ភ្នំពេញៈ ការនាំចេញ​ផលិតកម្ម​កង់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ សម្រេច​បាន​ក្នុង​ទឹកប្រាក់​ប្រមាណ ១១៩ ​លាន​ដុល្លារ​ កើន​ជាង ១០ ​លាន​ដុល្លារ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ដកស្រង់​ចេញ​ពី​ការផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍ BTV​។

ទិន្នន័យ​បាន​ឲ្យ​ដឹងថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​កង់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៤៩៨ ​ពាន់​គ្រឿង​ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ១១៩ ​លាន​ដុល្លារ កើនឡើង​ជាង ១០ ​លាន​ដុល្លារ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការនាំចេញ​កង់​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នឹង​បន្ត​កើនឡើង​ទៀត ព្រោះ​បញ្ហា​ចរាចរណ៍ និង​ការធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខភាព​កំពុង​ជំរុញ​មនុស្ស​កាន់តែ​ច្រើន​ឲ្យ​គិត​ពី​ការប្រើប្រាស់​កង់​។

លោក​បន្តថា នេះ​ជា​ទីផ្សារ​ធំ និង​មាន​សក្តានុពល​កាន់តែ​ខ្លាំង​នៅក្នុង​ពេល​អនាគត ខណៈ​បច្ចុប្បន្ន​មាន​ប្រទេស​លើ​ពិភពលោក​ជាច្រើន​បាន​នាំគ្នា​គិតពី​ការអភិវឌ្ឍ​ផ្លូវ​ធ្វើ​ដំណើរ​សម្រាប់​កង់​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​កង់​នឹង​បន្ត​កើនឡើង​ទៀត​ក្នុង​ត្រីមាស​ទី​ ២ នេះ ព្រោះ​ការកាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ (​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩) និង​ការធ្វើ​លំហាត់​ប្រាណ​ដោយ​ជិះ​កង់​នឹង​មិន​មាន​និន្នាការ​ធ្លាក់ចុះ​នោះទេ​»​។

ជាមួយ​នឹង​ភាពវិជ្ជមាន​ផ្នែក​ទីផ្សារ​នេះ​លោក លឹម ហេង បាន​អះអាង​ថា​នេះ​ជា​ឱកាស​សម្រាប់​ការវិនិយោគ​លើ​ការផលិត​កង់​នៅ​កម្ពុជា​សម្រាប់​នាំចេញ​ផងដែរ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក ហុង វណ្ណៈ បាន​និយាយ​ថា នា​អំឡុង​ពេលដែល​ការនាំចេញ​ផលិតផល​នៅលើ​ពិភពលោក​ភាគច្រើន​ត្រូវ​ធ្លាក់ចុះ​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​-១៩ ការនាំចេញ​កង់​ពី​កម្ពុជា​បែរ​ជា​កើនឡើង​ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាន​។

នេះ​ជា​សញ្ញា​ល្អ​ដែល​បញ្ជាក់ថា ការនាំចេញ​កង់​នឹង​បន្ត​ភាពរឹងមាំ​របស់ខ្លួន​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។ លោក​បន្តថា ដោយសារ​កង់​ត្រូវការ​គ្រឿង​ផ្គុំ​ផ្សេងៗ​ទៀត​នោះ ដូច្នេះ​បើ​ការនាំចេញ​កង់​មាន​បរិមាណ​ច្រើន តម្រូវការ​គ្រឿង​ផ្គុំ​ក៏​នឹង​មាន​ច្រើន​ដែរ​។

លោក​អះអាង​ថា​៖ «​ខណៈ​ការបញ្ជាទិញ​ទំនិញ​មួយ​ចំនួន​ត្រូវ​អ្នកបញ្ជា​ទិញ​លុបចោល​នា​អំឡុង​ត្រីមាស​ទី​ ១ ដោយសារ​ក្តីបារម្ភ​ពី​ជំងឺ​កូវីដ​ ១៩ ការនាំចេញ​កង់​ពី​ប្រទេស​កម្ពុជា​នៅ​រក្សាបាន​នូវ​ភាពវិជ្ជមាន​។ កំណើន​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។

បើ​តាម​លោក វណ្ណៈ ដោយសារ​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ​មួយ​ចំនួន​ត្រូវបាន​ហាមឃាត់​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​ផ្លូវដង្ហើម​កូវីដ​-១៩ ដូច្នេះ​តម្រូវការ​កង់​នឹង​មិន​ធ្លាក់ចុះ​ទេ​។

យោង​តាម​គេហទំព័រ​ Bike-EU.com ​ដែល​ជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កង់​ឈានមុខ​គេ​ទៅ​ EU ចាប់ផ្ដើម​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ដោយបាន​វ៉ា​ដាច់​កោះ​តៃវ៉ាន់​ដែល​បាន​កាន់តំណែង​នេះ​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​។

Bike-EU.com បាន​បង្ហាញ​ថា​កាលពី​ឆ្នាំ​ ២០១៧ កម្ពុជា​បាន​នាំចេញ​កង់​ជាង ១,៤២ ​លាន​គ្រឿង កើនឡើង ៩ ​ភាគរយ​ ធៀប​នឹង ១,២៩ ​លាន​គ្រឿង​កាលពី​ឆ្នាំ​ ២០១៦​។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​កង់​សរុប ១,៥២ លាន​គ្រឿង​ ទៅ​ទីផ្សារ​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់ ៣៣១ លាន​ដុល្លារ​។ ទំហំ​ទឹកប្រាក់​នេះ​បាន​ធ្វើឲ្យ​ការនាំចេញ​កង់​ទៅ​ទីផ្សារ​អឺរ៉ុប​ក្លាយ​ជា​ផលិតផល​សំខាន់​ទី​ ៣ របស់​កម្ពុជា​ទៅ​ទីផ្សារ​នោះ បន្ទាប់​ពី​សម្លៀកបំពាក់ និង​ស្បែកជើង​៕