក​អំបូង​លឿង​សម្រាប់​នាំចេញ៕​LA