ភ្នំពេញៈ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាក្នុងឆ្នាំ ២០២០ ត្រូវរំពឹងថានឹងកើនដល់ជាង ៥ លានតោន ខណៈក្នុងរយៈពេល ៥ ខែកន្លងមកសម្រេចបានជាង ១,៩ លានតោនកើនជាង ៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ ការនាំចេញផលិតផលកសិកម្មសរុបពីកម្ពុជាទៅទីផ្សារអន្តរជាតិមានចំនួន ៤,៨៧ លានតោន ក្នុងនោះជាង ៤ លានតោន ត្រូវបាននាំទៅកាន់បណ្តាប្រទេសអាស៊ានចំនួន ៤៣០ ពាន់តោន ទៅប្រទេសចិន ២៦១ ពាន់តោន ទៅទីផ្សារអឺរ៉ុប និង ១៣៥ ពាន់តោនទៅប្រទេសផ្សេងទៀត។
ប្រទេសទទួលទិញកសិផលពីកម្ពុជាមានជាង ៦០ ក្នុងនោះទីផ្សារសហភាពអឺរ៉ុបមាន ១៧ មុខ តំបន់អាស៊ានមាន ៤២ មុខ និងប្រទេសចិន ២៦ មុខ។
លោក ងិន ឆាយ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុនថា ការនាំចេញផលិតផលកសិផលកម្ពុជាសរុបនៅក្នុងឆ្នាំនេះរំពឹងថា នឹងកើនដល់ជាង ៥ លានតោន ព្រោះគ្រាន់តែក្នុងរយៈពេល ៥ ខែ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសចំនួន ១,៩ លានតោនរួចទៅហើយ ដោយមានកំណើន ៧,៣៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយការនាំចេញអង្ករមានកំណើនខ្ពស់ជាងគេ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ការនាំចេញឆ្នាំនេះនឹងមានចំនួនលើសពី ៥ លានតោន»។
តាមលោក ងិន ឆាយ ចំនួននាំចេញ ៤,៨៧ លានតោននេះគឺជាតួលេខផ្លូវការ ប៉ុន្តែការនាំចេញក្រៅផ្លូវការ គឺមានចំនួនច្រើនថែមទៀត។
លោកបន្ថែមថា វិស័យកសិកម្មនៅកម្ពុជាកំពុងមានការរីកចម្រើន ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់។
ទោះយ៉ាងណាលោកបញ្ជាក់ថា ទន្ទឹមនឹងកំណើននាំចេញនេះ អ្នកដាំដុះក៏មិនត្រូវភ្លេចពីការដាំដុះប្រកបដោយលក្ខណៈស្តង់ដា និងអនាម័យផងដែរ។
លោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា បើទោះបីពេលនេះខេត្តកណ្តាលមិនមានផ្ទៃដីដាំដុះច្រើនសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ប៉ុន្តែលោកគិតថាតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្ត និងពង្រឹងឯករាជ្យផ្នែកកសិកម្ម ទិន្នផលកសិផលកម្ពុជានឹងកើនឡើងខ្ពស់។
លោកនិយាយថា៖ «ការជំរុញ និងលើកទឹកចិត្តរបស់រដ្ឋាភិបាល និងក្រសួងកសិកម្ម ខ្ញុំគិតថា ការបង្កបង្កើនផលវិស័យកសិកម្មនៅកម្ពុជានឹងកើនឡើងខ្ពស់ជាងមុន»។
ការធ្លាក់ចុះផ្ទៃដីកសិកម្មក្នុងខេត្តកណ្តាលពេលនេះ ដោយសារតំបន់ខ្លះត្រូវបានកាត់ចូលរាជធានីភ្នំពេញ តំបន់កាន់តែច្រើនបានក្លាយជាលំនៅឋាន និងការសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើម។ នេះបើតាមលោក ទួន ស៊ីម៉ូណា។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែឧសភាថា លោក និងមន្ត្រីជំនាញកំពុងខិតខំលើកទឹកចិត្ត និងបង្កភាពងាយស្រួលដល់អ្នកវិនិយោគ ឬប្រជាកសិករក្នុងការពង្រីកការដាំដុះក្នុងវិស័យកសិកម្ម បើទោះបីលោកទទួលស្គាល់ថា កម្ពុជានៅមានកង្វះប្រព័ន្ធទឹកសម្រាប់ស្រោចស្រពក៏ដោយ។
លោកបន្តថា វិស័យកសិកម្មកំពុងដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ខណៈប្រទេសជាច្រើនកំពុងជួបប្រទះនឹងវិបត្តិកង្វះអាហារដែលបណ្តាលមកពីកូវីដ១៩។
តាមលោករដ្ឋមន្ត្រី ការពង្រីកវិស័យកសិកម្មនៅពេលនេះគឺមិនមែនផ្តោតតែលើការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតទៅលើការធ្វើវារីវប្បកម្ម និងចិញ្ចឹមសត្វផងដែរ៕ LA